កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Man Utd ថាការស្រែកចម្អកពីអ្នកគាំទ្រ​ពេលប្តូរ Hojlund ជាសញ្ញាវិជ្ជមាន
18, Sep 2023 , 3:14 pm        
រូបភាព
លោក Erk ten Hag អ្នកចាត់ការក្រុម Manchester United បានអះអាងថាការស្រែកចម្អក «Boo» ពីសំណាក់អ្នកគាំទ្រនៅពេលដែលមានការផ្លាស់ប្តូរខ្សែប្រយុទ្ធ Rasmus Hojlund ក្នុងការប្រកួតចាញ់ក្រុម Brighton & Hove Albion ៣-១ ជាសញ្ញាវិជ្ជមានសម្រាប់ក្លិប។


ក្រុមបិសាចក្រហម រងបរាជ័យយ៉ាងអាម៉ាស់ជាថ្មីម្តងទៀត នៅ Old Trafford ក្រោមថ្វីជើងក្រុម Brighton & Hove Albion ក្នុងការប្រកួត Premier League សប្តាហ៍ទី៥ នៅថ្ងៃទី១៦ ខែកញ្ញា។ ចាញ់ក្នុងផ្ទះបែបនេះ បានទម្លាក់សម្ពាធកាន់តែខ្លាំងឡើងសម្រាប់អ្នកចាត់ការសញ្ជាតិហូឡង់ ព្រមទាំងកីឡាករ។
 
យ៉ាងណាវត្តមានរបស់ខ្សែប្រយុទ្ធចំណូលថ្មី Hojlund បានក្លាយជារឿងវិជ្ជមានមួយពីសំណាក់អ្នកគាំទ្រ ដោយអ្នកគាំទ្រចង់តាមដានលើរូបគេ​ ព្រមទាំងពេញចិត្តនៅទម្រង់លេងរបស់គេ។ ការសម្រេចចិត្តរបស់លោក Ten Hag ប្តូរ Hojlund ចេញនៅនាទី៦៤ បានធ្វើឱ្យមានការខកចិត្តខ្លាំងទៅកាន់អ្នកគាំទ្រដែលកំពុងទស្សនាដោយផ្ទាល់។
  


ក្រោយការប្រកួតចាញ់លទ្ធផល ៣-១ លោក Ten Hag បាននិយាយក្នុងសន្និសីទកាសែតដូច្នេះថា ៖ «ខ្ញុំគិតថាវាគឺជាសញ្ញាវិជ្ជមាន អ្នកបានឃើញហើយថាអ្នកគាំទ្រយើងបែបនេះតាំងពីដំបូងនៅ Old Trafford ការទទួលស្គាល់ Hojlund បែបនេះគឺជារឿងដ៏អស្ចារ្យ។ ខ្ញុំគិតថាទម្រង់លេងរបស់គេពិតជាល្អខ្លាំងណាស់ ដូច្នេះខ្ញុំគិតថាវាជារឿងល្អ ដែលពួកគេបានផ្តល់សញ្ញាដល់យើង ហើយសារមួយនេះ គឺផ្តល់នូវទំនុកចិត្តដល់រូបគេ Hojlund ។»។
 
សម្រាប់ការផ្លាស់ប្តូរ Hojlund ចេញ អ្នកចាត់ការសញ្ជាតិហូឡង់បានអះអាងថាខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក មិនទាន់អាចលេងបានពេញម៉ោង ១០០ភាគរយឡើយ ខណៈរូបគេកំពុងតែកសាងទម្រង់លេងពេញលេញនៅក្នុងក្រុម។ លោក Ten Hag ថាខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ​ ត្រូវបានពេល ២ ទៅ ៣សប្តាហ៍បន្ថែមទៀត។
 
ការប្រកួតដែលត្រូវបានក្រុម Brighton នាំមុខដល់ទៅលទ្ធផល ៣-០ មុនពេលដែលខ្សែបម្រើ Hannibal Mejbri អាចស្វែងរកគ្រាប់បាល់ ១គ្រាប់ មកវិញ ប៉ុន្តែមិនសមល្មមសម្រាប់កែប្រែលទ្ធផលដល់ក្រុមម្ចាស់ផ្ទះឡើយ។ 
 
ចាប់ផ្តើមរដូវកាលថ្មីនេះ Man United ជួបបញ្ហាជាច្រើនដោយមានកីឡាករសំខាន់ៗរងរបួសដូចជា Raphael Varane, Lisandro Martinez, Luke Shaw, Tyrell Malacia, Mason Mount, Amad Diallo​ ជាដើម។ មិនត្រឹមតែប៉ុណ្ណោះក្លិបក៏បានជួបបញ្ហាលើកីឡាករខ្សែប្រយុទ្ធស្លាប Antony ក៏ត្រូវបានក្លិបឱ្យផ្អាកពីការងារក្លិបមួយរយៈ ដោយរូបគេកំពុងមានបញ្ហារឿងរ៉ាវអាស្រូវប្រើអំពើហិង្សាលើអតីតមិត្តស្រីរបស់គេ៕
 
 

Tag:
 Manchester United
  Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com