កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Getafe ថា Greenwood ព្រមចូលរួមក្រុមខ្លួន​ ក្រោយរូបគេបានប្រឹក្សាជាមួយ Bellingham
18, Sep 2023 , 5:39 pm        
រូបភាព
លោក Jose Bordalas អ្នកចាត់ការក្រុម Getafe នៃលីគកំពូល La Liga របស់អេស្ប៉ាញ បានអះអាងថា មូលហេតុដែលខ្សែប្រយុទ្ធ Mason Greenwood ទៅចូលរួមក្រុមខ្លួន ​ក្រោយកីឡាករ Manchester United រូបនេះបានជជែកជាមួយនឹងខ្សែបម្រើ Jude Bellingham ដែលទើបផ្លាស់ទៅ Real Madrid ដើមរដូវកាលនេះ។


Greenwood បានចូលរួមជាមួយនឹងក្រុម Getafe ក្រោមលក្ខខណ្ឌខ្ចីជើង ពីក្រុម Manchester United នៅថ្ងៃបិទទីផ្សារនៃក្របខណ្ឌ Premier League។ ការផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញ ជាការព្រមព្រៀងគ្នារវាងកីឡាករសញ្ជាតិអង់គ្លេស នឹងក្លិប Getafe  និងក្រោយពេលដែលតុលាការទម្លាក់បទចោទលើ Greenwood។
 
ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ ធ្លាប់បាននិយាយនៅក្នុងកិច្ចសម្ភាសមួយជាមួយនឹងទូរទស្សន៍ Sky Sports ថាការចាកចេញពីក្រុមបិសាចក្រហម គឺដើម្បីស្វែងរកឱកាសថ្មីក្នុងការបន្តអាជីពបាល់ទាត់ជាថ្មី ក្រោយអវត្តមានលើស្មៅមួយរយៈពេលវែង។ 
  


ខកខានបង្ហាញខ្លួនឱ្យក្រុម Man United តាំងពីឆ្នាំ ២០២១ Greenwood មានបញ្ហាដោយសារតែរឿងអាស្រូវនៃការប៉ុនប៉ងរំលោភ និងប្រើហិង្សាលើអតីតមិត្តស្រីរបស់គេ។ រឿងអាស្រូវធ្វើឱ្យអ្នកគាំទ្រជាច្រើនរិះគន់រូបគេយ៉ាងខ្លាំង រហូតត្រូវបានក្លិបដករូបគេចេញពីក្រុម។ 
 
​កីឡាករសញ្ជាតិអង់គ្លេសទើបបង្ហាញខ្លួនលើកដំបូងនៅក្រុម Getafe ក្នុងជ័យជម្នះលើក្រុម Osasuna លទ្ធផល ៣-២ នាថ្ងៃទី១៧ ខែកញ្ញា​ ត្រូវបានអ្នកចាត់ការក្រុមលោក Bordalas អះអាងពីមូលហេតុថា រូបគេបានទទួលយោបល់ពីសំណាក់ Jude Bellingham របស់ក្លិប ​Real Madrid សម្រាប់ការផ្លាស់មកប្រទេសអេស្ប៉ាញ។
 
«Greenwood គឺជាមិត្តភក្កិ​ Bellingham ហើយគេបានផ្តល់យោបល់ដល់ Greenwood ក្នុងការផ្លាស់មកកាន់ក្របខណ្ឌនៃប្រទេសអេស្ប៉ាញ។ Greenwood នឹងមិនមកទីនេះនោះទេ បើសិនគេមិនបានជជែកជាមួយនឹង​ Bellingham។»។ លោក Bordalas បាននិយាយបែបនេះក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត។
 
ចំពោះការមកដល់របស់ Greenwood ក្លិប Getafe បានបង្ហាញក្តីរីករាយ ដោយក្លិបបានផ្សព្វផ្សាយពីវត្តមានរបស់គេយ៉ាងទូលំទូលាយនៅលើប្រព័ន្ធបណ្តាញសង្គមនានា។ ការមកដល់ទឹកដីអេស្ប៉ាញក៏មានប្រតិកម្មខ្លះៗដែរពីសំណាក់អ្នកគាំទ្រ ចាប់តាំងពីរូបគេបានមកដល់កីឡដ្ឋាន Estadio Coliseum Alfonzo Perez។ 
 
ដោយឡែក Jude Bellingham វ័យ ២០ឆ្នាំ ដែលផ្លាស់ទៅកាន់ក្លិប Real Madrid ក្នុងតម្លៃប្រមាណជាង ១០៣លានអឺរ៉ូ (១១៥លានដុល្លារ) កំពុងតែបង្ហាញទម្រង់លេងល្អខ្លាំងសម្រាប់ក្រុមថ្មីរបស់គេ។ ដោយឆ្លងកាត់ការប្រកួតចំនួន ៥លើកកន្លងមកនេះរូបគេបន្តរកបានគ្រាប់បាល់ជាបន្តបន្ទាប់ ក៏ដូចជាបង្កើននូវទម្រង់លេងបានយ៉ាងល្អរហូតបន្តយកឈ្នះការប្រកួតជាប់ៗគ្នា៕
 

Tag:
 Mason Greenwood
  Getafe
© រក្សាសិទ្ធិដោយ thmeythmey.com