កីឡាអន្តរជាតិ
អន្តរជាតិ
វត្តមាន Ronaldo, Benzema, Neymar នឹងធ្វើឱ្យកក្រើក AFC Champions League នៅសប្តាហ៍នេះ
18, Sep 2023 , 10:19 pm        
រូបភាព
ការប្រកួតក្របខណ្ឌបាល់ទាត់កំពូលអាស៊ី AFC Champions League រដូវកាល ២០២៣-២៤ កំពុងកើនការចាប់អារម្មណ៍ឡើងវិញ ខណៈដែលការប្រជែងមួយនេះនឹងមានកីឡាករល្បីៗមកពីតំបន់អឺរ៉ុបត្រៀមបង្ហាញខ្លួនលើកដំបូង។  Cristiano Ronaldo ដែលធ្លាប់ឈ្នះ UEFA Champions League ៥សម័យនឹងចាប់ផ្តើមភារកិច្ចរបស់គេសម្រាប់ពានរង្វាន់កំពូលក្នុងទ្វីបអាស៊ី នៅថ្ងៃទី១៩ ខែកញ្ញា ពេលដែល Al Nassr ត្រូវជួប Persepolis របស់អ៊ីរ៉ង់។


កាលនៅអឺរ៉ុប Ronaldo ធ្លាប់ឈ្នះពានរង្វាន់ UEFA Champions League ៥សម័យ ដោយជាមួយនឹងក្លិប Manchester United ១លើក និងជាមួយ Real Madrid ៤លើក មុនផ្លាស់ទៅលីគអារ៉ាប៊ីសាអូឌីត។ ក្រៅពីប្រធានក្រុមព័រទុយហ្កាល់រូបនេះ មានកីឡាករល្បីៗមួយចំនួនទៀតដែលបានផ្លាស់ទៅកាន់ក្លិបកំពូលនៅអារ៉ាប៊ីសាអូឌីត នឹងបង្ហាញវត្តមាន ក៏ដូចជាបង្កើនការចាប់អារម្មណ៍ជាថ្មីម្តងទៀតដល់ការប្រជែងពានរង្វាន់ក្លិបកំពូលទ្វីបអាសស៊ី AFC Champions League រដូវកាល ២០២៣-២៤ ដែលនឹងចាប់ផ្តើមក្នុងសប្តាហ៍នេះ។
 
ក្រុម Al Nassr ជាក្លិបមួយក្នុងចំណោមក្លិបទាំង ៤០ មកពីក្របខណ្ឌកំពូលចំនួន ២០ ទូទាំងទ្វីបអាស៊ី ដែលត្រូវបានបែងចែកទៅជា ១០ពូល ត្រូវប្រជែងគ្នាចាប់ពីថ្ងៃទី១៨ ខែកញ្ញានេះតទៅ។ Al Nassr ស្ថិតក្នុងពូល E ដែលមានក្រុមដូចជា​ Persepolis, Al Duhail FC និង FC Istiklol។



ក្រុមដែលគ្រងជើងឯក AFC Champions League 2023-24 នឹងទទួលបានប្រាក់រង្វាន់ចំនួន ៤លានដុល្លារ។ តម្លៃនៃប្រាក់រង្វាន់នេះ ហាក់មិនសមនឹងតម្លៃនៃការចំណាយរបស់ក្លិបមួយចំនួនដែលមកពីប្រទេសអារ៉ាប៊ីសាអូឌីត ទៅលើកីឡាករល្បីៗដែលពួកគេបាននាំយកមក។ 
 
កីឡាករល្បីៗពីអឺរ៉ុបទាំងនេះក៏នឹងជំរុញឱ្យលីគកំពូលអារ៉ាប៊ីសាអូឌីត ក្លាយជាលីគកំពូលដ៏ខ្លាំងមួយក្នុងចំណោមលីគកំពូលទូទាំងទ្វីបអាស៊ី។
  


ជាក់ស្តែងក្លិប Al Hilal ម្ចាស់ជើងឯក AFC Champions League ៤សម័យ ច្រើនជាងក្លិបណាទាំងអស់ក្នុងទ្វីបអាស៊ី មាន Neymar ដែលទើបផ្ទេរមកតម្លៃ ៩០លានអឺរ៉ូ (៩៥,៥លានដុល្លារ) កាលពីខែសីហា ក៏នឹងត្រូវបង្ហាញខ្លួនតទល់នឹងក្រុមមកពីប្រទេស អ៊ូសបេគីស្ថាន Navbahor ក្នុងពូល D នាថ្ងទី១៨ ខែកញ្ញា។ Ah Hilal នឹងត្រូវប្រជែងជាមួយក្រុម ២ផ្សេងទៀតដូចជា ​Mumbai City និង Nassaji Mazandaran ក្នុងពូល D ជាមួយគ្នានេះដែរ។
 
ក្រៅពី Al Nassr និង Al Hilal ដែលនឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅការប្រកួត AFC Champions League ក្លិប Al Ittihad ម្ចាស់ជើងឯកលីគកំពូលអារ៉ាប៊ីសាអូឌីត និងជាម្ចាស់ពានរង្វាន់ក្លិបកំពូលអាស៊ីឆ្នាំ ២០០៥ ក៏ត្រូវប្រកួតប្រជែងដូចគ្នាដែរ។ Al Ittihad ត្រូវជួបក្រុមមកពីអ៊ូសបេគីស្ថាន AGMK មុនពេលទៅប៉ះក្រុម Sepahan និងក្រុម ​Air Force របស់អ៊ីរ៉ង់។



ក្រុមមកពីអារ៉ាប៊ីសាអូឌីតទាំង ៣ ត្រូវបានបានគេរំពឹងថា នឹងក្លាយជាក្រុមដែលមានឥទ្ធិពលខ្លាំងនៅតំបន់អាស៊ីភាគខាងលិច ក្នុងការដណ្តើមយកពានរង្វាន់ ACL នេះសារជាថ្មី ខណៈដែលក្រុមស្ថិតក្នុងប្រទេសជប៉ុន និងស្ថិតនៅក្នុងតំបន់អាស៊ីខាងកើតក៏ជាជើងខ្លាំងមួយផងដែរនៅក្នុងទ្វីបអាស៊ី។
 
ការប្រកួតវគ្គចែកពូលនឹងចាប់ផ្តើមពីថ្ងៃទី១៨ ខែកញ្ញា នេះទៅ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ខណៈដែលវគ្គជម្រុះ ១៦ក្រុម នឹងចាប់ផ្តើមពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ វគ្គផ្តាច់ព្រ័ត្រនឹងប្រកួតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែឧសភា ហើយដែលជាការប្រកួតពីរជើង ក្នុងទឹកដី និងក្រៅទឹកដី៕
 

Tag:
 Cristiano Ronaldo
  Neymar Jr
  AFC Champions League
© រក្សាសិទ្ធិដោយ thmeythmey.com