កីឡាអន្តរជាតិ
អន្តរជាតិ
AFC Champions League ៖ Neymar បង្ហាញខ្លួនលើកដំបូង ខណៈក្រុម Al Hilal ស្មើ Navbahor
19, Sep 2023 , 11:29 am        
រូបភាព
Neymar Jr ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានបង្ហាញខ្លួនលើកដំបូងនៅក្នុងពានរង្វាន់ក្លិបបាល់ទាត់កំពូលអាស៊ី AFC Champions League ស្របពេល Al Hilal ស្មើក្រុមពីអ៊ូសបេគីស្ថាន Navbahor ១-១ ក្នុងជំនួបបើកឆាកពូល D នាថ្ងៃទី១៨ ខែកញ្ញា នៅក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។


Al Hilal ម្ចាស់ជើងឯក AFC Champions League ៤សម័យ បើទោះជាបង្ហាញភាពខ្លាំងរបស់ខ្លួនគ្របដណ្តប់លើការប្រកួតលើក្រុមភ្ញៀវ Navbahor យ៉ាងណាក្តី ក៏ពួកគេមិនអាចស្វែងរកឱកាសស៊ុតរកគ្រាប់បាល់ជ័យជម្នះបានឡើយ។ ភ្ញៀវ Navbahor មានឱកាសបើកការនាំមុខលើម្ចាស់ផ្ទះមុននៅនាទី៥៨ ដោយកីឡាករខ្សែប្រយុទ្ធ Toma Tabatadze ហើយដាក់សម្ពាធខ្លាំងលើ Al Hilal។
 
ដណ្តើមបាន ១ពិន្ទុមកវិញ ក្រុមជើងខ្លាំងនៃលីគអារ៉ាប៊ីសាអូឌីត ​ព្យាយាមវាយសម្រុកខ្លាំងឡើងនៅចុងវគ្គ ពោលគឺនៅក្នុងនាទីបន្ថែម ៩០+១០ ហៀបបញ្ចប់ការប្រកួតទៅហើយទើបខ្សែការពារ Ali Al Boleahi រកបានគ្រាប់បាល់តាមស្មើ​ ១-១ សម្រាប់ Al Hilal។
 
សម្រាប់ Neymar Jr ការប្រកួតទល់នឹងក្រុម Navbahor គឺជាការប្រកួតទីពីររបស់គេហើយសម្រាប់ក្លិបស្ថិតក្នុងក្របខណ្ឌ Saudi Pro League ហើយក៏ជាការបង្ហាញខ្លួនលើកដំបូងរបស់គេផងដែរក្នុងពានរង្វាន់ក្លិបកំពូលរបស់អាស៊ី AFC Champions League ក្នុងរដូវកាល ២០២៣-២៤។ 
 
ទោះស្ថិតនៅក្នុងជម្រើស ១១នាក់ដំបូងសម្រាប់ក្រុម ប៉ុន្តែតារាបាល់ទាត់ប្រេស៊ីលនៅមិនទាន់អាចស្វែងរកគ្រាប់បាល់លើកដំបូងនៅក្រុមថ្មីនៅឡើយ ដោយគេបានត្រឹមតែបញ្ជូនបាល់ ១គ្រាប់ឱ្យមិត្តរួមក្រុមស៊ុត នៅក្នុងការប្រកួត Al Hilal យកឈ្នះលើក្រុម Al Riyadh លទ្ធផល ៦-១។ Neymar លេងបាន ២៥នាទីតែប៉ុណ្ណោះក្នុងការប្រកួតនោះ។
 
ក្លិប​ ​Al-Hilal ជាក្លិបដ៏ជោគជ័យមួយក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងក្នុងទ្វីបអាស៊ី ដោយក្លិបនេះបានឈ្នះពានរង្វាន់ក្នុងស្រុកប្រមាណចំនួន ៦៦ពានរង្វាន់ និងបានកាន់កាប់កំណត់ត្រាជាក្លិបឈ្នះ AFC Champions League ច្រើនជាងគេចំនួន ៤លើក និងជើងឯកលីគកំពូលអារ៉ាប៊ីសាអូឌីតចំនួន ១៨លើក។ Al-Hilal ជាក្លិបមួយស្ថិតក្រោមគម្រោងមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) ក្នុងការអភិវឌ្ឍន៍វិស័យបាល់ទាត់អារ៉ាប៊ីសាអូឌីត៕
 
ខាងក្រោមនេះជាលទ្ធផលការប្រកួតរបស់ក្រុមដទៃផ្សេងទៀតក្នុង ACL៖ 
 
ពូល B ក្លិប Al Sadd ស្មើ ០-០ Sharjah Cultural Club
ការប្រកួតក្រុមដទៃទៀតនៃជំនួប ACL ដែលនឹងធ្វើឡើងនាថ្ងៃទី១៩ ខែកញ្ញា៖
 
ពូល A 
Pakhtakor Tashkent ជួប Al Ain វេលាម៉ោង ៩យប់
Ahal ជួប ​Al Feiha វេលាម៉ោង ១១យប់
 
ពូល E 
FC Istiklol ជួប Al Duhail SC វេលាម៉ោង ១១យប់
Persepoli ជួប Al Nassr វេលាម៉ោង ១យប់
 
ពូល G 
Yokohamam F.Marinos ជួប Incheon United វេលាម៉ោង ៥ល្ងាច
Kaya FC ​ជួប Shandong Taishan វេលាម៉ោង ៧យប់
 
ពូល I 
Ulsan Hyundai ជួប BG Pathum United វេលាម៉ោង ៥ល្ងាច
Johor Darul Ta’zim FC ជួប Kawasaki Frontale វេលាម៉ោង ៧យប់។
 

Tag:
 Neymar Jr
  Al Hilal
  AFC Champions League
© រក្សាសិទ្ធិដោយ thmeythmey.com