កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ទទួលបានការស្វាគន៍លើសលប់ពីអ្នកគាំទ្រអ៊ីរ៉ង់ តែសោកស្តាយជំនួប Al Nassr-Persepolis ត្រូវបិទទ្វារ
19, Sep 2023 , 3:59 pm        
រូបភាព
ហ្វូងអ្នកគាំទ្របាល់ទាត់នៃប្រទេសអ៊ីរ៉ង់ បានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅដល់ខ្សែប្រយុទ្ធ Cristiano Ronaldo នាថ្ងៃទី១៨ ខែកញ្ញា ពេលដែលក្រុម Al Nassr បានធ្វើដំណើរទៅដល់ទីក្រុងតេហេរ៉ង់សម្រាប់ការប្រកួតពានរង្វាន់ AFC Champions League រដូវកាល ២០២៣-២៤។


Al Nassr នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Persepolis សម្រាប់ការប្រកួត ACL ដែលត្រូវធ្វើឡើងលើកដំបូងសម្រាប់ការប្រកួតក្នុងទឹកដី និងក្រៅទឹកដី ចាប់តាំងពីឆ្នាំ ២០១៦ រវាងប្រទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។ កាលពីមុនក្រុមដែលមកពីប្រទេសទាំងពីរត្រូវរៀបចំការប្រកួតនៅទឹកដីកណ្តាល ក្នុងប្រទេសទី៣។
 
អ្នកគាំទ្របានស្រែកច្រៀងឈ្មោះរ​ Ronaldo ​ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ នឹងម្ចាស់ពានរង្វាន់កីឡាករល្អបំផុតលើពិភពលោក ៥ឆ្នាំ ដែលបានឈានជើងទៅដល់ក្នុងទីក្រុងតេហេរ៉ង់ ជាមួយនឹងសមាជិកក្រុម Al Nassr



ទីក្រុងតេហេរ៉ង់ មានសភាពមនុស្សអ៊ូអរ ខណៈដែលអ្នកគាំទ្រយ៉ាងច្រើនរង់ចាំដោយអន្ទះសារដើម្បីបានឃើញ ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ ដើរចេញពីព្រលានយន្តហោះ ​Iman Khomeini របស់ប្រទេសអ៊ីរ៉ង់។ ហ្វូងមនុស្សអ្នកគាំទ្រច្រើនរូប បានបន្តដើរតាមដងផ្លូវក្នុងទីក្រុងតាមរថយន្តក្រុងនៃក្រុម Al Nassr រហូតទៅដល់សណ្ឋាគារ ដែលក្រុមត្រូវស្នាក់។
 
«វាពិតជាអារម្មណ៍ដ៏ល្អមួយ ហើយយើងបានរីករាយជាមួយវា។ យើងបានឃើញអ្នកគាំទ្រអ៊ីរ៉ង់ជាច្រើនពាន់នាក់ បានកាន់អាវក្រុម Al Nassr ដែលជាព្រឹត្តិការណ៍ដ៏រីករាយមួយសម្រាប់យើង។»។ លោក Luis Castro អ្នកចាត់ការទូទៅ  Al Nassr បាននិយាយក្នុងសន្និសីទកាសែតបែបនេះ។
 
នៅពីមុខច្រកចូលសណ្ឋាគារr អ្នកគាំទ្រច្រើននាក់បន្តស្រែកច្រៀងដោយភ្ជាប់ឈ្មោះរបស់ Ronaldo ពេញៗមាត់ ហើយមិនត្រឹមតែប៉ុណ្ណោះ ផ្ទាំងបដាដែលមានរូបរបស់អតីតខ្សែប្រយុទ្ធក្រុម ​Manchester United, Real Madrid លាយឡំជាមួយនឹងអក្សរ«ស្វាគមន៍» ជាភាសាអារ៉ាប់ បានបញ្ឈរនៅតាមដងវិថីនៃទីក្រុងតេហេរ៉ង់។
 
យ៉ាងណា ជារឿងខកចិត្តខ្លាំងមួយសម្រាប់អ្នកគាំទ្រនៃប្រទេសអ៊ីរ៉ង់ ដោយការប្រកួតដែលនឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Azadi ដែលអាចផ្ទុកអ្នកទស្សនាប្រមាណ ៩ម៉ឺននាក់ មិនអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាឡើយ។
 
បើតាមចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP ការហ្វឹកហាត់របស់ក្រុម Al Nassr ត្រូវបានលុបចោលព្រោះតែអ្នកគាំទ្ររាប់រយនាក់ព្យាយាមសម្រុកចូលកន្លែងទីលានហ្វឹកហាត់ ព្រោះតែចង់ឃើញ Ronaldo។
 
សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC បានកំណត់ការប្រកួតនេះដោយត្រូវលេងដោយបិទទ្វារកីឡដ្ឋាន ដែលជាការដាក់ទណ្ឌកម្មចំពោះការបង្ហោះនៅលើបណ្តាញសង្គមអ៊ិនធឺណិតដ៏ចម្រូងចម្រាសមួយរវាងក្រុម Persepolis ទល់ក្រុមមួយមកពីប្រទេសឥណ្ឌាកាលពីឆ្នាំ ២០២១ នៃការប្រកួត ACL។
 
ចំពោះការប្រកួតដោយគ្មានអ្នកគាំទ្រចូលទស្សនានេះ គ្រូបង្វឹកក្រុមទាំងសងខាងលោក Castro គ្រូបង្វឹក Al Nassr និងលោក Yahya Golmohammadi គ្រូបង្វឹកក្រុម Persepolis ចាត់ទុកថាការប្រកួតគ្មានរសជាតិពិតនៃបាល់ទាត់។
 
ទៅដល់ទឹកដីប្រទេសអ៊ីរ៉ង់ ​Ronaldo និងមិត្តរួមក្រុមរបស់គេ ត្រូវបានដាក់ឱ្យស្ថិតក្រោមការការពារយ៉ាងតឹងរឹងបំផុត​។ បើតាមគេហទំព័រកីឡា ​Varzesh 3 ក្រុម Al Nassr ត្រូវបានការពារដោយក្រុមកងអង្គរក្សពិសេសដែលមានឯកទេសក្នុងការធានាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី៕

Tag:
 Cristiano Ronaldo
  Al Nassr
  AFC Champions League
© រក្សាសិទ្ធិដោយ thmeythmey.com