កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ AC Milan ប៉ះ Newcastle ជាជំនួបដំបូងក្នុងប្រវត្តិសាស្ត្រ
19, Sep 2023 , 8:59 pm        
រូបភាព
ព្រឹត្តិការណ៍ពានរង្វាន់ UEFA Champions League បានវិលត្រលប់មកវិញហើយ សម្រាប់វគ្គចែកពូលសប្តាហ៍ដំបូង នាថ្ងៃទី១៩ ខែកញ្ញា។ ជំនួបថ្ងៃបើកឆាកក្រុម AC Milan នឹងត្រូវស្វាគមន៍ក្រុម Newcastle United ដែលជាការជួបគ្នាដំបូងក្នុងប្រវត្តិសាស្ត្រពានរង្វាន់អឺរ៉ុប ក្នុងជំនួបបើកឆាកពូល F ស្របពេល Young Boys ទទួលក្រុម RB Leipzig នៃពូល G វេលាម៉ោង ១១:៤៥យប់ (ម៉ោងនៅកម្ពុជា) ដំណាលគ្នា។


ការប្រកួតក្នុងពូល F ក្រុម Newcastle United ដែលស្ថិតក្រោមការដឹកនាំរបស់លោក Eddie Howe បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីសម្រាប់ត្រៀមខ្លួនប្រកួតប្រជែងក្នុងពានរង្វាន់ UCL សារជាថ្មីក្រោយខកខាន រយៈពេល ២០ឆ្នាំ។ AC Milan នឹងបើកទ្វារកីឡដ្ឋាន San Siro ស្វាគមន៍ក្រុមសារិកាព្រៃរបស់អង់គ្លេស។
 
សម្រាប់ការប្រកួពានរង្វាន់ក្របខណ្ឌកំពូលអឺរ៉ុប លោក Howe ដែលជាគ្រូបង្វឹកក្រុមកំពុងឡើងជើង Newcastle ចាត់ទុកថាជារឿងដ៏មានមោទកភាពបំផុត។ លោក Howe បាននិយាយដូច្នេះថា ៖ « វាគឺជាការប្រកួតបាល់ទាត់ ដ៏អស្ចារ្យ ដែលយើងត្រូវតែខិតខំ។ ពិតណាស់ វាជាការប្រកួតដ៏ពិសេស ដូច្នេះហើយយើងត្រូវធ្វើឱ្យបានល្អនូវអ្វីដែលជាភាពខ្លាំងរបស់យើង។»។
  


ស្ថិតក្នុងការប្រជែង Champions League នេះក្រុម AC Milan ជាក្រុមមួយដែលមានកេរ្តិ៍ឈ្មោះធ្លាប់ល្បីល្បាញខ្លាំងបំផុត ដោយគ្រងជើងឯកក្របខណ្ឌអឺរ៉ុបចំនួន ៧សម័យ ច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីក្រុម Real Madrid ដែលជាម្ចាស់ជើងឯក ១៤សម័យកាល ។ AC Milan បានគ្រងជើងឯក Champions League ចុងក្រោយ នៅពេល Newcastle United បានចូលរួមចុងក្រោយដែរក្នុងរដូវកាល ២០០២-០៣។
 
ក្លាយជាក្រុមដែលទើបវិលត្រលប់មកការប្រកួតប្រជែងសារជាថ្មី ហើយធ្លាក់ចូលទៅក្នុងការប្រកួតប្រជែងក្នុងពូលដ៏តានតឹងដោយរួមមានក្រុមខ្លាំងៗដូចជា Paris Saint Germain, Borussia Dortmund ជាដើម។ ក្រុមសារិកាព្រៃនឹងត្រូវឆ្លងកាត់ក្រុម AC Milan ដែលជាក្រុមចំណាត់ថ្នាក់លេខ ៤ រដូវកាលមុនជាមុនសិនសម្រាប់ជើងទីមួយនេះ។ ក្រុមទាំងពីរនឹងត្រូវប៉ះគ្នាលើកដំបូងបង្អស់ប្រចាំប្រវត្តិសាស្ត្រ។
  


​ជំនួបដ៏តានតឹងមួយគូបន្ថែមទៀតនៃពូល F ក្រុម Paris Saint Germain នឹងត្រូវបើកទ្វារផ្ទះកីឡដ្ឋាន Parc de Princes ទទួលក្រុមជើងខ្លាំងមកពីអាល្លឺម៉ង់ Borussia Dortmund។ នេះជាការប្រកួតវគ្គចែកពូលដែលជាការប៉ះគ្នាសារជាថ្មីម្តងទៀត ដោយក្រុមទាំងពីរធ្លាប់បានប៉ះគ្នា ២ដង រួចមកហើយនៅក្នុង UCL នេះ កាលពីរដូវកាល ២០២០-២១។
 
ដោយឡែកការប្រកួតវេលាម៉ោង ១១:៤៥យប់ ទន្ទឹមគ្នា ក្រុម Young Boys របស់ស្វ៊ីសនឹងត្រូវបើកទ្វារកីឡដ្ឋាន Stade de Suisse ស្វាគមន៍ក្រុមភ្ញៀវដែលតែងមានវត្តមានមិនចេះដាច់រយៈពេលជាង ៥រដូវកាល RB Leipzig មកពីអាល្លឺម៉ង់ សម្រាប់ជំនួបបើកឆាកពូល G ជើងទីមួយ។ Young Boys និង​ RB Leipzig ក៏នឹងក្លាយជាគូប្រជែងដែលត្រូវប៉ះគ្នាលើកដំបូងបង្អស់ប្រចាំប្រវត្តិសាស្ត្រនៃក្រុមទាំងពីរផងដែរ។
 
ការប្រកួតវគ្គចែកពូលដទៃផ្សេងទៀតនៃ UCL ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៩ ខែកញ្ញា៖
 
ពូល E 
ក្រុម Feyenoord ទទួល Celtic
ក្រុម Lazio ទទួល Atletico Madrid
 
ពូល G
ក្រុម Manchester City ទទួល ​FK Crvena Zvezda
 
ពូល H
ក្រុម Barcelona ទទួល Royal Antwerp
ក្រុម Shakhtar Donetsk ទទួល FC Porto៕
 

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com