កីឡាអន្តរជាតិ
អន្តរជាតិ
ACL៖ Ronaldo អរគុណអ្នកគាំទ្រអ៊ីរ៉ង់ ក្រោយជួយ Al Nassr ឈ្នះ Persepolis នាការបង្ហាញខ្លួនដំបូង
20, Sep 2023 , 12:29 pm        
រូបភាព
Cristiano Ronaldo បង្ហាញក្តីរីករាយចំពោះលទ្ធផលនៃការប្រកួតជំនួបពានរង្វាន់ AFC Champions League (ACL) លើកដំបូងរបស់ខ្លួន ខណៈជួយក្រុម Al Nassr យកឈ្នះ Persepolis លទ្ធផល ២-០ ក្នុងទីក្រុងតេហេរ៉ង់ នាថ្ងៃទី១៩ ខែកញ្ញា។ ក្រោយឈ្នះការប្រកួត ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ ក៏បានអរគុណដល់ការគាំទ្ររអ៊ីរ៉ង់ ដែលស្វាគមន៍ខ្លួនយ៉ាងច្រើនកុះករ។


តារាបាល់ទាត់ព័រទុយហ្កាល់ ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ ព្រមទាំងជាប្រធានក្រុម Al Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីត បានដឹកនាំមិត្តរួមក្រុម ប្រកួតទទួលបានជ័យជម្នះដំបូង ក្នុងវគ្គសន្សំពិន្ទុពូល E ពានរង្វាន់ ACL។
 
ការប្រកួតដែលធ្វើឡើងក្នុងកីឡដ្ឋាន Azadi នាទីក្រុងតេហេរ៉ង់ ត្រូវបានធ្វើឡើងដោយបិទទ្វារ បន្ទាប់ពីសហព័ន្ធបាល់ទាត់អាស៊ី (AFC) ដាក់ទណ្ឌកម្មហាមឃាត់ ១ប្រកួត សម្រាប់ក្រុម Persepolis ចំពោះការបង្ហោះដោយចម្រូងចម្រាសលើបណ្តាញសង្គមអ៊ិនធឺណិតទល់ក្រុមមួយមកពីប្រទេសឥណ្ឌាកាលពីឆ្នាំ ២០២១។
 
ការជួយបង្កើតឱកាស ដើម្បីរកបានគ្រាប់បាល់ពីសំណាក់ Ronaldo ធ្វើឱ្យក្រុមរកបាន ២គ្រាប់នៅក្នុងវគ្គទីពីរ ត្រឹមរយៈពេល ១០នាទី ដោយកីឡាករ Abdulrahman Ghareeb ស៊ុតគ្រាប់ទីមួយនៅនាទី៦២ មុនពេលកីឡាករ Mohammed Qasem ស៊ុតគ្រាប់ទីពីរនៅនាទី៧២។
 
ជំនួបជាប្រវត្តិសាស្ត្ររវាងក្លិបមកពីប្រទេសអារ៉ាប៊ីសាអូឌីត ទល់នឹងអ៊ីរ៉ង់ បានកើតឡើងសារជាថ្មីដោយចាប់តាំងពីឆ្នាំ ២០១៦ មក ដោយប្រទេសទាំងពីរត្រូវបានហាមឃាត់ដោយសារបញ្ហាការទូត រហូតត្រូវបាន AFC ដាក់បម្រាម។ កាលដើមខែកញ្ញា AFC បានប្រកាសលុបចោលបម្រាមសម្រាប់ការប្រកួតស្ថិតក្រោមសហព័ន្ធនៃប្រទេសទាំងពីរ។
 
រយៈពេល ៧ឆ្នាំ នៃការផ្តាច់ចំណងការទូតនៃប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ក្រុមដែលមកពីប្រទេសទាំងពីរដែលត្រូវបានប៉ះគ្នា ក្នុងជំនួប AFC Champions League ក្រុមទាំងនោះនឹងត្រូវប្រកួតនៅទឹកដីអព្យាក្រឹត ប្រទេសទី៣។
 
ទម្រង់លេងនៃក្រុម ​Al Nassr បានកើតឡើងគួរឱ្យកត់សម្គាល់ នាការពេលកន្លងមក បន្ទាប់ពីក្រុមមួយនេះបាននាំយកកីឡាករល្បីៗជាច្រើនមកពីតំបន់អឺរ៉ុប ដើម្បីពង្រឹងក្រុម។​ ក្រោយឈ្នះការប្រកួតខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម អបអរ ក៏ដូចជាអរគុណទៅកាន់អ្នកគាំទ្រនៃប្រទេសអ៊ីរ៉ង់។
 
«ពិតជាអស្ចារ្យដែលបានយកឈ្នះនៅថ្ងៃនេះ។ វាពិតជាពិសេស អរគុណដល់អ្នកគាំទ្រ ជាពិសេសទៅកាន់ប្រជាជនអ៊ីរ៉ង់ដែលបានធ្វើឱ្យការធ្វើដំណើរទស្សនកិច្ចមួយនេះពិតជាពិសេសសម្រាប់យើង។ នេះពិតជាការស្វាគមន៍ដ៏កក់ក្តៅ។»។ Ronaldo បានបង្ហោះនៅលើបណ្តាញសង្គមបែបនេះ៕
 

Tag:
 Cristiano Ronaldo
  Al Nassr
  AFC Champions League
© រក្សាសិទ្ធិដោយ thmeythmey.com