កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Newcastle រកបាន១ពិន្ទុក្នុងការបង្ហាញមុខជាថ្មី ខណៈ Barca, Man City, PSG ឈ្នះរៀងខ្លួន
20, Sep 2023 , 2:29 pm        
រូបភាព
ក្រុម Newcastle United រកបាន ១ពិន្ទុក្នុងការបង្ហាញខ្លួនដំបូងនៅ UEFA Champions League ក្រោយស្មើម្ចាស់ផ្ទះ AC Milan ០-០ ក្រោយខកខានរយៈពេល ២០ឆ្នាំ។ រីឯក្រុមខ្លាំងៗដូចជា Barcelona, Manchester City និង Paris Saint Germain សុទ្ធសឹងតែឈ្នះការប្រកួតរៀងខ្លួន សម្រាប់ការប្រកួតប្រជែងសប្តាហ៍ដំបូង។


ការវិលត្រលប់សារជាថ្មីក្រោយបាត់មុខ ២០ឆ្នាំ ក្រុមសារិកាព្រៃ បានបង្ហាញសមត្ថភាពទប់ទល់ក្រុម AC Milan រហូតរកបាន ១ពិន្ទុ ដើម្បីជាការអបអរការវិលត្រលប់មកវិញនេះ។ AC Milan ជាក្រុមចំណាត់ថ្នាក់លេខ ៤ នៅរដូវកាលមុន ក៏បានវាយសម្រុកខ្លាំងលើក្រុមមកពីអង់គ្លេស ប៉ុន្តែរនាំងដ៏រឹងនាំនៃខ្សែការពាររបស់ក្រុមក៏ដូចជាអ្នកចាំទី Nick Pope ជួយសង្គ្រោះមិនឱ្យក្រុមម្ចាស់ផ្ទះស៊ុតបំប៉ោងសំណាញ់ទីបានដោយងាយស្រួល។
 
ការប្រកួតឈានចូលដល់នាទីចុងម៉ោងហៀបបញ្ចប់ការប្រកួតទៅហើយ ខ្សែប្រយុទ្ធ Rafael Leao បង្កកំហុស ខកខានការស៊ុតបញ្ជូលទីសម្រាប់ក្រុម AC Milan យកឈ្នះការប្រកួតក្នុងដី ដែលអនុញ្ញាតឱ្យ Newcastle ចាកចេញដោយមានពិន្ទុក្នុងដៃត្រលប់មកអង់គ្លេសវិញ។

ដោយឡែកក្រុម Barcelona របស់អេស្ប៉ាញចាប់ផ្តើមការប្រកួតវគ្គចែកពូលរបស់ខ្លួនជាមួយជ័យជម្នះដ៏អស្ចារ្យលើក្រុម Royal Antwerp ដោយលទ្ធផល ៥-០។ ខ្សែប្រយុទ្ធចំណូលថ្មីដែលទើបខ្ចីជើងពីក្រុម Atletico Madrid កីឡាករ Joao Felix រកបាន ២គ្រាប់។
 
៥គ្រាប់នោះកើតឡើងដោយកីឡាករ ​Joao Felix នៅនាទី១១ គ្រាប់ទីមួយដើមវគ្គទីមួយ និងនៅនាទី៦៦ គ្រាប់បាល់ទីប្រាំ នៃវគ្គទីពីរ ចំណែក ៣គ្រាប់ផ្សេងទៀតធ្វើបានដោយកីឡាករ Robert Lewandowski ដែលជាគ្រាប់ទីពីរនាទី​ មុនពេលកីឡាករ Jelle Bataille របស់ក្រុម Antwerp ធ្វើឱ្យចូលទីខ្លួនឯង ហើយ Gavi ស៊ុតគ្រាប់ទី៤ នាទី៥៤។
 


ក្រោយធ្វើមិនបានល្អនៅទាំងនៅ Champions League និង Europa League កាលពីរដូវកាលមុនពីសំណាក់ Barcelona ឈានចូលរដូវកាលថ្មីនេះក្រុមយក្សរបស់អេស្ប៉ាញមួយនេះត្រូវបានគេរំពឹងថានឹងឆ្លងទៅវគ្គជម្រុះ ១៦ក្រុមបានដោយងាយស្រួលបំផុត ស្របពេលដែលពួកគេស្ថិតក្នុងពូល H ដ៏ងាយស្រួល។ 
 
ចំណែកក្រុមមកពីអង់គ្លេសមួយទៀត ​Man City ម្ចាស់ការពារតំណែងជើងឯក UCL ក៏រកបាន ៣ពិន្ទុពីការប្រកួតថ្ងៃបើកឆាករបស់ខ្លួនផងដែរនៅក្នុងជំនួបពូល G។ Julian Alvarez ធ្វើឱ្យមានភាពភ្ញាក់ផ្អើលដោយការស៊ុត ២គ្រាប់ក្នុងការប្រកួត ដែលយកឈ្នះលើក្រុម FK Crvena Zvezda លទ្ធផល ៣-១ ក្នុងកីឡដ្ឋាន Etihad។ ជ័យជម្នះនេះធ្វើឱ្យក្រុម Man City បន្តការប្រកួតក្នុងក្របខណ្ឌ Champions League របស់ខ្លួនចំនួន ២៦ប្រកួតមិនដែលចាញ់សោះនៅក្នុងទឹកដី។
 
រីឯនៅទឹកដីប្រទេសបារាំងវិញ ជើងខ្លាំងមួយរូប Paris Saint Germain ក្រសោបបាន ៣ពិន្ទុក្នុងទឹកដីកីឡដ្ឋាន Parc des Princes ក្រោយពីបានបំបាក់ក្រុមភ្ញៀវមកពីអាល្លឺម៉ង់ Borussia Dortmund លទ្ធផល ២-០។ ២គ្រាប់របស់ PSG ជាការបង្ហាញខ្លួនដ៏ល្អឡើងវិញរបស់កីឡាករ ​Kylian Mbappe ដោយគេស៊ុតបាល់ពិន័យ ១១ម៉ែត្រមួយគ្រាប់នាទី៤៩ មុនពេលមិត្តរួមក្រុមដ៏ជិតស្និទ្ធ Achraf Hakimi ស៊ុតគ្រាប់ទីពីរនៅនាទី៥៨។ PSG ឡើងឈរកំពូលតារាងពូល F បណ្តោះអាសន្តក្រោយការឈ្នះនេះ៕
 
ការប្រកួតក្រុមដទៃទៀតនៅព្រឹត្តិការណ៍ UEFA Champions League ៖
 
​ពូល G 
ក្រុម Young Boys ចាញ់ RB Leipzig លទ្ធផល ៣-១
 
ពូល E 
ក្រុម Feyenoord ឈ្នះ Celtic លទ្ធផល ២-០
ក្រុម Lazio ស្មើ ១-១ Atletico Madrid
 
ពូល H
ក្រុម Shakhtar Donetsk ចាញ់ FC Porto លទ្ធផល ៣-១៕

Tag:
 UEFA Champions League
  Newcastle United
© រក្សាសិទ្ធិដោយ thmeythmey.com