កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាអាស៊ី៖ កូរ៉េទាំងពីរ ឈ្នះរៀងខ្លួនក្នុងជំនួបបើកឆាក វិញ្ញាសាបាល់ទាត់បុរស
20, Sep 2023 , 3:29 pm        
រូបភាព
ម្ចាស់ការពារតំណែងជើងឯកកូរ៉េខាងត្បូង លត់ក្រុមកូវ៉ែត ៩-០ ក្នុងការប្រកួតកីឡាអាស៊ី Asian Games វិញ្ញាសាបាល់ទាត់បុរសអាយុក្រោម២៣ឆ្នាំ នៅជំនួបបើកឆាកវគ្គសន្សំពិន្ទុពូល E។ កូរ៉េខាងជើង ដែលទើបបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ជាថ្មីក្រោយរងបម្រាម ក៏រកបានជ័យជមុ្នះផងដែរតាមរយៈលទ្ធផលឈ្នះឆាយន្នីសតាយប៉ិ ២-០ ក្នុងជំនួបដំបូងពូល F។ ក្រុមតំបន់អាស៊ីអាគ្នេយ៍ វៀតណាម មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី រកបាន៣ពិន្ទុរៀងខ្លួន លើកលែងថៃ បានត្រឹមស្មើ។


ក្នុងការប្រកួតបើកឆាកពូល E នៅថ្ងៃទី១៩ ខែកញ្ញា ក្រុម U23 កូរ៉េខាងត្បូង ដែលត្រូវការពារមេដាយមាសរបស់ខ្លួនទទួល៣ពិន្ទុដំបូងជាមួយជ័យជម្នះលើសលុបដល់ទៅ ៩-០ លើកូវ៉ែត។

ក្នុងពូលនេះ ថៃ តាមបានស្មើពីបារ៉ែន ក្នុងលទ្ធផល ១-១។ តាមរយៈលទ្ធផលនេះ កូរ៉េខាងត្បូងឈរលេខ១ក្នុងពូលបណ្តោះអាសន្ន តាមពីក្រោយដោយថៃ បារ៉ែន និងកូរ៉ែតនៅបាតតារាង។
កូរ៉េខាងជើង ដែលទើបបង្ហាញខ្លួនជាថ្មី ចាប់តាំងពីព្រឹត្តិការណ៍កីឡាអាស៊ីនៅឥណ្ឌូណេស៊ី ឆ្នាំ២០១៨មកនោះ ក៏រកបាន៣ពិន្ទុផងដែរនៅជំនួបបើកឆាកពូល F ក្នុងជ័យជម្នះ ២-០ លើឆាយន្នីសតាយប៉ិ។
  


កូរ៉េខាងជើង ត្រូវបានគណកម្មការអូឡាំពិកអន្តរជាតិ (IOC) ដាក់បម្រាមលើអត្តពលិករបស់ពួកគេក្នុងព្រឹត្តិការណ៍កីឡានានា ក្រោយដកខ្លួនមិនចូលរួមកីឡាអូឡាំពិកនៅតូក្យូឆ្នាំ២០២១ ក្រោមហេតុផលជំងឺកូវីដ-១៩។ អំឡុងពេលជាប់បម្រាម កូរ៉េខាងជើង មិនបានចូលរួមកីឡាអូឡាំពិករដូវរងានៅប៉េកាំងឆ្នាំ២០២២ឡើយ។ IOC បានដកបម្រាមកូរ៉េខាងជើងនៅចុងឆ្នាំ២០២២។
 
ក្នុងពូល F នេះដែរ ឥណ្ឌូណេស៊ី ក៏បានយកឈ្នះកៀហ្ស៊ីស៊ីស្ថាន ២-០។ ឥណ្ឌូណេស៊ី ឈរកំពូលតារាងបណ្តោះអាសន្ន ឯកូរ៉េខាងជើងនៅលេខ២ ឯឆាយន្នីសតាយប៉ិ និងកៀហ្ស៊ីស៊ីស្ថាននៅចំណាត់ថ្នាក់បន្តបន្ទាប់។
 
ម្ចាស់ផ្ទះចិន ឈ្នះឥណ្ឌា ៥-១ ស្របពេលមីយ៉ាន់ម៉ា ឈ្នះបង់ក្លាដែស ១-០ នៅជំនួបដំបូងពូល A។
 
វៀតណាម ឈរលេខកំពូលតារាងពូល B បណ្តោះអាសន្នក្រោយយកឈ្នះម៉ុងហ្គោលី ៤-២។ អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ចែកគ្នា១ពិន្ទុម្នាក់ ក្រោយប្រកួតស្មើ ១-១។
 
ជំនួបរវាងក្រុមក្នុងពូល C និង ពូល D នឹងធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញានេះ ដោយក្នុងនោះ ពូល C ដែលនៅសល់តែពីរក្រុម ហុងកុង និង អ៊ូសបេគីស្ថាន ប៉ុណ្ណោះ ដោយស៊ីរី និង អាហ្វហ្កានីស្ថាន ដកខ្លួនទៅហើយ។ ដូច្នេះ ហុងកុង និង អ៊ូសបេគីស្ថាន ត្រូវប្រកួតគ្នា២ដងក្នុងពូល C។ ពូល D ដែលមាន៣ក្រុមនោះ ជប៉ុន ត្រួវប្រកួតបើកឆាកទល់កាតា ឯប៉ាឡេស្ទីនត្រូវរង់ចាំជួបកាតា និងជប៉ុនចុងក្រោយ។
 
វិញ្ញាសាបាល់ទាត់បុរស U23 មាន២៣ប្រទេសចូលរួម ដោយចែកជា៦ពូល ពី A ដល់ F និងក្នុងមួយពូលមាន៤ក្រុម លើកលែងតែពូល D ដែលមានត្រឹម៣ក្រុម។​ ក្នុងចំណោម២៣ក្រុម មាន៣ប្រទេសចេញពីតំបន់អាស៊ីអាគ្នេយ៍ផងដែរ​ រួមមាន ថៃ​ វៀតណាម និងមីយ៉ាន់។
 
ពូល A ម្ចាស់ផ្ទះចិន បង់ក្លាដែស មីយ៉ាន់ និងឥណ្ឌា
ពូល B វៀតណាម អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ និងម៉ុងហ្គោលី
ពូល C អ៊ូសបេគីស្ថាន ហុងកុង ដោយឡែក ស៊ីរី និង អាហ្វហ្កានីស្ថាន ដកខ្លួនទៅហើយ
ពូល D ជប៉ុន ប៉ាឡេស្ទីន និងកាតា
ពូល E ម្ចាស់ការពារជើងឯក កូរ៉េខាងត្បូង បារ៉ែន ថៃ និងកូវ៉ែត
ពូល F កូរ៉េខាងជើង ឥណ្ឌូណេស៊ី កៀហ្ស៊ីស៊ីស្ថាន និងឆាយនីសតៃប៉ិ៕
 

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com