អន្តរជាតិ
ហ្វីលីពីន ចេញ​ការ​ព្រមាន​ពីបញ្ហាសុខភាពនៅម៉ានីលដែល​​រង​គ្រោះ​ដោយ​ផ្សែង​អ័ព្ទនិង​ឧស្ម័ន​ចេញពីភ្នំភ្លើង
23, Sep 2023 , 12:00 pm        
រូបភាព
ភ្នំភ្លើងតូចមួយនៅជិតរដ្ឋធានីម៉ានីល បានបញ្ចេញឧស្ម័នស្ពាន់ធ័រឌីអុកស៊ីត និងអ័ព្ទនាថ្ងៃទី២២ ខែកញ្ញា​ដែលជំរុញឱ្យអាជ្ញាធរបិទសាលារៀនជាច្រើន ហើយ​ជំរុញឱ្យ​ប្រជាជន​ស្ថិតនៅក្នុងផ្ទះ។
 
ការកើនឡើងនៃសារធាតុរាវនៅក្នុងបឹងនៃភ្នំភ្លើង Taal បណ្តាលឱ្យមានការបំភាយឧស្ម័នខ្លាំង ដែលប៉ះពាល់រដ្ឋធានី​ម៉ានីល និងធ្វើឱ្យមាន​អ័ព្ទផងដែរ។
 
ប្រធានផ្នែកប្រតិបត្តិការនៃការិយាល័យការពារជនស៊ីវិលភាគខាងត្បូងនៃទីក្រុងម៉ានីល លោក Randy Dela Paz បានប្រាប់វិទ្យុ DWPM ថា ការិយាល័យបានទទួលរបាយការណ៍អំពីករណី​ជំងឺ​ផ្លូវ​ដង្ហើម​នៅ​ក្នុងខេត្តជុំវិញទៅក្រុងម៉ានីលដោយសារតែការពុលផ្សែងអ័ព្ទចេញភ្នំភ្លើង។
 
ជាវិធានការឆ្លើយតប សាលារៀនត្រូវបានផ្អាកនៅក្នុងទីក្រុងមួយចំនួនក្នុងតំបន់រដ្ឋធានី និង​ នៅតាមទីក្រុងជាច្រើននៅក្នុងខេត្ត Cavite, Laguna និង Batangas។ បន្ថែមពីនេះ​ អាជ្ញាធរ អាកាសចរណ៍ បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ជៀសវាងការហោះហើរជិតដល់កំពូលភ្នំភ្លើង។
 
ស្ថិតនៅក្នុងបឹងដ៏ស្រស់ស្អាតមួយក្នុងខេត្ត Batangas ក្បែរទីក្រុងម៉ានីល ភ្នំភ្លើង Taal ដែលមានកម្ពស់​៣១១ម៉ែត្រ ជាភ្នំភ្លើងសកម្មបំផុតក្នុងចំណោមភ្នំភ្លើងចំនួន២៤នៅហ្វីលីពីន។ កាលពីខែមករា ឆ្នាំ ២០២០ ភ្នំភ្លើង Taal បានបញ្ចេញផេះ និងចំហាយទឹកកម្ពស់១៥គីឡូម៉ែត្រ ដែលបង្ខំមនុស្សជាង ១០ ម៉ឺននាក់ឱ្យជម្លៀសចេញ ហើយការលុបចោលជើងហោះហើរជាច្រើន។
 
គួរបញ្ជាក់ថា ផ្សែងអ័ព្ទភ្នំភ្លើង មានតំណក់ទឹកតូចៗដែលមានឧស្ម័នភ្នំភ្លើងដូចជាស្ពាន់ធ័រជាដើម ដែលអាចធ្វើឱ្យរលាកភ្នែក បំពង់ក និងផ្លូវដង្ហើម។ ហ្វីលីពីនជាប្រទេសមួយស្ថិតនៅក្នុងតំបន់វង់ភ្នំភ្លើងរបស់ប៉ាស៊ីហ្វិក ទីដែលសកម្មភាពភ្នំភ្លើង និងការរញ្ជួយដីតែងកើតឡើងជារឿយៗ៕

Tag:
 (ហ្វីលីពីន)
© រក្សាសិទ្ធិដោយ thmeythmey.com