អន្តរជាតិ
IEA ៖ ប្រទេសអ្នកមាន និងចិនត្រូវតែប្រណាំងគ្នាឈានទៅរកអព្យាក្រឹតភាពកាបូន
27, Sep 2023 , 11:59 am        
រូបភាព
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នាថ្ងៃទី២៦ ខែកញ្ញា ទទូចឱ្យបណ្ដាប្រទេសអ្នកមាន និង​ប្រទេសកំពុងអភិវឌ្ឍមានចិនជាដើមកែសម្រួលគោលដៅឈានដល់ការបញ្ចេញកាបូនសូន្យរៀងៗខ្លួន។ បើតាមស្ថាប័ននេះ ការបង្កើនថាមពលស្អាត ត្រូវតែជាវិធានការសំខាន់ក្នុងគោលដៅអាកាសធាតុ​របស់​ពិភពលោក។
 
ក្នុងការរបាយការណ៍របស់ខ្លួន IEA បញ្ជាក់ថា ប្រទេសអ្នកមាន ឥឡូវនេះ​ត្រូវ​ឈាន​ដល់​អព្យាក្រឹត​ភាព​កាបូននៅក្នុងរង្វង់ឆ្នាំ២០៤៥  ហើយចិនគួរតែបង្កើនល្បឿន​មួយក្នុងរយៈពេលដប់ឆ្នាំត្រឹមឆ្នាំ២០៥០ ដើម្បីរក្សាសម្រេចគោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលកំណត់ការឡើងកំដៅត្រឹម១,៥អង្សា។
 
«ពិភពលោកបានពន្យារពេលយូរពេកដើម្បីជៀសវាងជម្រើសពិបាក»។ ទីភ្នាក់ងារឃ្លាំមើលថាមពល​ពិភពលោកលើកឡើងបែបនេះក្នុងរបាយការណ៍មួយមុនកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ (UN) ។
 
ប្រធាន IEA លោក Fatih Birol បាននិយាយថា លោកមានក្តីសង្ឃឹមច្រើនជាងកាលពី២ឆ្នាំមុនដើម្បីសម្រេចគោលដៅខាងលើ ដោយសារការកើនឡើងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងការលក់​រថយន្តអគ្គិសនីស្របតាមផែនការរបស់ IEA ។ លោក Birol បាន​សរសើរ​គោល​នយោបាយ​គួរ​ឱ្យ​ចាប់​អារម្មណ៍នៅអាម៉េរិក អឺរ៉ុប ចិន និងឥណ្ឌា ដែលបានជួយជំរុញការវិនិយោគ​ថាមពល​ស្អាត​កើន​ឡើង​៤០ភាគរយ ជាមួយទំហំទឹកប្រាក់១,៨ពាន់ពាន់លានដុល្លារនៅឆ្នាំនេះ។ ប៉ុន្តែ​លោក​សម្គាល់ថា ដើម្បី​ឈាន​ដល់​កម្រិតសូន្យនោះ ​តម្រូវការលុយមានដល់​៤,៥ពាន់​ពាន់​លាន​ដុល្លារនៅ​ឆ្នាំ២០៣០។
 
របាយការណ៍របស់ IEA សង្កត់ធ្ងន់ពីការជំរុញដោយគោលនយោបាយ​ក្នុងការបង្កើន​សមត្ថភាព​ថាមពលស្អាត ដែលប្រភពថាមពលត្រូវការជាចាំបាច់ដើម្បីរុញឱ្យតម្រូវការឥន្ធនៈហ្វូស៊ីល​ធ្លាក់​ចុះ២​៥​ភាគរយនៅឆ្នាំ២០៣០។ ថាមពលស្អាតនេះ ក៏ជួយបើកផ្លូវក្នុងការឈានទៅរកគោលដៅកំណត់​ការ​ឡើងកំដៅត្រឹម​១,៥អង្សា៕
 

Tag:
 ការប្រែប្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com