ជាតិ
ជំងឺភ្នែកក្រហមនៅភូមិមួយក្នុងខេត្តរតនគិរី ឡើងជិតដល់១០០ករណី 27, Sep 2023 , 1:59 pm
× អ្នកឆ្លងជំងឺរលាកភ្នែក ឬភ្នែកក្រហមនៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី មានចំនួន៩៣ករណី (ស្រី៥៧នាក់)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដោយគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា។
ករណីផ្ទុះជំងឺរលាកភ្នែកនេះ កើតឡើងដំបូងពីអ្នកភូមិ៨នាក់ ដែលបានទៅចូលរួមបុណ្យសពបងប្អូននៅភូមិជាប់ព្រំប្រទល់មួយក្នុងទឹកដីប្រទេសវៀតណាម កាលពីថ្ងៃទី១៤ ខែកញ្ញា។ ក្រសួងសុខាភិបាលរៀបរាប់ថា៖ «បន្ទាប់ពីត្រឡប់មកផ្ទះវិញ ក៏មានករណីឈឺភ្នែកក្រហមកើតឡើងចំនួន៤នាក់នៅផ្ទះផ្សេងៗគ្នា និងបន្តចម្លងរាលប៉ះពាល់ដល់អ្នកភូមិរហូតដល់៧៣នាក់ផ្សេងទៀតក្នុងចំណោមប្រជាជនសរុប៥៩៤នាក់នៃភូមិប៉ក់តូច»។
រោគសញ្ញាជំងឺភ្នែកក្រហម រួមមាន នៅផ្នែកសនៃភ្នែកឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របកភ្នែក (ស្រទាប់ស្តើងដែលតម្រង់ផ្នែកពណ៌សនៃភ្នែក និងផ្នែកខាងក្នុងនៃត្របកភ្នែក)។ រោគសញ្ញានេះ បណ្តាលឱ្យហូរទឹកភ្នែកច្រើនជាងមុន ជាពិសេសពេលព្រឹក ដោយសារមានការកើនឡើងនៃការផលិតទឹកភ្នែក រកាំភ្នែក ដោយសារមានអារម្មណ៍ថាមានអ្វីក្នុងភ្នែក ចង់ញីភ្នែក រមាស់ភ្នែក រលាក ក្រហាយភ្នែក មានអាចម៌ភ្នែក ចុកគ្រាប់ភ្នែក។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ជំងឺនេះ បណ្តាលមកពីមូលហេតុ៣ធំៗ គឺបង្កដោយវីរុស ដែលអាចលាយឡំផ្តាសាយ ឬជំងឺផ្លូវដង្ហើមផ្សេងទៀត, បង្កដោយបាក់តេរីដែលភាគច្រើនមានអាចម៌ភ្នែកខ្ទុះ ត្របកភ្នែកស្អិតជាប់គ្នា និងបង្កដោយអាឡែស៊ី ដែលអាចកើតឡើងជាមួយរោគរមាស់ច្រមុះ កណ្តាស់ រមាសបំពង់ករ ឬហឺត។
អ្នកដែលមានជំងឺភ្នែកក្រហម ត្រូវបានណែនាំឱ្យលាងដៃញឹកញាប់, ជៀសវាងការញីភ្នែក ឬត្រដុសភ្នែក, ប្រើដៃស្អាតសម្អាតទឹករំអិលជុំវិញភ្នែក, សម្អាតវែនតា, កុំប្រើប្រាស់របស់ឡូកឡំជាមួយអ្នកដទៃ រួមទាំងវិធានអនាម័យផ្សេងៗទៀត។
បើតាមក្រសួងសុខាភិបាល ករណីភាគច្រើននៃជំងឺភ្នែកក្រហមគឺស្រាល ដោយជាធម្មតាការឆ្លង និងសះស្បើយ គឺក្នុងរយៈពេលពី៧ទៅ១៤ថ្ងៃ។ ករណីខ្លះ ការរលាកភ្នែកដោយវីរុសត្រូវការពេលពី២ ទៅ៣សប្តាហ៍ដើម្បីព្យាបាល ដោយគ្រូពេទ្យអាចផ្តល់ថ្នាំអង់ទីប៊ីយោទិច ដូចជាថ្នាំបន្តក់ភ្នែក ដាក់ភ្នែក ឬថ្នាំអាឡែហ្ស៊ី ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com