អន្តរជាតិ
UN បារម្ភ​អំពី​ការ​ចាប់​ខ្លួន​អ្នក​ជំនាញ​ថាមពល​វៀតណាមក្រោយ​ដំណើរ​ទស្សនកិច្ច​​លោក បៃឌិន
28, Sep 2023 , 10:59 am        
រូបភាព
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) បង្ហាញក្ដីព្រួយបារម្ភអំពីការចាប់ខ្លួនអ្នកជំនាញ​ថាមពលបៃតងវៀតណាមម្នាក់នៅត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីទស្សនកិច្ចប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅរដ្ឋធានីហាណូយ។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters កាលពីសប្តាហ៍មុន ប៉ូលិសក្រុងហាណូយបានឃុំខ្លួន​នាយក​ប្រតិបត្តិនៃគំនិតផ្តួចផ្តើមវៀតណាមសម្រាប់ការផ្លាស់ប្តូរថាមពល (VIET) លោកស្រី Ngo Thi To Nhien ដែលជាអ្នកវិភាគឯករាជ្យផ្តោតលើគោលនយោបាយថាមពលបៃតង។
 
«យើងដឹងពីការចាប់ខ្លួននេះ ហើយកំពុងតាមដានការវិវឌ្ឍដោយក្តីបារម្ភ»។ លោកស្រី Ravina Shamdasani អ្នកនាំពាក្យការិយាល័យឧត្តមស្នងការ UN ទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បាន លើកឡើងបែបនេះ។
 
កន្លងមក លោកស្រី Nhien បានធ្វើការឱ្យធនាគារពិភពលោកជាមួយនឹងកម្មវិធីអភិវឌ្ឍន៍ UN (UNDP) និងព្រមទាំងទីភ្នាក់ងារជំនួយអាម៉េរិក USAID ដែរ។ លោកស្រីបាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ និងថ្នាក់ជាតិ រួមទាំងការពិគ្រោះយោបល់ដែលរៀបចំដោយ UNDP លើ​ប្រធាន​បទនៃ​ការ​ផ្លាស់ប្តូរថាមពល ។
 
ទាក់ទងរឿងនេះ មន្ត្រីក្រសួងការបរទេសអាម៉េរិកអះអាងថា ទីក្រុងវ៉ាស៊ីនតោន​តែងតែ​អំពាវនា​វ​ឱ្យ​វៀតណាមគោរពនិងការពារសិទ្ធិមនុស្ស ប៉ុន្តែមិនផ្ដល់ការអត្ថាធិប្បាយជាក់លាក់ណាមួយអំពីការឃុំ​ ខ្លួនលោកស្រី Nhien ដែលធ្វើឡើងមិនខុសគ្នាប៉ុន្មានពីដំណើរទស្សនកិច្ចរបស់លោក ចូ បៃឌិន នោះទេ។
 
ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ វៀតណាមបានចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្ស​ផ្នែក​បរិស្ថាន​ចំនួន​៥​នាក់ ដោយចោទប្រកាន់ពួកគេ​ពី​បទគេចពន្ធ ស្របពេល ប្រទេសនេះកំពុងចរចាផ្តល់មូលនិធិអន្តរជាតិ​សម្រាប់ការផ្លាស់ប្តូរថាមពលចេញពីធ្យូងថ្ម៕
 

Tag:
 UN
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com