កីឡាអន្តរជាតិ
អន្តរជាតិ
EFL៖ Pochettino សង្ឃឹមថា Chelsea នឹងស្ទុះងើបឡើងវិញក្រោយទម្លាក់ Brighton
28, Sep 2023 , 10:29 pm        
រូបភាព
លោក ​Mauricio Pochettino អ្នកចាត់ការក្រុម Chelsea បង្ហាញក្តីសង្ឃឹមរបស់លោកថាកូនក្រុមនឹងកសាងទម្រង់លេងប្រសើរឡើងវិញ តាមរយៈការទម្លាក់ក្រុម Brighton & Hove Albion នៅពានរង្វាន់ EFL Cup ជុំទី៣ ក្នុងលទ្ធផល ១-០។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនក៏រំពឹងថាក្រុមនឹងនាំមកនូវលទ្ធផលល្អសម្រាប់ការប្រជែងក្របខណ្ឌ Premier League។


ជ័យជម្នះលើក្រុម Brighton & Hove Albions ដែលជាក្រុមស្ថិតក្នុងកំពូលទាំង ៤ នៃ EFL Cup រដូវកាលមុន ធ្វើបានដោយការស៊ុតបាល់យ៉ាងល្អពីសំណាក់កីឡាករ Nicolas Jackson នៅនាទី៥០។ Chelsea រកបានកៅអីការប្រកួតជុំទី៤ ដោយត្រូវជួបក្រុម Blackburn Rovers នៅថ្ងៃទី៣០ ខែតុលា។
 
ចំណែកនៅក្នុង Premier League វិញក្រុមរហស្សនាមតោខៀវ ​កំពុងតែស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១៤ ដែលជាលទ្ធផលមិនសូវល្អឡើយសម្រាប់ពួកគេ ដោយការប្រកួត ៦លើក រកបានជ័យជម្នះត្រឹម ១លើកប៉ុណ្ណោះ ស្មើ២ និងចាញ់ ៣លើក ស៊ុតបញ្ចូលទីបានត្រឹមតែ ៥គ្រាប់ប៉ុណ្ណោះ។
 
«វាគឺជាការឆ្លើយតបយ៉ាងល្អពីសំណាក់ក្រុមទាំងមូល ខ្ញុំរីករាយជាមួយនឹងទម្រង់លេងនៅថ្ងៃនេះ ខ្ញុំរីករាយសម្រាប់ជ័យជម្នះ ព្រោះថាថ្ងៃនេះយើងត្រូវតែឈ្នះ។ នៅក្នុងវគ្គទីពីរយើងបានគ្រប់គ្រងការប្រកួតទាំងស្រុងយើងសមនឹងទទួលបានជោគជ័យ ខ្ញុំគិតថានេះគឺជារឿងសំខាន់បំផុតសម្រាប់យើងបន្តប្រកួតប្រជែង ការកសាងទំនុកចិត្តរបស់យើង យើងសង្ឃឹមថាយើងនឹងធ្វើបានល្អដូចនេះថែមទៀតនៅពេលអនាគត។»។ លោក Pochettino បាននិយាយក្នុងសន្និសីទកាសែតបែបនេះ។
 
ក្រុម ​Chelsea នឹងវិលត្រលប់សម្រាប់ការប្រកួតប្រជែងនៃក្របខណ្ឌ Premier League ឡើងវិញនៅថ្ងៃទី១ ខែតុលា ដោយត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុម Fulham៕
 

Tag:
 Chelsea
  EFL Cup
© រក្សាសិទ្ធិដោយ thmeythmey.com