កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាអាស៊ី ៖ Faker និងមិត្តរួមក្រុមកូរ៉េខាងត្បូងរួចផុតពីកាតព្វកិច្ចយោធា ក្រោយដណ្តើមបានមេដាយមាសលើកីឡាអេឡិចត្រូនិក
30, Sep 2023 , 5:59 pm        
រូបភាព
ក្រុមកីឡាករកីឡាអេឡិចត្រូនិកកូរ៉េខាងត្បូង រួចផុតពីកាតព្វកិច្ចយោធា ក្រោយបានដណ្តើមមេដាយមាសលើប្រភេទវិញ្ញាសាកីឡា League of Legends ដោយយកឈ្នះលើក្រុមឆាយន្នីសតាយប៉ិ លទ្ធផលការប្រកួត ២-០ នៅព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ នៅក្នុងទីក្រុងហាងចូវ ថ្ងៃទី២៩ ខែកញ្ញា។
ស្ថិតក្នុងទីកន្លែងប្រកួតកីឡាអេឡិចត្រូនិកដ៏ប្រណិតរបស់ចិនដែលជាម្ចាស់ផ្ទះ តារាកីឡាអេឡិចត្រូនិកដ៏ល្បីរបស់កូរ៉េខាងត្បូង និងពិភពលោក Faker ដែលមានឈ្មោះដើម Lee Sang-hyeok បានអបអរជ័យជម្នះ ដោយក្តីសប្បាយរីករាយ។ ការយកឈ្នះលើឆាយន្នីសតាយប៉ិលទ្ធផល ២-០ គឺជាការប្រកួតកាត់សេចក្តីដែលជាការប្រកួតមួយលើកមាន ៣វគ្គ (Games Best of 3)។
 
បើយោងតាមអ្នករៀបចំការប្រកួតវិញ្ញាសាកីឡាអេឡិចត្រូនិក ដូចទៅនឹងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពេលយកឈ្នះលើក្រុមម្ចាស់ផ្ទះចិន Faker គ្រាន់តែជាកីឡាករស្ថិតក្នុងកៅអីបម្រុងសម្រាប់វគ្គផ្តាច់ព្រ័ត្រ ព្រោះតែរូបគេមានបញ្ហាជំងឺ។ 
 
ប៉ុន្តែតារាកីឡាអេឡិចត្រូនិករូបនេះ បានចូលរួមប្រកួតប្រជែងនៅវគ្គពីដំបូងៗមក ហើយរូបគេក៏បានចូលរួមចំណែកនៃការឈ្នះមេដាយមាសជាមួយនឹងមិត្តរួមរបស់គេផងដែរ។ ក្រោយក្លាយជាជើងឯកមេដាយមាសនៅកីឡាអាស៊ីលើកដំបូងនៃវិញ្ញាសាកីឡា League of Legends ក្រុមកីឡាករកីឡាអេឡិចត្រូនិកទាំងអស់ ពេលនេះអាចរួចផុតពីកាតព្វកិច្ចយោធារបស់ប្រទេសកូរ៉េខាងត្បូង។
 
«ខ្ញុំពិតជាសោកស្តាយដែលមិនបានប្រកួតនៅក្នុងវគ្គដណ្តើមមេដាយមាស។ តែយ៉ាងណា តាមទស្សនៈនៃក្រុម អ្នករាល់គ្នាធ្វើបានល្អ ដូច្នេះខ្ញុំគិតថាការឈ្នះជើងឯកគឺជាការល្អបំផុត ហើយវាបានបញ្ចប់រួចរាល់ហើយ។»។ Faker បាននិយាយក្នុងកិច្ចសម្ភាសបែបនេះ។
 
ការអនុញ្ញាតសម្រាប់ការមិនបំពេញកាតព្វកិច្ចយោធា គឺជាការលើកទឹកចិត្តពីកូរ៉េខាងត្បូងសម្រាប់អត្តពលិកខ្លួន ដើម្បីប្រឹងប្រែងប្រជែងមេដាយមាសមួយកម្រិតទៀត។
រាល់យុវជនភេទប្រុសរបស់ប្រទេសកូរ៉េខាងត្បូងដែលមានអាយុចន្លោះពី១៨ ដល់ ២៨ឆ្នាំ ត្រូវតែចូលរួមកាតព្វកិច្ចយោធាមួយលើក រយៈពេលចន្លោះពី ១៨ខែ ដល់ ២ឆ្នាំ ដើម្បីជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងការការពារការប្រឆាំងរបស់ប្រទេសកូរ៉េខាងជើង។ យុវជនកូរ៉េខាងត្បូង ជារៀងរាល់ឆ្នាំប្រមាណជាង ១សែននាក់ត្រូវបានតម្រូវឱ្យចូលបំពេញកាតព្វកិច្ចយោធា។
 
រាល់យុវជនភេទប្រុសរបស់ប្រទេសកូរ៉េខាងត្បូងដែលមានអាយុចន្លោះពី១៨ ដល់ ២៨ឆ្នាំ ត្រូវតែចូលរួមកាតព្វកិច្ចយោធាមួយលើក រយៈពេលចន្លោះពី ១៨ខែ ដល់ ២ឆ្នាំ ដើម្បីជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងការការពារការប្រឆាំងរបស់ប្រទេសកូរ៉េខាងជើង។ យុវជនកូរ៉េខាងត្បូង ជារៀងរាល់ឆ្នាំប្រមាណជាង ១សែននាក់ត្រូវបានតម្រូវឱ្យចូលបំពេញកាតព្វកិច្ចយោធា៕
 

Tag:
 កីឡាអាស៊ី
  Asian Games
  កីឡាអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com