កីឡាអន្តរជាតិ
អន្តរជាតិ
Ajax លុបចោលការប្រកួតសារជាថ្មីក្រោយអ្នកចាំទីក្រុម RKC រងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីពេទ្យ
01, Oct 2023 , 12:09 pm        
រូបភាព
ក្រុម Ajax Amsterdam ត្រូវបានលុបចោលការប្រកួតរបស់ខ្លួនសារជាថ្មីម្តងទៀត នៅការប្រកួតក្រៅទឹកដីទល់នឹងក្រុម RKC Waalwijk ក្រោយពេលដែលអ្នកចាំទីក្រុមម្ចាស់ផ្ទះ Etienne Vaessen ត្រូវបានរងរបួសធ្ងន់ធ្ងរ ក្រោយពេលដែលមានការប៉ះទង្គិចគ្នាជាមួយនឹងកីឡាករក្រុម Ajax ។ ការប្រកួតត្រូវបានលុបចោលត្រឹមនាទី៨៤ ហើយ Ajax បាននាំមុនក្រុម RKC ដោយលទ្ធផល ៣-២។
អ្នកចាំទី Vaessen បានរងរបួសត្រង់ក្បាលធ្ងន់ធ្ងរ ក្រោយមានការប៉ះទង្គិច នៅពេលដែលកីឡាករខ្សែប្រយុទ្ធ Brian Brobbey របស់ក្រុម Ajax បានព្យាយាមស៊ុតបាល់ ស្របពេលអ្នកចាំទីបានលោតមកសង្គ្រោះបាល់នោះ។ កីឡាករក្រុមទាំងសងខាងបានឈរចោមរោម ពេលដែលក្រុមគ្រូពេទ្យបានជួយសង្គ្រោះបន្ទាន់លើអ្នកចាំទី Vaessen។
 
ការបញ្ចាំងពីការប្រកួតនៅលើបណ្តាញទូរទស្សន៍បានបង្វែរកាមេរ៉ាចេញ ដើម្បីបញ្ចៀសពីភ្នែកទស្សនិកជន អំពីរឿងរ៉ាវដ៏សោកស្តាយនេះ។ អ្នកចាំទី ​Vaessen ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ក្រោយពេលដែលបានជួយសង្គ្រោះបន្ទាន់ នៅក្នុងទីលាន។ 
 
ក្រោយពេលជួយសង្គ្រោះកីឡាករក្រុមសងខាងបានវិលត្រលប់ចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ហើយការប្រកួតក៏ត្រូវបានលុបចោល។
 
«Etienne ត្រូវបានបាត់បង់ស្មារតីហើយមិនអាចបន្តលេងទៀតឡើយគេត្រូវបានពេលព្យាបាលមួយរយៈ។ ពេលនោះបុគ្គលិកពេទ្យរបស់យើងបានចាប់ផ្តើមធ្វើចលនាដល់គាត់ដើម្បីឱ្យដឹងខ្លួនឡើងវិញភា្លមៗ ប៉ុន្តែវាហាក់ដូចជាមិនមែនជាបញ្ហាសម្រាប់បេះដូងរបស់គាត់នោះទេ គាត់ដឹងខ្លួនឡើងវិញពេលនាំចេញពីទីលាន ហើយបញ្ជូនទៅកាន់មន្ទីពេទ្យ។»។ នេះបើតាមប្រធានក្រុម RKC លោក Frank van Mosselveld បាននិយាយប្រាប់ទូរទស្សន៍ NOS អំពីហេតុការណ៍។
 
បើតាមកាសែត Telegraf កីឡាករចាំទីវ័យ ២៨ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ក្រោយពេលដែលការប្រកួតបានសម្រេចលុបចោលនៅត្រឹមនាទី៨៤ ដែលក្រុម Ajax បាននាំមុនលើក្រុម RKC លទ្ធផល ៣-២។
 
នេះជាការលុបចោលការប្រកួតលើកទីពីរសម្រាប់ក្រុម Ajax នៅក្នុងរដូវកាលនេះ បន្ទាប់ពីពួកគេត្រូវបានលុបចោលការប្រកួតទល់នឹងក្រុម Feyenoord ម្តងរួចមកហើយកាលពីសប្តាហ៍មុន ដោយសារតែអ្នកគាំទ្របានដុតកាំជ្រូចភ្លៀងបោះចូលក្នុងទីលានប្រកួត និងបង្កហិង្សា នៅក្នុងនាទី៥៤ នៃការប្រកួត។ កាលនោះ Ajax បាននាំមុខ ​Feyenoord លទ្ធផល ៣-០ តែការប្រកួតត្រូវបានរៀបចំឡើងវិញ ដោយប្រកួតបង្រ្គប់នាទីដែលនៅសល់៕
 

Tag:
 Ajax Amsterdam
© រក្សាសិទ្ធិដោយ thmeythmey.com