កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ៖ គ្មានលេសនោះទេ គឺយើងធ្វើមិនល្អគ្រប់គ្រាន់ឡើយ
01, Oct 2023 , 3:19 pm        
រូបភាព
 លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United បារម្ភពីការចាប់ផ្តើមមិនល្អរបស់កូនក្រុម នៅដើមរដូវកាល បន្ទាប់ពីក្រុមបន្តប្រកួតចាញ់ជាបន្តបន្ទាប់។ Man United ចាញ់ក្រុម Crystal Palace លទ្ធផល ១-០ ដល់ក្នុងទឹកដី Old Trafford នាថ្ងៃទី៣០ ខែកញ្ញា។
៧ប្រកួតនៅ Premier League ក្រុមបិសាចក្រហមរងបរាជ័យ ៤ប្រកួតរួចទៅហើយ ដែលនេះជាកំណត់ត្រាដ៏អាក្រក់បំផុតសម្រាប់ពួកគេ បើគិតចាប់តាំងពីរដូវកាល ១៩៨៩-៩០ មក។
 
នេះជាការចាញ់ជាបន្តបន្ទាប់នៅក្នុងទឹកដីសម្រាប់ Man United ដែលរបូត ៣ពិន្ទុទៅកាន់ក្រុម Crystal Palace ដោយកីឡាករ Joachim Andersen បានស៊ុតគ្រាប់ជ័យជម្នះតាំងតែពីវគ្គទីមួយ។ Man United ហាក់គ្មានឱកាសល្អៗដើម្បីរកបានគ្រាប់បាល់មកវិញ ក៏ដូចជាឱកាសនៃការស៊ុត។ ការចាញ់ក្នុងទឹកដី ២លើកជាប់គ្នាកាលពីមុនរបស់ Man United នៅឆ្នាំ ២០២១​ ដោយកាលនោះចាញ់ Liverpool និង Manchester City ពេលដែលក្រុមនៅក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer។
 
«ខ្ញុំដឹងថាអ្នកគាំទ្រគឺរំពឹងជ័យជម្នះ ដែលយើងមិនបានយកឈ្នះហើយយើងប្រែជាចាញ់ការប្រកួត។ ពិតណាស់នេះជារឿងគួរឱ្យបារម្ភ យើងត្រូវបានពង្រឹងឱ្យបានល្អជាងនេះ រឿងរ៉ាវអាក្រក់បែបនេះមិនសមធ្លាក់មកលើក្រុម Manchester United ឡើយ យើងត្រូវការឈ្នះជាបន្តបន្ទាប់ដើម្បីអាចប្រជែងនឹងក្រុមគេបាន យើងត្រូវតែធ្វើឱ្យបានល្អឡើងវិញចាប់ពីពេលនេះទៅ។ ខ្ញុំអាចឱ្យអ្នកនៅហេតុផលបានថា គ្មានលេសទេ គឺយើងមិនល្អគ្រប់គ្រាន់។»។ លោក Ten Hag បាននិយាយក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតបែបនេះ។
 
Man United បានបំបាក់ក្រុម Burnley នៅក្នុងជំនួប Premier League កាលពីសប្តាហ៍មុន មុនពេលមកយកឈ្នះលើក្រុម Crystal Palace ក្នុងពានរង្វាន់ EFL Cup លទ្ធផល ៣-១។ ប៉ុន្តែវិលមកការប្រកួត Premier League ពួកគេបែរជាត្រូវក្រុមដែលបានយកឈ្នះហើយបំបាក់ពួកគេទៅវិញ។ 
 
Palace ដណ្តើមបាន ៣ពិន្ទុឡើងមកឈរនៅចំណាត់ថ្នាក់លេខ ៩ ដោយទម្លាក់ក្រុម Manchester United ទៅឈរនៅចំណាត់ថ្នាក់លេខ ១០ នៃតារា Premier League៕
 
 
 

Tag:
 Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com