កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានសភាអាម៉េរិកប្រឈមការដកតំណែងចេញ ក្រោយរដ្ឋាភិបាលអាចបន្តដំណើរការរយៈពេលខ្លី
02, Oct 2023 , 10:00 am        
រូបភាព
លោក Kevin McCarthy ប្រធានសភាតំណាងអាម៉េរិក។ រូបភាព AFP
លោក Kevin McCarthy ប្រធានសភាតំណាងអាម៉េរិក។ រូបភាព AFP
ប្រធានសភាតំណាងរាស្រ្តអាម៉េរិក លោក Kevin McCarthy ប្រឈមនឹងការដកតំណែងចេញ ក្រោយរដ្ឋាភិបាលអាម៉េរិក អាចបន្តដំណើរការបានរយៈពេលជាង១ខែទៀត។ សមាជិកបក្សសាធារណរដ្ឋ លោក Matt Gaetz នៅថ្ងៃទី១ ខែតុលា បានអះអាងថា លោកកំពុងស្វះស្វែងរកការដកតំណែងលោក Kevin McCarthy។

 
រដ្ឋាភិបាលអាម៉េរិក នៅថ្ងៃទី៣០ ខែកញ្ញា បានចៀសផុតការបិទ ដែលអាចបង្កឱ្យបុគ្គលិកសហព័ន្ធជាច្រើនពាន់នាក់គ្មានប្រាក់បើក ក្រោយសភាអាម៉េរិកទាំងពីរថ្នាក់ បានឯកភាពលើកិច្ចព្រមព្រៀងមូលនិធិរយៈពេលខ្លីសម្រាប់រដ្ឋាភិបាលអាម៉េរិក ដោយអាចដំណើរការដល់ថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខ។ 
 
ក្រោយការឯកភាពភាពនេះ ប្រធានសភាតំណាងរាស្រ្តអាម៉េរិក លោក Kevin McCarthy ប្រឈមនឹងការដកតំណែងចេញ ក្រោមហេតុផលមិនគោរពកិច្ចព្រមព្រៀងនៅខែមករា ឆ្នាំ២០២៣។ ការព្រមព្រៀងនោះ ជាការឯកភាពរវាងសមាជិកសភាបក្សសាធារណរដ្ឋទាំងអស់ ក្នុងការគាំទ្រលោក McCarthy ជាប្រធានសភាតំណាងរាស្រ្ត។ 
 
លោក Matt Gaetz សមាជិកសភាមកពីបក្សសាធារណរដ្ឋ បានគំរាមដកតំណែងលោក Kevin McCarthy នៅក្នុងសប្តាហ៍នេះ ក្រោមហេតុផលលោកបានធ្វើខុសនឹងកិច្ចព្រមព្រៀងដែលបានធ្វើជាមួយសមាជិកសភាមកពីបក្សសាធារណរដ្ឋមាននិន្នាការអភិរក្សនិយម។ ត្រង់ចំណុចនេះ លោក   Gaetz ដែលជាអ្នកអភិរក្សនិយមមួយរូប បានអះអាងថា សភាអាម៉េរិក ចាំបាច់ត្រូវប្តូរប្រធានសភាថ្មីមួយរូប ដែលអាចទុកចិត្តបាន។ 
 
សមាជិកសភាមកពីបក្សសាធារណរដ្ឋមាននិន្នាការអភិរក្សនិយម តែងទទូចឱ្យ រដ្ឋាភិបាលអាម៉េរិកកាត់បន្ថយការចំណាយ។ 
 
ប៉ុន្មានម៉ោងក្រោយ លោក McCarthy បានជំរុញឱ្យសមាជិកសភាបក្សសាធារណរដ្ឋមាននិន្នាការអភិរក្សនិយម បន្តនីតិវិធីដករូបលោក ប្រសិនបើលោក Matt អាចធ្វើបាន។ 
 
«បាទ ខ្ញុំនឹងរួចផុតពីការដកតំណែង»។ ប្រធានសភាតំណាងអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន CBS នៅថ្ងៃទី១ ខែតុលា។ ជុំវិញបញ្ហានេះ លោក McCarthy បានចាត់ទុកជាបញ្ហាផ្ទាល់ខ្លួននជាមួយលោក Matt។ 
 
មិនតែប៉ុណ្ណោះ លោក McCarthy បានបន្តថា លោក Matt ប្រឆាំងនឹងលទ្ធភាពរបស់សមាជិកសភាអភិរក្សនិយមក្នុងការការពារព្រំដែនអាម៉េរិកថែមទៀត។ 
 
ពេលនេះ ប្រធានបទការដកតំណែងលោក McCarthy កំពុងត្រូវបានជជែកយ៉ាងខ្លាំង ក្នុងចំណោមសមាជិកសភាបក្សសាធារណរដ្ឋ។ 
 
កន្លងមក លោក McCarthy ក៏ស្ថិតនៅក្រោមសម្ពាធរបស់សមាជិកសភាបក្សសាធារណរដ្ឋដែលមាននិន្នាការគាំទ្រអភិរក្សនិយមផងដែរ ក្នុងការបើកការស៊ើបអង្កេតលើការដកតំណែងលោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក មុនការបោះឆ្នោតមកដល់ ក្រោមបទចោទរំលោភអំណាច និងអំពើពុករលួយ៕ 
 

Tag:
 អាម៉េរិក
  សភា
© រក្សាសិទ្ធិដោយ thmeythmey.com