កីឡាអន្តរជាតិ
អន្តរជាតិ
ក្រិក បិទកីឡដ្ឋានអូឡាំពិករបស់ខ្លួន ដោយសារបញ្ហាសុវត្ថិភាព
04, Oct 2023 , 7:59 am        
រូបភាព
អាជ្ញាធរប្រទេសក្រិក បានបិទកីឡដ្ឋានអូឡាំពិក ដែលជាកីឡដ្ឋានដ៏ធំរបស់ខ្លួន ជុំវិញការបារម្ភអំពីបញ្ហាសុវត្ថិភាពនៃដំបូលដែកក្នុងកីឡដ្ឋាន​។ កីឡដ្ឋានអូឡាំពិករបស់ប្រទេសក្រិកបានសាងសង់ឡើងសម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងទីក្រុង អាថែន កាលពីឆ្នាំ ២០០៤។


កីឡដ្ឋានដ៏ធំដែលអាចផ្ទុកអ្នកទស្សនាប្រមាណ ៧ម៉ឺននាក់មួយនេះ តែងតែងរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាធំៗនៅក្នុងប្រទេសក្រិកពីមួយឆ្នាំ ទៅមួយឆ្នាំ។ កីឡដ្ឋានមួយនេះក៏ធ្លាប់បានរៀបចំការប្រកួតពានរង្វាន់ UEFA Champions League ក៏ដូចជាការប្រគុំតន្ត្រីផងដែរ។
 
មន្ត្រីកីឡដ្ឋានកាលពីថ្ងៃទី២៩ ខែកញ្ញា បាននិយាយថារាល់សកម្មភាពទាំងអស់ដែលចាប់ពីការប្រកាស នឹងត្រូវផ្អាកទាំងអស់ ដោយគ្មានការកំណត់ច្បាស់លាស់ បន្ទាប់ពីការសិក្សាបានរកឃើញថាដំបូលនៃកីឡដ្ឋាន កំពុងមានសភាពទ្រុតទ្រោម ហើយមិនអាចធានាបាននូវសុវត្ថិភាពបាន។ 
  


មន្ត្រីកីឡដ្ឋានបានលើកឡើងដូច្នេះថា​ ៖ «ដំបូលមិនអាចបំពេញកម្រិតដែលត្រូវអនុញ្ញាតនៃភាពស្ថិតស្ថេរ និងការជាប់នៅបានយូបន្តទៀត។»។
 
កីឡដ្ឋានអូឡាពិក ក្នុងទីក្រុង អាថែន ក៏ជាផ្ទះរបស់ក្រុមអត្តពលិកក្រិក ​Olympic Athletic Center of Athens (OAKA) ចាប់តាំងពីកីឡដ្ឋាននេះបានបើករៀបចំការប្រកួតកីឡាអូឡាំពិកតាំងពីឆ្នាំ ២០០៤។ កីឡដ្ឋានដដែលនេះក៏ជាផ្ទះរបស់ក្លិបបាល់ទាត់ Panathinaikos សម្រាប់ការប្រកួតពានរង្វាន់លំដាប់ទីពីរអឺរ៉ុប Europa league រដូវកាល ២០២៣-២៤ ផងដែរ។
 
មុននឹងការសម្រេចចិត្តបិទទីកន្លែងប្រមូលផ្តុំនៃកីឡាដ៏ធំក្នុងកីឡដ្ឋាន មន្ត្រីកីឡា រួមទាំងគណៈកម្មាធិការអូឡាំពិកទីក្រុង ​Hellenic កាលពីថ្ងៃទី៣០ ខែកញ្ញា ក៏ដូចជាមួយនឹងរដ្ឋមន្ត្រីកីឡាលោក Yiannis Vroutsis បានជួបប្រជុំគ្នាដើម្បីរកដំណោះស្រាយ ដើម្បីអាចកែលម្អរកីឡដ្ឋានដើម្បីបើកដំណើរការឡើងវិញ។
 
បើតាមរដ្ឋមន្ត្រីកីឡាលោក Vroutsis បានអះអាងថាលោករំពឹងថានឹងផ្តល់សេចក្តីប្រកាសលម្អិតបន្ថែមអំពី ទីតាំងដែលក្រុមអត្តពលិកត្រូវបន្តទៅស្នាក់នៅហ្វឹកហាត់ ក្រោយពេលដែលកីឡដ្ឋានត្រូវសម្រេចបិទទ្វារ៕
 

Tag:
 ក្រិក
© រក្សាសិទ្ធិដោយ thmeythmey.com