ជាតិ
ពីនេះ ពីនោះ
គ្រូ គឺអ្នកដែលមាន​ចិត្តធ្ងន់, អ្នក​ដែលគួរគេគោរព
05, Oct 2023 , 7:29 am        
រូបភាព
«គ្រូ»  អ្នកដែលមានចិត្តធ្ងន់; អ្នកដែលគួរគេគោរព គឺអ្នកបង្ហាត់បង្រៀនចំណេះវិជ្ជាសិល្បសាស្ត្រផ្សេងៗ ដល់សិស្ស :  គ្រូអក្សរ, គ្រូលេខ, គ្រូភ្លេង ...។  សមណៈដែលបំបួសកុលបុត្រឱ្យបានជាបព្វជិត :  គ្រូបំបួស, គ្រូសូត្រ។  ពេទ្យរក្សារោគ :  គ្រូពេទ្យ, គ្រូថ្នាំ, ទៅរកគ្រូមកមើលជំងឺ។
 
«គ្រូបង្រៀន» ជា​អ្នកដែលផ្ដល់ការអប់រំទូន្មាន បង្ហាត់បង្ហាញ ផ្ដល់ចំណេះដឹង និងចំណេះធ្វើដល់សិស្សានុសិស្ស :  គ្រូបង្រៀននៅជនបទ។  «គ្រូដើម» ជា​​គ្រូបាធ្យាយដែលតាមថែរក្សា។  «គ្រូបង្គោល» គឺ​គ្រូដែលមានជំនាញ បច្ចេកទេស វិធីសាស្ត្រ និងបទពិសោធច្រើនផ្ដល់ដល់គ្រូបង្រៀនឯទៀត :  វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល។  
 
វចនានុក្រមខ្មែរ២០២២​របស់ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរ ក៏មាន​សេចក្តីពន្យល់​បន្ថែមទៀត​អំពីកូនពាក្យផ្សេងទៀត​ពាក់ព័ន្ធនឹង «គ្រូ​» ផងដែរ​។ «គ្រូបង្វឹក» ជា​គ្រូបង្ហាត់ពិសេសផ្នែកក្បាច់គុន កីឡា ឬសិល្បៈជាដើម :  គ្រូបង្វឹកបាល់ទាត់ថ្នាក់ជាតិ។  គ្រូ​បង្វឹក ក៏មានន័យថា ជា​អ្នកណែនាំ បង្ហាត់បង្រៀនឱ្យថ្នឹកដោយអនុវត្តផ្ទាល់លើជំនាញណាមួយ :  ថ្នាក់ដឹកនាំជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករជាតិ។  
 
«គ្រូបង្ហាត់» ជាអ្នកបង្រៀនក្បាច់គុន កីឡា ឬសិល្បៈជាដើម :  គ្រូបង្ហាត់កីឡា។  «គ្រូបាធ្យាយ» គឺ​គ្រូឧបជ្ឈាយ៍ ឬ គ្រូ (មានគ្រូសូត្រជាដើម) និងឧបជ្ឈាយ៍ :  សិស្សត្រូវសម្ដែងសេចក្ដីគោរពចំពោះគ្រូបាធ្យាយ។ (សាស្ត្រាច្បាប់ក្រម) រីគ្រូបាធ្យាយ ប្រដូចនឹងម្ដាយ ឪពុកសោតណា ...។  
 
«គ្រូសូត្រឆ្វេង» ជាឋានន្តរសក្ដិរបស់មន្ត្រីសង្ឃ ដែលមានតួនាទីជាជំនួយការរបស់គ្រូចៅអធិការវត្ត។ គ្រូសូត្រឆ្វេង ត្រូវកាន់បញ្ជីគរុភណ្ឌព្រមទាំងត្រួតត្រាមើលបញ្ជីប្រាក់ចំណូលចំណាយរួមជាមួយនឹងអាចារ្យវត្ត។ គ្រូសូត្រឆ្វេងក៏មានតួនាទីត្រូវត្រួតត្រាសាលាសិក្សាទាំងអស់ក្នុងវត្ត ព្រមទាំងប្រាស្រ័យទៅកាន់រាជការមុខក្រសួងខាងសិក្សា ហើយសំអាតទីវត្ត ជួសជុលទីសេនាសនៈឬសង់ថ្មី រួបរួមជាមួយអាចារ្យវត្ត :  វត្តអារាមនីមួយៗមានព្រះចៅអធិការមួយរូបអមដោយគ្រូសូត្រស្ដាំនិងគ្រូសូត្រឆ្វេង។  
 
«គ្រូសូត្រស្តាំ» ជា​ឋានន្តរសក្ដិរបស់មន្ត្រីសង្ឃ ដែលមានតួនាទីជាជំនួយការរបស់គ្រូចៅអធិការវត្ត ហើយត្រូវកាន់សៀវភៅសំណៅសំបុត្រចេញ ចូល, លេខឆាយា សង្ឃដីកា, បញ្ជីរាយនាម ភិក្ខុ សាមណេរក្នុងវត្ត និងសៀវភៅភិក្ខុ សាមណេរចូលមកកាន់វត្ត១និងចេញពីវត្ត១ព្រមទាំងត្រួតត្រាវត្តទាំងមូលជំនួសចៅអធិការ :  ក្រុមជំនុំសង្ឃក្នុងវត្តមានគ្រូសូត្រស្ដាំជាប្រធាន។  
 
«គ្រូឧទ្ទេស» ជា​អ្នកផ្ដល់បទឧទ្ទេស។  «គ្រូគង្វាល» ជា​អ្នកដឹកនាំសាសនានៃព្រះវិហារប្រូតេស្តង់មួយចំនួន។ «គ្រូទាយ»
ជាអ្នកដែលចេះក្បួនហោរាទស្សន៍ទាយ :  កុំសូវជឿគ្រូទាយពេក សូម្បីតែកូនរបស់គ្រូទាយ ក៏មានបែកបាក់គ្នាដែរ។  «គ្រូធ្មប់»
គឺអ្នកដែលចេះមន្តអាគម ធ្វើអំពើនរណាម្នាក់ឱ្យឈឺ ឬ ដោះអំពើអាបធ្មប់ :  គ្រូធ្មប់អន្ទងក្រពើឱ្យពាំសាកសពបុរសបាត់ខ្លួនមកលើគោក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com