កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាអាស៊ី៖ ម្ចាស់ការពារជើងឯកកូរ៉េខាងត្បូង ប៉ះគូប្រជែងចាស់ជប៉ុន ដណ្តើមមេដាយមាស បាល់ទាត់បុរស
05, Oct 2023 , 10:19 am        
រូបភាព
ម្ចាស់ការពារតំណែងជើងឯកកូរ៉េខាងត្បូង ត្រូវប៉ះក្រុមរងជើងឯកជប៉ុន ដើម្បីដណ្តើមមេដាយមាស ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ វិញ្ញាបាល់ទាត់បុរស។ កូរ៉េខាងត្បូង បានទម្លាក់អ៊ូសបេគីស្ថាន ឯជប៉ុន ទម្លាក់ហុងកុង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ហុងកុង និងអ៊ូសបេគីស្ថាន ត្រូវប្រកួតដណ្តើមមេដាយសំរឹទ្ធ។

នៅជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកីឡដ្ឋាន Xiaoshan Sports Centre ក្រុងហាងចូវ ប្រទេសចិន នៅល្ងាចថ្ងៃទី៤ ខែតុលា ក្រុមជើងឯករងឆ្នាំ ២០១៨ U23-ជប៉ុន បានយកឈ្នះហុងកុងក្នុងលទ្ធផល ៤-០។ ៤គ្រាប់របស់ជប៉ុន សម្រេចបានដោយកីឡាករ Shun Ayukawa ១គ្រាប់ Shota Hino ២គ្រាប់ និង​ Yota Komi ១គ្រាប់។ 
 
កូរ៉េខាងត្បូង ដែលជាក្រុមជើងឯកនៅហ្សាការតា បានទម្លាក់អ៊ូសបេគីស្ងាននៅវគ្គ៤ក្រុមចុងក្រោយក្នុងលទ្ធផលប្រផិតប្រផើយ ២-១ នៅកីឡដ្ឋាន Huanglong Sports Centre ក្នុងក្រុងហាងចូវ។ ២គ្រាប់របស់កូរ៉េ ធ្វើបានដោយ Jeong Woo-yeong ទាំងពីរគ្រាប់ ឯ១គ្រាប់របស់អ៊ូសបេគីស្ថានធ្វើបានដោយ Jasurbek Jaloliddinov។
 
នេះជាការជួបគ្នាវគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាសកីឡាអាស៊ីលើកទី២ជាប់គ្នា រវាង U23 កូរ៉េខាងត្បូង និង U23 ជប៉ុន បន្ទាប់ពីក្រុមទាំងពីរប៉ះគ្នារួចមកហើយនៅឆ្នាំ២០១៨ ដែលឥណ្ឌូណេស៊ីធ្វើម្ចាស់ផ្ទះ។ កាលនោះ កូរ៉េខាងត្បូង បានយកឈ្នះជប៉ុន ក្នុងលទ្ធផល ២-១។
 
សម្រាប់ជំនួបវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅថ្ងៃទី៧ ខែតុលា វេលាម៉ោង៩យប់ [ម៉ោងនៅកម្ពុជា] តើកូរ៉េខាងត្បូង អាចការពារមាដាយមាសរបស់ខ្លួន ឬជប៉ុន សងសឹកបានសម្រេច?
ដោយឡែក ហុងកុង និងអ៊ូសបេគីស្ថាន ដែលធ្លាក់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រូវប្រជែងគ្នាមួយប្រកួតចុងក្រោយដណ្តើមមេដាយសំរឹទ្ធ នៅថ្ងៃទី៧ ខែតុលា វេលាម៉ោង ៣រសៀល [ម៉ោងនៅកម្ពុជា]។
 
កូរ៉េខាងត្បូង ជាក្រុមជោគជ័យបំផុតសម្រាប់វិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ដោយគ្រងជើងឯកមេដាយមាស ច្រើនជាងគេចំនួន ៥ដង​ តាមពីក្រោយដោយអ៊ីរ៉ង់៤លើក ឥណ្ឌា មីយ៉ាន់ម៉ា ឆាយន្នីសតាយប៉ិ ២លើកដូចគ្នា ចំណែក ជប៉ុន កូរ៉េខាងជើង អ៊ីរ៉ាក់ កាតា និង អ៊ូសបេគីស្ថាន ទទួលបានមាស១លើក៕
 

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com