អន្តរជាតិ
លោក បៃឌិន ប្រកាសលុបចោលបំណុលនិស្សិតជាង១២ម៉ឺននាក់
05, Oct 2023 , 9:59 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ឯកភាពផ្ដល់ជំនួយសង្រ្គោះជាកម្ចីប្រមាណ៩ពាន់លានដុល្លាររបស់និស្សិ​១២៥,០០០នាក់។ ការលុបចោលបំណុលនេះ នឹងជួយនិស្សិតអាម៉េរិកដែលជាប់ផុងដោយសារការខ្ចីលុយបន្តការសិក្សា។
 
ក្នុងកញ្ចប់ជំនួយនេះ ជំនួយសង្គ្រោះបំណុលចំនួន៥,២ពាន់លានដុល្លារសម្រាប់អ្នកខ្ចី៥៣,០០០​នាក់​ក្រោមកម្មវិធីការលើកលែងកម្ចីសេវាសាធារណៈ និងជិត២,៨ពាន់លានដុល្លារ​ក្នុ​ងការបន្ធូរ​បន្ថយ​បំណុលថ្មីសម្រាប់អ្នកខ្ចីជិត៥១,០០០នាក់។ ថវិកា១,២ពាន់លានដុល្លារផ្សេងទៀត នឹងជួយអ្នកខ្ចីជិត ២២,០០០នាក់ដែលមានពិការភាព ហើយត្រូវបានកំណត់អត្តសញ្ញាណតាមរយៈការផ្គូផ្គង ទិន្នន័យ​ជាមួយរដ្ឋបាលសន្តិសុខសង្គម។
 
មុនការប្រកាសនេះ លោកប្រធានាធិបតី ចូ បៃឌិន និយាយថា ការបន្ធូរបំណុលនេះ ជាការផ្លាស់ប្តូរជីវិតសម្រាប់បុគ្គលនិស្សិត និងក្រុមគ្រួសាររបស់ពួកគេ ប៉ុន្តែវាល្អសម្រាប់សេដ្ឋកិច្ចរបស់អាម៉េរិកផងដែរ។ បលោកបន្តថា ការដោះស្រាយបំណុលពីនិស្សិតអាមេរិក មានន័យថាពួកគេអាចរស់នៅបានតាមដោយស្រួល។
 
«ពួកគេអាចគិតអំពីការទិញផ្ទះ។ ពួកគេអាចចាប់ផ្តើមអាជីវកម្ម។ ពួកគេអាចចាប់ផ្តើមគ្រួសារបាន។ នេះ​ជា​បញ្ហា វា​សំខាន់​ចំពោះ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។» ប្រធានាធិបតីអាម៉េរិកបញ្ជាក់បែបនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com