កីឡាជាតិ
ជាតិ
កីឡាអេឡិចត្រូនិក ៖ See You Soon, Team MAX ឡើងវគ្គបន្ត ក្រោយឈ្នះរៀងៗខ្លួន
05, Oct 2023 , 7:28 pm        
រូបភាព
ការប្រកួតកីឡាអេឡិចត្រូនិកពានរង្វាន់ Mobile Legends Bang Bang Professional League (MPL Kh Autume Splitz) រដូវកាលទី៥ ថ្ងៃនៃការប្រកួតទីមួយនៃវគ្គចម្រុះ Playoff រកឃើញក្រុមចំនួន ២ ដែលមាន See You Soon និង Team MAX បន្តដំណើរទៅកាន់ការប្រកួតបន្ទាប់នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Playoffs Upper Bracket ក្រោយយកឈ្នះការប្រកួតរៀងៗខ្លួន នាថ្ងៃទី៥ ខែតុលា។


ជំនួបដំបូងថ្ងៃបើកឆាកវគ្គជម្រុះ Playoffs ក្រុម See You Soon ដែលមានចំណាត់ថ្នាក់លេខ ៣ នៅក្នុងការប្រកួតសន្សំពិន្ទុ Regular Season បានយកឈ្នះការប្រកួតលើក្រុម PRO Esports ដោយលទ្ធផលការប្រកួត ៣វគ្គទល់១វគ្គ ពីការប្រកួតចំនួន ៥វគ្គ (Best Of 5)។ 
 
បើទោះជាការប្រកួតវគ្គទីមួយ See You Soon រងបរាជ័យក្រោមថ្វីដៃរបស់កីឡាករក្រុម PRO Esports ប៉ុន្តែពួកគេនៅតែអាចរកបានការវាយបកឈ្នះវិញដោយលទ្ធផល ៣វគ្គជាប់ៗគ្នាតែម្តង។


 
ដោយឡែក Team MAX ក្រុមដែលបង្ហាញខ្លួនចំនួន ៣រដូវកាល ក៏បានបំបាក់ក្រុមចំណូលថ្មី D-Roar Legends ដោយលទ្ធផល ៣វគ្គទល់នឹង ១វគ្គដូចគ្នា ដើម្បីដណ្តើមកៅអីទៅវគ្គបន្ទាប់។ 
ចាប់ផ្តើមការប្រកួត Team MAX បានគ្រប់គ្រងការប្រកួតនៃវគ្គនីមួយៗបានយ៉ាងល្អ ដោយពួកគេបានយកឈ្នះការប្រកួត ២វគ្គ ដំបូងមុនពេលដែល ក្រុម D-Roar Legends អាចវាយបក ១វគ្គមកវិញ នៅការប្រកួតវគ្គទី៣ ប៉ុន្តែទោះយ៉ាងណាឈានដល់ការប្រកួតវគ្គទី៤ Team MAX បានបង្ហាញសមត្ថភាពនៃការយល់ចិត្តគ្នាជាក្រុមសារជាថ្មី និងការជ្រើសរើសនូវតួអង្គបានយ៉ាងល្អក្នុងការបញ្ចប់ការប្រកួតត្រឹមវគ្គទី៤។
 
ការប្រកួតបន្ទាប់នៅថ្ងៃទី៦ ខែតុលា ដែលជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Playoffs Upper Bracket ដោយក្រុម See You Soon នឹងត្រូវទៅប៉ះជាមួយនឹងក្រុម BURN x FLASH ដែលជាក្រុមការពារតំណែងឯក MPL Cambodia រដូវកាលមុន។ ក្រោយទម្លាក់ក្រុមចំណូលថ្មី D-Roar Legends រួច Team MAX នឹងបន្តដំណើររបស់ខ្លួនដោយឡើងទៅប៉ះក្រុម CFU Gaming ដែលជាក្រុមចំណាត់ថ្នាក់លេខ ១ នៃវគ្គ Regular Season។ 
 
ក្រុមដែលចាញ់ការប្រកួតនៃវគ្គជម្រុះ Playoffs ដែលរួមមានក្រុម PRO Esports និងក្រុម D-Roar Legends ត្រូវដណ្តើមចំណាត់ថ្នាក់លេខ ៥ សម្រាប់ពានរង្វាន់ MPL Cambodia រដូវកាលទី៥៕
 


Tag:
 កីឡាអេឡិចត្រូនិក
  MPL Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com