កីឡាជាតិ
ជាតិ
ប្រវត្តិសាស្ត្រ! ខ្សែបម្រើជប៉ុន Yudai Ogawa ក្លាយជាសមាជិកក្រុមជម្រើសជាតិកម្ពុជា
06, Oct 2023 , 8:19 am        
រូបភាព
ស្វាគមន៍កីឡាករ Yudai Ogawa មក​កាន់ក្រុមជម្រើសជាតិ​កម្ពុជា។ នេះជាសារ​ដែល​បង្ហោះនៅ​លើហ្វេសប៊ុក​ផ្លូវការ​របស់សហព័ន្ធកីឡា​បាល់ទាត់កម្ពុជា អមដោយ​រូបភាព​កីឡាកររូបនេះ ជាមួយ​នឹង​អាវជម្រើសជាតិកម្ពុជា។

សហព័ន្ធ​បាន​បន្ថែមថា៖ «ជូនពរជោគជ័យ​លើ​វិថីបាលទាត់ជាមួយ​ក្រុមជម្រើសជាតិយើង»។ ដំណឹង​ដ៏គួរឲ្យភ្ញាក់ផ្អើល​នា​ព្រឹកថ្ងៃទី​៦ ខែតុលា នេះ មាន​ន័យថា ខ្សែបម្រើជប៉ុន Yudai Ogawa ដែលបច្ចុប្បន្ន​កំពុងលេងឲ្យក្លិបភ្នំពេញក្រោន ក្លាយជាកីឡាករ​បាល់ទាត់បរទេសទីមួយ​ដែលចូល​រួម​ក្នុងក្រុមជម្រើសជាតិកម្ពុជា។



ក្រុម​កីឡា​បាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតក្រោម​ការដឹកនាំរបស់គ្រូបង្វឹកអាហ្សង់ទីន Felix Dalmas កំពុង​ត្រៀម​ខ្លួន​សម្រាប់ការប្រកួតជម្រុះបឋម​ FIFA World Cup ដោយត្រូវស្វាគមន៍ប៉ាគីស្ថាន នាជំនួបជើងទីមួយនៅពហុកីឡដ្ឋានជាតិ ល្ងាចថ្ងៃទី១២ ខែតុលា។

វ័យ​២៧​ឆ្នាំ Yudai បានចាប់ផ្តើម​ប្រឡូកក្នុងក្របខណ្ឌបាល់ទាត់កម្ពុជា ជាមួយ​ក្លិបក្រសួងការពារជាតិ (កងយោធពលខេមរភូមិន្ទ) នៅឆ្នាំ​២០១៨ ហើយ​បន្ត​ជាមួយអង្គរថាយហ្គឺរ២រដូវកាល មុននឹង​ចូលរួមជាមួយភ្នំពេញក្រោន​ចាប់ពី​ឆ្នាំ២០២១ មក។ មុនមក​ដល់កម្ពុជា ខ្សែបម្រើ​រូបនេះ មាន​ប្រវត្តិ​ប្រឡូកក្នុងអាជីពជាមួយ​ក្លិបជប៉ុន FC Gifu និងក្លិបប៉ូឡូញ RTS Widzew Lodz។

នៅភ្នំពេញក្រោន Yudai ឈ្នះពាន Premier League ពីរ​លើក ឈ្នះ Cambodian Super Cup ពីរលើក និង Cambodian League Cup ពីរលើក ហើយជាប់ជាកីឡាករឆ្នើម​ប្រចាំការប្រកួតជាញឹកញាប់។

តាមលក្ខន្តិកៈ FIFA ឆ្នាំ២០១៦ កីឡាករដែលអាចលេងឱ្យក្រុមជម្រើសជាតិណាមួយបាន លុះត្រាតែ គាត់កើតលើទឹកដីនៃសហព័ន្ធកីឡាបាល់ទាត់នោះ, មានម្តាយបង្កើត ឬឪពុកបង្កើត កើតនៅលើទឹកដីនៃសហព័ន្ធកីឡាបាល់ទាត់នោះ, មានជីដូនឬជីតា កើតនៅលើទឹកដីនៃសហព័ន្ធកីឡាបាល់ទាត់នោះ ឬ គាត់រស់នៅយ៉ាងហោចណាស់៥ឆ្នាំជាប់គ្នា ក្រោយឈានដល់អាយុ១៨ឆ្នាំ នៅលើទឹកដីនៃសហព័ន្ធកីឡាបាល់ទាត់នោះ៕ 




© រក្សាសិទ្ធិដោយ thmeythmey.com