ជាតិ
សាសនា / ធម៌
ធុតង្គ គឺអង្គរបស់​បុគ្គលអ្នកកំចាត់កិលេស
06, Oct 2023 , 9:39 pm        
រូបភាព
ធុតង្គ គឺអង្គរបស់​បុគ្គលអ្នកកំចាត់កិលេស ឬថា ធម្មជាតិ មានញាណ សម្រាប់​កំចាត់​បង់​នូវកិលេស។ ន័យមួយទៀតថា អង្គនៃសេចក្តីប្រតិបត្តិ សម្រាប់កំចាត់​បង់នូវធម៌​ជា​សត្រូវ ។
 
បុគ្គលអ្នកមានសទ្ធា ប្រព្រឹត្តធុតង្គ ហើយចំរើនកម្មដ្ឋានផងក៏បាន ឬមានសទ្ធាត្រឹមតែ​រក្សា​សីល ចំរើនកម្មដ្ឋានក៏បាន តែបើមានសេចក្តីនឿយណាយក្នុងខន្ធ ៥ ដែលប្រកប​ដោយ​មហាទុក្ខគ្រប់យ៉ាង ក៏គួរប្រព្រឹត្តធុតង្គផង ចម្រើន​កម្មដ្ឋានផង ព្រោះជាកិច្ច​ប្រតិបត្តិមួយ​នាំ​មក​នូវសេចក្តី​ចំរើននៃសីលដ៏បរិសុទ្ធផង ជាកិច្ចប្រតិបត្តិយ៉ាងហ្មត់ហ្មង ក្នុងការលះ​កិលេស​​​​យ៉ាងឧក្រិដ្ឋផង ជាកិច្ចប្រតិបត្តិក្នុងការត្រាស់ដឹងនូវលោកុត្តរធម៌យ៉ាង​ឆាប់​រហ័ស​ផង ហើយជាកិច្ច​មួយដើម្បីរក្សាទុកនូវ​វត្តដ៏ប្រសើររបស់ព្រះអរិយបុគ្គលទាំងឡាយ មាន​ព្រះពុទ្ធ​ជាដើមផង។
 
ធុតង្គ មាន១៣យ៉ាងគឺ៖
. បង្សុកូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាទ្រទ្រង់​នូវចីវរដែលដល់នូវភាព​គួរខ្ពើម​ដូច​អាចម៍ដី ជាប្រក្រតី។
. តេចីវរិកង្គ អង្គរបស់ភិក្ខុអ្នកមាន​ចីវរ ៣ គឺ សង្ឃាដិ ចីវរ និងស្បង់ ជាប្រក្រតី។
. បិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយា​ត្រាច់ទៅដើម្បី​បិណ្ឌបាត​ជា​វត្ត។
. សបទានចារិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាត្រាច់ទៅដើម្បីបិណ្ឌបាតរៀង​តាម​លំដាប់​នៃផ្ទះ ជាប្រក្រតី គឺ​មិន​រំលងទៅ​ផ្ទះដទៃ។
. ឯកាសនិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងអាសនៈ ១ ជា​ប្រក្រតី គឺ​ឆាន់​ក្នុង​កន្លែង​តែមួយ​រហូត​ដល់ឆាន់រួច​រាល់។
. បត្តបិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងបាត្រ ១។
. ខលុបច្ឆាភត្តិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាមិនបរិភោគនូវភត្ត ដែលខ្លួនហាម​នូវ​ភោជន​រួចហើយ ទើបបានមកខាងក្រោយ ជាប្រក្រតី គឺថាបើ​ចាប់​ផ្តើម​ឆាន់​ហើយ គឺ​មិន​​ទទួល​ចង្ហាន់​ដែល​នាំ​មកតាម​ក្រោយឡើយ។
. អារញ្ញិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យព្រៃជាប្រក្រតី។
. រុក្ខមូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យទៀបគល់​ឈើ​ជាប្រក្រតី។
១០. អព្ភោកាសិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុង​ទី​វាលស្រឡះ​ ជា​ប្រក្រតី។
១១. សោសានិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុងព្រៃស្មសាន។
១២. យថាសន្ថតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅតែក្នុងទីសេនាសនដែលភិក្ខុ​សំដែង​ឲ្យជា​ដំបូងដដែល មិនរើរុះ ជាប្រក្រតី។
១៣. នេសជ្ជិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាឃាត់នូវឥរិយាបថដេក ហើយនៅដោយ​ឥរិយាបថ​អង្គុយ ជាប្រក្រតី៕
 
ប្រភព៖ www.5000-years.org
 

Tag:
 សាសនា
© រក្សាសិទ្ធិដោយ thmeythmey.com