អន្តរជាតិ
ប៉ូលិសក្រុងណាកាហ្សាគី អនុញ្ញាតមន្រ្តីប៉ូលិសឱ្យពាក់វែនតាការពារពន្លឺព្រះអាទិត្យ ដើម្បីថែសុខភាពភ្នែក
08, Oct 2023 , 8:59 pm        
រូបភាព
រូបភាព Kyodo
រូបភាព Kyodo
ប៉ូលិសក្នុងក្រុងណាកាហ្សាគី ជប៉ុន ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់វែនតាការពារពន្លឺព្រះអាទិត្យ ដើម្បីការពារសុខភាពភ្នែកពីពន្លឺព្រះអាទិត្យ និងកាំរស្មីយូវី (Ultraviolet Light)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo នៅថ្ងៃទី៧ ខែតុលា។
 
បើទោះប៉ូលិសក្រុងណាកាហ្សាគី មិនត្រូវបានហាមឃាត់ឱ្យពាក់វែនតាការពារពន្លឺព្រះអាទិត្យក្នុងអំឡុងពេលបំពេញការងារ ប៉ុន្តែប៉ូលិសជប៉ុននេះ តែងបារម្ភពីការពាក់វែនតា ក្រោយហេតុផលបំភ័យប្រជាជននៅក្នុងស្រុក។
 
យ៉ាងណាមិញ ចាប់តាំងពីថ្ងៃទី១៩ ខែកញ្ញា មន្រ្តីប៉ូលិសក្រុងណាកាហ្សាគី ត្រូវបានគាំទ្រឱ្យប្រើប្រាស់វែនតាខ្មៅ ក្នុងអំឡុងពេលបើកបររថយន្តល្បាត បន្ទាប់ពីមន្រ្តីប៉ូលិសបានត្អូញត្អែរពីបញ្ហាក្នុងពេលបើកបរ ពាក់ព័ន្ធនឹងពន្លឺ ក៏ដូចជាហេតុផលក្នុងការការពារកាំរស្មីយូវី។ 
 
«យើងចាប់ផ្តើមចំណាត់ការនេះ ដើម្បីបង្ការឧបទ្ទវហេតុក្នុងពេលល្បាត និងការបន្ថយបញ្ហាប៉ះពាល់ភ្នែក។ យើងសង្ឃឹមថា សាធារណជននឹងយល់ពីបញ្ហានេះ»។ លោក Yoshiteru Oba មន្រ្តីប៉ូលិសក្រុងណាកាហ្សាគី បានបញ្ជាក់បែបនេះ។
 
ក្រៅពីក្រុងណាកាហ្សាគី ប៉ូលិសក្រុង Toyama ក៏អនុញ្ញាតឱ្យមន្រ្តីខ្លួនពាក់វែនតាការពារពន្លឺថ្ងៃផងដែរ ក្នុងតំបន់មានចរាចរណ៍ច្រើន ចាប់តាំងពីខែកក្កដាមកម្លេះ៕ 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com