អន្តរជាតិ
តើក្រុមហាម៉ាសជានរណា?
09, Oct 2023 , 1:57 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក ក្រុមហាម៉ាសដែលមានមូលដ្ឋាននៅក្នុងតំបន់កាហ្សា បានវាយប្រហារលើអ៊ីស្រាអែល នៅតាមតំបន់ព្រំដែនរវាងដែនដីទាំងពីរ។ មិនតែប៉ុណ្ណោះ ក្រុមហាម៉ាស បានបាញ់គ្រាប់រ៉ុក្កែត យ៉ាងហោចណាស់៥ពាន់គ្រាប់មកលើអ៊ីស្រាអែល ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើនរយនាក់ក្នុងនោះក៏មានជនបរទេស។ តើក្រុមហាម៉ាសជានរណា? ហេតុអ្វីក្រុមមួយនេះ តែងប្រឆាំងនឹងអ៊ីស្រាអែល?
 
ក្រុមហាម៉ាសមានមូលដ្ឋាននៅក្នុងតំបន់កាហ្សា។ ក្រុមមួយនេះ ជាចលនាប្រឆាំងអ៊ីស្រាអែលដ៏ធំមួយនៅក្នុងតំបន់កាហ្សាដែលមានប្រជាជនរស់នៅ ២លាននាក់។ ក្រុមនេះ ជាគូប្រជែងរបស់ក្រុម Fatah ដែលកំពុងកាន់កាប់ទឹកដីត្រើយខាងលិច។
 
ក្រុមហាម៉ាស ត្រូវបានបង្កើតឡើងដំបូងដោយលោក Sheik Ahmed Yassin នៅក្នុងឆ្នាំ១៩៨៧ ដែលជាបុគ្គលដ៏សកម្មមួយរូបនៅក្នុងសហគមន៍មូស្លីម  ក្នុងអំឡុងពេលប្រជាជនប៉ាឡេស្ទីនក្រោកឈរប្រឆាំងនឹងការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែលនៅតំបន់ត្រើយខាងលិច និងតំបន់កាហ្សា កាលអំឡុងឆ្នាំនោះ។ 
 
ចាប់តាំងពីពេលនោះមក ក្រុមហាម៉ាស តែងធ្វើប្រតិបត្តិការវាយប្រហារលើប្រជាជនអ៊ីស្រាអែល ក៏ដូចជាចាប់ខ្លួន និងសម្លាប់ទាហានអ៊ីស្រាអែល។ ផ្ទុយពីអង្គការរំដោះប៉ាឡេស្ទីន (PLO) ដែលដឹកនាំដោយ លោក Mahmoud Abbas ក្រុមហាម៉ាស មិនបានទទួលស្គាល់អ៊ីស្រាអែលជារដ្ឋឡើយ ហើយថែមទាំងព្រមាន បណ្តេញជនជាតិជ្វីហ្វចេញពីតំបន់ដែលអ៊ីស្រាអែលតាំងនៅ ឱ្យអស់ថែមទៀត។ 
 
ក្រុមហាម៉ាស មានន័យថា ក្រុមចលនាតស៊ូឥស្លាម ដែលគោរពតាមគោលការណ៍ចំនួន ៣ធំៗគឺ សាសនា ការជួយសង្រ្គោះ និងប្រយុទ្ធប្រឆាំងអ៊ីស្រាអែល។ កន្លងមក ក្រុមសកម្មប្រយុទ្ធមួយនេះ ត្រូវបានអាម៉េរិក អ៊ីស្រាអែល សហភាពអឺរ៉ុប កាណាដា អេហ្ស៊ីប និងជប៉ុន ជាដើម ចាត់ទុកជាក្រុមភេរវករ។ 
 
មែនទែនទៅ ក្រុមហាម៉ាស បានកាន់អំណាចនៅក្នុងតំបន់កាហ្សាចាប់តាំងពីឆ្នាំ២០០៧ មកក្រោយពីមានសង្រ្គាមប្រឆាំងនឹងក្រុមប្រដាប់អាវុធ Fatah ដែលជាកម្លាំងដ៏សំខាន់មួយនៅក្នុងតំបន់កាហ្សានោះ។ ក្រុមប្រដាប់អាវុធ Fatah ជាកងកម្លាំងស្មោះត្រង់របស់លោក Mahmoud Abbas ប្រមុខអាជ្ញាធរប៉ាឡេស្ទីន និងអង្គការរំដោះប៉ាឡេស្ទីន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Al Jazeera។ 
 
នៅដើមឆ្នាំដំបូងនៃការកាន់អំណាចក្នុងតំបន់កាហ្សា ក្រុមហាម៉ាស ត្រូវបានប្រជាជនប៉ាឡេស្ទីនគាំទ្រយ៉ាងខ្លាំង ដោយសារតែឆន្ទៈក្នុងការប្រឆាំងអ៊ីស្រាអែល, ការរៀបចំប្រព័ន្ធដឹកនាំល្អជាងអង្គការរំដោះប៉ាឡេស្ទីន និងមានអំពើពុករលួយតិចជាដើម។ ប៉ុន្តែនៅឆ្នាំបន្ទាប់ ក្រុមហាម៉ាស មានតែធ្វើឱ្យប្រជាជននៅក្នុងតំបន់កាហ្សាពិបាកប៉ុណ្ណោះ ដោយសារតែប៉ះទង្គិចជាមួយអ៊ីស្រាអែលជាច្រើនឆ្នាំ ក៏ដូចជាការរាំងខ្ទប់ពីសំណាក់អ៊ីស្រាអែល និងអាហ្ស៊ីប មកក្នុងតំបន់នេះ។ 
 
កន្លងមក ក្រុមប្រដាប់អាវុធមួយនេះ ទទួលបានការគាំទ្រពីសំណាក់ក្រុមឥស្លាមជីហាត, អ៊ីរ៉ង់, ស៊ីរី និងក្រុមប្រដាប់អាវុធ Hezbollah មានមូលដ្ឋាននៅលីបង់។ ភាគច្រើនអ្នកគាំទ្រក្រុមហាម៉ាសគឺប្រឆាំងនឹងគោលនយោបាយរបស់អាម៉េរិក និងអ៊ីស្រាអែលនៅក្នុងតំបន់។ ជាច្រើនទសវត្សរ៍មកហើយ អ៊ីរ៉ង់ តែងផ្តល់អាវុធ បច្ចេកវិទ្យា ការហ្វឹកហាត់ដល់ក្រុមហាម៉ាស ក្នុងការកសាងអាវុធ និងគ្រាប់រ៉ុក្កែត ដែលអាចវាយប្រហារលើដែនដីជ្រៅៗរបស់អ៊ីស្រាអែល៕
 

Tag:
 អ៊ីស្រាអែល
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com