កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាអេឡិចត្រូនិក៖ ក្រុម See You Soon នឹងតំណាងកម្ពុជាក្នុងការប្រកួត MPLI និង M5 World Championship 09, Oct 2023 , 2:29 pm
× ក្រុមកីឡាអេឡិចត្រូនិក See You Soon គ្រងជើងឯកពានរង្វាន់ Mobile Legends Bang Bang Professional League (MPL Cambodia) រដូវកាលទី៥ និងជាលើកទី២ តាមរយៈការយកឈ្នះ CFU Gaming ដោយលទ្ធផល ៤-៣ វគ្គផ្តាច់ព្រ័ត្រ។ See You Soon នឹងក្លាយជាក្រុមតំណាងឱ្យកម្ពុជា ប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី MPLI នៅឥណ្ឌូណេស៊ី និង M5 World Championship នៅហ្វីលីពីន។
ការប្រកួតកាត់សេចក្តីដែលមាន ៧វគ្គ ដើម្បីស្វែងរកក្រុមជើងឯកសម្រាប់រដូវកាលទី៥ នៃលីគកីឡាអេឡិចត្រូនិកដ៏ធំក្នុងប្រទេសកម្ពុជា ក្រុម See You Soon និង CFU Gaming បានផ្តល់ការប្រកួតដ៏ស្វិតស្វាញ និងជក់ចិត្តបំផុតដែលមិនធ្លាប់មានទៅកាន់អ្នកគាំទ្រ។ ឆ្លងកាត់ការប្រកួតរយៈពេលជាង ២ខែ កន្លងមក ចាប់តាំងពីវគ្គ Regular Season ក្រុមទាំងពីបានឆ្លងការប្រកួតដ៏ស្វិតស្វាញជាច្រើន ហើយក៏ធ្លាប់បានប៉ះគ្នារួចមកហើយដែរ មុនពេលមកជួបគ្នាសាជាថ្មីនៅក្នុងវគ្គ Playoffs ដណ្តើមពានរង្វាន់។
នៅការប្រកួតវគ្គ Playoffs ដែលធ្វើឡើងចាប់ពីថ្ងៃទី៥ ដល់ទី៨ ខែតុលា ក្រុមម្ចាស់ជើងឯក See You Soon បានឆ្លងកាត់ការប្រកួតតាំងពីវគ្គជម្រុះ Playoffs Bracket ដោយពួកគេបានប៉ះក្រុម PRO Esports ហើយបានយកឈ្នះការប្រកួតនោះដោយលទ្ធផល ៣-១ មុនពេលបន្តដំណើរទៅកាន់ការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Upper Bracket ហើយយកឈ្នះលើក្រុម BURN x Flash ដោយលទ្ធផល ៣-០ ដូចគ្នា។ See You Soon បានឡើងទៅប៉ះ CFU Gaming ម្តងរួចមកហើយនៅវគ្គផ្តាច់ព្រ័ត្រ Upper Bracket ហើយបានយកឈ្នះការប្រកួតដោយលទ្ធផលដ៏ស្វិតស្វាញដូចគ្នាលទ្ធផល ៣-២ ។
ក្រុម CFU Gaming បានឆ្លងកាត់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយយកឈ្នះលើក្រុម Team MAX លទ្ធផល ៣-១ ដើម្បីទៅប៉ះក្រុម See You Soon នៅវគ្គផ្តាច់ព្រ័ត្រ Upper Bracket ប៉ុន្តែពួកគេត្រូវបានធ្លាក់ទៅកាន់តំបន់ Lower Bracket ក្រោយចាញ់ការប្រកួត ៣-២។ យ៉ាងណា CFU នៅតែអាចបន្តវិលត្រលប់ទៅប៉ះ See You Soon នៅវគ្គផ្តាច់ព្រ័ត្រ(Grand Finals) ក្រោយពួកគេបានទម្លាក់ក្រុម BURN x FLASH ដោយលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ Lower Bracket។
See You Soon បន្តយកឈ្នះលើ CFU Gaming នៅវគ្គផ្តាច់ព្រ័ត្រ ហើយឈ្នះការប្រកួតនេះបានធ្វើឱ្យក្រុមកីឡាអេឡិចត្រូនិក មួយនេះបានក្លាយជាក្រុមគ្រងជើងឯក ២សម័យកាល ដែលការឈ្នះលើកដំបូងរបស់ពួកគេ គឺតាំងពីរដូវកាលទី១ មក។ សម្រាប់ក្រុម CFU វិញនេះ គឺជាបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រនៃ MPL Cambodia ពីររដូវកាលជាប់គ្នា។
ក្លាយជាក្រុមឈ្នះជើងឯក ២សម័យកាល See You Soon តាមស្មើកំណត់ត្រាក្រុម BURN x Flash ដែលឈ្នះជើងឯក ២សម័យកាលដូចគ្នានៃការប្រកួតលីគអាជីព Mobile Legends របស់ប្រទេសកម្ពុជា។
គ្រងជើងឯកលីគ MPL Cambodia រដូវកាលទី៥ បានផ្តល់ឱកាសដល់ក្រុម See You Soon ដើម្បីក្លាយជាក្រុមតំណាងឱ្យប្រទេសកម្ពុជា សម្រាប់ការប្រកួតនៅក្នុងពានរង្វាន់ Mobile Legends Professional League Invitational ដែលធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី នៅក្នុងខែវិច្ឆិកា និងការប្រកួតពានរង្វាន់លំដាប់ពិភពលោក M5 World Championship នៅក្នុងប្រទេសហ្វីលីពីន នៅក្នុងខែធ្នូខាងមុខ៕
Tag:
កីឡាអេឡិចត្រូនិក
MPL Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com