សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
របាយការណ៍ ៖ ប្រទេសក្រីក្រត្រូវកាត់បន្ថយថវិកា២២០ពាន់លានដុល្លារ ដោយសារវិបត្តិបំណុល
10, Oct 2023 , 9:09 am        
រូបភាព
ប្រជាជនទទួលបានជំនួយពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅយេម៉ែន ។ រូបភាព AFP
ប្រជាជនទទួលបានជំនួយពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅយេម៉ែន ។ រូបភាព AFP
របាយការណ៍របស់អង្គការ Oxfam បានអះអាថា បច្ចុប្បន្នប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងចំណូលទាបកំពុងប្រឈមមុខនឹងការប្រាក់ ជុំវិញការសងបំណុលជិតកន្លះពាន់លានដុល្លារក្នុងមួយថ្ងៃរហូតដល់ដំណាច់ឆ្នាំ២០២៩។
 
ប្រទេសក្រីក្របំផុតជាច្រើននៅលើពិភពលោកកំពុងប្រឈមមុខនឹងហានិភ័យនៃការកាត់បន្ថយថវិការហូតដល់ ២២០ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយសារវិបត្តិបំណុលបានរុញច្រានប្រទេសទាំងនោះធ្លាក់ខ្លួនទៅរកស្ថានភាពដើមវិញ។ យោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី ៩ ខែតុលាដោយអង្គការ Oxfam International ។ 
 
បើតាមការលើកឡើងរបស់ Oxfam បច្ចុប្បន្នប្រទេសដែលមានចំណូលទាប និងមធ្យមកម្រិតទាបកំពុងប្រឈមនឹងការប្រាក់ និងការទូទាត់បំណុលជិតកន្លះពាន់លានដុល្លារក្នុងមួយថ្ងៃរហូតដល់ឆ្នាំ ២០២៩។ 
 
ប្រទេសកំពុងអភិវឌ្ឍជាច្រើនកំពុងស្ថិតក្រោមភាពតានតឹងនៃបំណុល ដោយសារការកើនឡើងអត្រាការប្រាក់សកល កំណើនអតិផរណា និងវិបត្តិសេដ្ឋកិច្ចជាបន្តបន្ទាប់បន្ទាប់ពីជំងឺកូវីដ-១៩ កំពុងប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុជាតិ។
 
អង្គការ Oxfam អំពាវនាវឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកទាញយកអត្ថប្រយោជន៍ពីវិបត្តិនេះ ដើម្បីបង្កើតប្រព័ន្ធដែលមានតុល្យភាពជាងមុន ជំនួសឱ្យការផ្តោតតែលើការរៀបចំរចនាសម្ព័ន្ធបំណុល និងការកាត់បន្ថយការចំណាយ។
 
នាយកប្រតិបត្តិ Oxfam International លោក Amitabh Behar បានលើកឡើងថា ការឆ្លើយតបរបស់ប្រទេសនានាចំពោះវិបត្តិបំណុលនឹងរឹតបន្តឹងប្រាក់កម្ចីប្រទេសក្រីក្របន្ថែមទៀត ខណៈមធ្យោបាយឈ្នះ-ឈ្នះសម្រាប់គ្រប់ភាគីដូចជាការយកពន្ធលើអ្នកមានដោយយុត្តិធម៌ គឺមានតែនៅលើតុចរចាប៉ុណ្ណោះ។
 
Oxfam និងអង្គការជាច្រើនទៀតបានអំពាវនាវឱ្យម្ចាស់បំណុលអន្តរជាតិលើកលែងបំណុលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដែលមានវិបត្តិសេដ្ឋកិច្ច។ របាយការណ៍របស់អង្គការ Oxfam ក៏បានចង្អុលបង្ហាញថា ការចំណាយលើការសងបំណុលសម្រាប់ប្រទេសក្រីក្របំផុតជាច្រើនរបស់ពិភពលោក គឺខ្ពស់ជាងការចំណាយលើការថែទាំសុខភាពដល់ទៅ ៤ដង។
 
ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញសម្រាប់ប្រទេសដែលខកខានមួយចំនួនដូចជា សំប៊ី និងហ្កាណា ត្រូវបានគេរំពឹងថានឹងរីកចម្រើននៅក្នុងកិច្ចប្រជុំនៅទីក្រុង Marrakech ម៉ារ៉ុកក្នុងកិច្ចប្រជុំប្រចាំឆ្នាំដែលរៀបចំឡើងដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងបន្តកិច្ចពិភាក្សាជាមួយទុយនីស៊ី ប៉ាគីស្ថាន អេហ្ស៊ីប និងប្រទេសផ្សេងទៀតលើលក្ខខណ្ឌសម្រាប់កម្ចីសង្គ្រោះបន្ទាន់​៕ 

Tag:
 Oxfam
  ប្រទេសក្រីក្រ
  បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com