អន្តរជាតិ
អ៊ីស្រាអែល បញ្ជូនយន្តហោះទៅយកទ័ពបម្រុងនៅអឺរ៉ុប ដើម្បីជួយវាយក្នុងសង្រ្គាមនឹងហាម៉ាស
10, Oct 2023 , 3:47 pm        
រូបភាព
ទាហានបម្រុងអ៊ីស្រាអែល ឡើងលើយន្តហោះដឹកជញ្ជូន មុនពេលត្រលប់ទៅអ៊ីស្រាអែល ដើម្បីប្រយុទ្ធប្រឆាំងក្រុមហាម៉ាស។ រូបភាព កម្លាំងទ័ពអាកាសអ៊ីស្រាអែល
ទាហានបម្រុងអ៊ីស្រាអែល ឡើងលើយន្តហោះដឹកជញ្ជូន មុនពេលត្រលប់ទៅអ៊ីស្រាអែល ដើម្បីប្រយុទ្ធប្រឆាំងក្រុមហាម៉ាស។ រូបភាព កម្លាំងទ័ពអាកាសអ៊ីស្រាអែល
កងទ័ពអាកាសអ៊ីស្រាអែល នៅថ្ងៃទី១០ ខែតុលា បានអះអាងថា ខ្លួនបានបញ្ជូនយន្តហោះទៅយកជនជាតិខ្លួនដែលជាប់កាតព្វកិច្ចជាទ័ពបម្រុងដែលរស់នៅអឺរ៉ុប ដើម្បីមកជួយវាយក្នុងសង្រ្គាមប្រឆាំងហាម៉ាស។ ការបញ្ជាក់នេះ ធ្វើឡើងស្របពេលមានក្តីបារម្ភថា អ៊ីស្រាអែល អាចនឹងបើកប្រតិបត្តិការយោធាផ្លូវគោក ដើម្បីវាយប្រហារលើតំបន់កាហ្សា។
 
ក្រោមប្រតិបត្តិការ «សង្រ្គាមដាវដែក» អ៊ីស្រាអែល បានប្តេជ្ញាប្រយុទ្ធយកជ័យជម្នះលើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស ដែលបានវាយប្រហារដោយមិនជូនដំណឹងជាមុន​ នៅថ្ងៃទី៧ ខែតុលា។ ពេលនេះ អ៊ីស្រាអែល បានកោះហៅកម្លាំងទ័ពបម្រុងរហូតដល់ ៣០ម៉ឺននាក់ ដើម្បីចូលរួមប្រយុទ្ធ ខណៈចំនួនប្រជាជនអ៊ីស្រាអែល កាន់តែស្លាប់ច្រើនឡើង។ 
 
បន្ថែមពីនេះ កងទ័ពអាកាសអ៊ីស្រាអែល បានប្រកាសទៅយកទ័ពបម្រុងនៅអឺរ៉ុបថែមទៀត ដើម្បីមកជួយវាយក្រុមសកម្មប្រយុទ្ធហាម៉ាស។ 
 
«យប់នេះ យន្តហោះដឹកជញ្ជូនកម្លាំងទ័ពអាកាស បានត្រលប់មកអ៊ីស្រាអែលវិញជាមួយអ្នកប្រយុទ្ធជាច្រើនរយនាក់នៅបរទេស»។ កម្លាំងទ័ពអាកាសអ៊ីស្រាអែល បានបញ្ជាក់បែបនេះ នៅលើបណ្តាញសង្គម X ក្នុងថ្ងៃទី១០ ខែតុលា។ យ៉ាងណាមិញ អ៊ីស្រាអែល មិនបានបញ្ជាក់ឡើយថា ខ្លួនយកទ័ពបម្រុងនោះ មកពីប្រទេសអឺរ៉ុបមួយណា។ 
 
ការកោះហៅកម្លាំងទ័ពបម្រុងរហូតដល់ ៣០ម៉ឺននាក់របស់អ៊ីស្រាអែល ដើម្បីប្រយុទ្ធតទល់នឹងក្រុមហាម៉ាសនេះ ជាចំនួនដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តអ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។ 
 
ម្យ៉ាងវិញទៀត ការកោះហៅទ័ពបម្រុងនោះទៀតសោត ធ្វើឡើងស្របពេលមានក្តីបារម្ភថា អ៊ីស្រាអែល អាចចាប់ផ្តើមប្រតិបត្តិការយោធាផ្លូវគោក ដើម្បីវាយប្រហារលើតំបន់កាហ្សា និងបោសសម្អាតក្រុមហាម៉ាស។ 
 
ក្នុងថ្ងៃដដែលនេះ យោធាអ៊ីស្រាអែល បានបញ្ជាក់ថា ខ្លួនបានគ្រប់ឡើងវិញលើព្រំដែនជាមួយកាហ្សា ហើយបានបង្កប់មីន នៅកន្លែងក្រុមហាម៉ាស បានបំផ្លាញរបាំងតាមព្រំដែន ដើម្បីចូលមកក្នុងដែនដីខ្លួន៕
 

Tag:
 អ៊ីស្រាអែល
  អឺរ៉ុប
  ហាម៉ាស
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com