ក្របខណ្ឌ Premier League ជាលីគកំពូលមួយ ដែលមានកម្រិតនៃការប្រកួតប្រជែងខ្លាំងបំផុតនៅលើពិភពលោក ហើយតែងតែឈរនៅលំដាប់កំពូលនៃលីគកំពូលអឺរ៉ុបទាំង ៥ ជារៀងរាល់ឆ្នាំ។ ក្រុមនីមួយៗស្ថិតក្នុងលីគកំពូលអង់គ្លេសមួយនេះ សុទ្ធសឹងតែជាក្រុមដែលមានភាពខ្លាំងក្លា នៅក្នុងការប្រកួតប្រជែង។
ក្រុមដែលមានកម្រិតនៃការប្រកួតប្រជែងខ្ពស់ ដែលកំពុងបង្ហាញទម្រង់លេងល្អដូចជា Newcastle United និង Brighton & Hove Albion បច្ចុប្បន្នក៏កំពុងកសាងកេរ្តិ៍ឈ្មោះក្នុងការប្រកួត មិនថាក្នុងលីគ និងការប្រកួតក្រៅលីគនោះទេ។
ក្រុមខ្លាំងៗដូចជា Manchester City, Tottenham Hotspur, Liverpool និង Arsenal ជាដើម កំពុងតែចាប់ផ្តើមរដូវកាលថ្មីបានយ៉ាងល្អ ហើយពួកគេក៏ត្រូវបានគេរំពឹងថា នឹងក្លាយជាក្រុមដែលនឹងអាចប្រជែងដណ្តើមពានរង្វាន់នៃលីគកំពូលអង់គ្លេសផងដែរ។
ខាងក្រោមនេះជាក្រុមចំនួន ៤ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងថានឹងអាចឈ្នះពានរង្វាន់ Premier League រដូវកាល ២០២៣-២៤៖
ទី៤ Tottenham Hotspur
Spurs អាចនឹងត្រូវបានក្លាយជាក្រុមមួយ ដែលមិនអាចមើលរំលងបានសម្រាប់រដូវកាលថ្មីនេះ ក្នុងការប្រជែងពានរង្វាន់ Premier League បើទោះជារដូវកាលមុនពួកគេធ្វើមិនបានល្អខ្លាំងក្តី។ ទោះជាយ៉ាងណាការផ្លាស់ប្តូរមួយចំនួន នៅក្នុងក្លិបទាំងគ្រូបង្វឹក និងកីឡាករ កំពុងតែទទួលបាននៅទម្រង់លេងដ៏ល្អបំផុតមួយប្រចាំក្រុម ខណៈដែលការចាកចេញរបស់ខ្សែប្រយុទ្ធ Harry Kane មិនបានផ្តល់បញ្ហាដល់ពួកគេសម្រាប់ការប្រកួតប្រជែង។
ឆ្លង់ការប្រកួតចំនួន ៨លើក កន្លងមក Spurs ដណ្តើមបាន ២០ពិន្ទុ ដោយយកឈ្នះការប្រកួតចំនួន ៦លើក និងស្មើ ២លើក។ ការឈ្នះធំរបស់ពួកគេទៅលើកក្រុម Manchester United និង Liverpool ខណៈដែលក្រុមខ្លាំងដូចជា Arsenal ក៏ត្រូវបានពួកគេប្រកួតស្មើ ២-២។
ទី៣ Arsenal
កំពុងតែមានកម្រិតនៃការប្រកួតប្រជែងខ្ពស់ដូចទៅនឹងក្រុម Manchester City កាលរដូវកាលមុន ក្រុមរហស្សនាមកាំភ្លើងធំនៅតែជាក្រុម ដែលគូសត្រូវមានភាពភ័យខ្លាចសម្រាប់ការជួបពួកគេ។ ៨ប្រកួតកន្លងមក ក្រុមដឹកនាំដោយលោក Mikel Arteta រកបានជ័យជម្នះ ៦ប្រកួត និងស្មើ ២ មាន ២០ពិន្ទុ ស្មើនឹងក្រុម Spur ឈរនៅកំពូលតារាង។
Arsenal បានចុះកិច្ចសន្យាយកកីឡាករល្អ ហើយសុទ្ធសឹងតែមានតម្លៃថ្លៃ ហើយកីឡាករទាំងនោះក៏បានបញ្ចេញគុណភាពរបស់ពួកគេ សមស្របទៅនឹងតម្លៃដែលក្លិបបានចំណាយសម្រាប់ពួកគេ។ កាំភ្លើងធំកំពុងតែត្រូវបានគេរំពឹងថា នឹងអាចជាក្រុមដែលប្រជែងពានរង្វាន់ Premier League ដូចទៅនឹងរដូវកាលមុនផងដែរ។
ទី២ Liverpool
ផ្តើមរដូវកាលថ្មីក្រុមដែលដឹកនាំដោយលោក Jurgen Klopp កំពុងតែមានទម្រង់លេងល្អឡើងវិញ ក្រោយពេលដែលពួកគេធ្វើមិនបានល្អនៅរដូវកាលមុន ហើយខកខានឱកាសក្នុងការឈានជើងទៅកាន់ការប្រកួតពានរង្វាន់ UEFA Champions League លើកដំបូងក្នុងរយៈពេល ៦ឆ្នាំ។ កីឡាករចំណូលថ្មីរបស់ក្លិប បានបញ្ចេញសមត្ថភាពល្អ ព្រមទាំងកីឡាករតំបន់ប្រយុទ្ធដែលមានស្រាប់ ក៏កំពុងតែលេងត្រូវគ្នាខ្លាំងផងដែរ។ តែយ៉ាងណាទើបតែដើមរដូវកាលប៉ុណ្ណោះ Liverpool នឹងនៅបន្តធ្វើតេស្តសមត្ថភាពកីឡាករជាបន្តបន្ទាប់ ដើម្បីអាចស្វែងរកទម្រង់លេងដែលមានកម្រិតខ្លាំងឡើងវិញ។
ទី១ Manchester City
ក្រុមដែលស្ថិតក្រោមការដឹកនាំរបស់លោក Pep Guardiola បានគ្រងជើងឯក ៣រដូវកាលរួចមកហើយ ។ រដូវកាលមុនពួកគេបានក្លាយជាក្រុមដែលឈ្នះពានរង្វាន់ចំនួន ៣ផ្សេងគ្នាក្នុងមួយរដូវកាល។ បើទោះជារដូវកាលថ្មីក្រុមបានបញ្ចេញនូវកីឡាករសំខាន់ៗមួយចំនួន ប៉ុន្តែការកែប្រែទម្រង់លេងក្រុមរបស់ Man City ក៏នៅតែទទួលបានលទ្ធផលល្អផងដែរ។
យ៉ាងណាសម្រាប់ដើមរដូវកាលថ្មីនេះ អាចមានភាពរអាក់រអួលមួយចំនួន សម្រាប់ Man City ប៉ុន្តែការចាប់អារម្មណ៍ក្នុងការប្រកួតប្រជែងដណ្តើមពានរង្វាន់នៅតែមានដដែល សម្រាប់ក្រុមជើងខ្លាំងមួយនេះ មិនថានៅ Premier league ក៏ដូចជា Champions League៕