សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនអចលនទ្រព្យចិន Country Garden ខ្វះលុយសងបំណុល
11, Oct 2023 , 7:39 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
ក្រុមហ៊ុនអចលនទ្រព្យឯកជនដ៏ធំបំផុតរបស់ចិន Country Garden បានព្រមានពីហានិភ័យនៃការមិនអាចបំពេញកាតព្វកិច្ចបំណុលបរទេសរបស់ខ្លួន។ ការណ៍នេះបានជុំរុញឱ្យ Country Garden ចូលទៅក្នុងបញ្ជីនៃអ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនដែលខកខានមិនបានបង់ពន្ធ ដោយកំណត់ដំណាក់កាលសម្រាប់ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ។
 
នៅក្នុងរបាយការណ៍ដែលដាក់នៅផ្សារហ៊ុនហុងកុងកាលពីថ្ងៃទី១០ ខែតុលា Country Garden បានប្រកាសថា ស្ថានភាពដើមទុន និងអាជីវកម្មរបស់ខ្លួនកំពុងប្រឈមបញ្ហាជាច្រើន ហើយសាច់ប្រាក់ដែលខ្លួនកំពុងមាននឹងបន្តថយចុះ។
 
ក្រុមហ៊ុននឹងមិនអាចបំពេញកាតព្វកិច្ចបំណុលបរទេសទាំងអស់នៅពេលដល់កំណត់ឬក្នុងរយៈពេលអនុគ្រោះទេ។ ការមិនបង់ប្រាក់អាចបណ្តាលឱ្យម្ចាស់បំណុលពន្លឿនការទាមទារសម្រាប់ការទូទាត់ឬដាក់វិធានការចាំបាច់នៅក្រោមច្បាប់ ។ នេះបើតាមការអះអាងរបស់ Country Garden ។ 
 
ក្រុមហ៊ុនអចលនទ្រព្យចំនួន ៤០ភាគរយនៃការលក់ផ្ទះនៅចិន ភាគច្រើនជាអ្នកអភិវឌ្ឍន៍ អចលនទ្រព្យឯកជនបានខកខានចាប់តាំងពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ ដោយបានបន្សល់ទុកផ្ទះជាច្រើនដែលសាងសង់មិនទាន់រួចរាល់។
 
Country Garden បានខកខានការទូទាត់ការប្រាក់លើមូលបត្របំណុលប្រាក់ដុល្លាររបស់ខ្លួនជាច្រើនដងចាប់តាំងពីខែមុន ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងរយៈពេលអនុគ្រោះរយៈពេល ៣០ថ្ងៃលើប្រាក់កម្ចីមួយផ្សេងទៀត។
 
ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងមិនអាចបំពេញកាតព្វកិច្ចបង់ប្រាក់ក្រៅប្រទេសទាំងអស់នៅពេលដល់កំណត់ ឬក្នុងរយៈពេលអនុគ្រោះនោះទេ។ ការព្រមាននេះបង្កក្តីបារម្ភថា Country Garden នឹងចូលរួមក្នុងបញ្ជីក្រុមហ៊ុនអចលនទ្រព្យរបស់ចិនដែលបានជំពាក់បំណុលគេ។
 
ប៉ុន្មានខែថ្មីៗនេះ រដ្ឋាភិបាលចិនបានដាក់ចេញនូវវិធានការជាច្រើនដើម្បីគាំទ្រទីផ្សារ ដូចជាកាត់បន្ថយតម្រូវការបង់រំលោះ និងការកាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះ ដើម្បីពង្រឹងទំនុកចិត្តអ្នកទិញ។ យ៉ាងណា ការដែលក្រុមហ៊ុនអចលនទ្រព្យកំពុងជំពាក់បំណុលគេ ធ្វើឱ្យមានការលំបាកក្នុងការសម្រេចគោលដៅរបស់រដ្ឋាភិបាល។
 
Country Garden ជា​ក្រុមហ៊ុន​អចលន​ទ្រព្យ​ធំ​ជាង​គេ​ដែល​អាច​រួច​ផុត​ពី​វិបត្តិ​អចលនទ្រព្យ​ចិន។ ប៉ុន្តែរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្រុមហ៊ុនបានធ្លាក់ចូលទៅក្នុងការលំបាកដែលមិនធ្លាប់មានពីមុនមក។ បច្ចុប្បន្ន Country Garden មានមូលបត្របំណុលបរទេសចំនួន ១០,៩៦ពាន់លានដុល្លារ និងប្រាក់កម្ចីបរទេសចំនួន ៥,៨៦ពាន់លានដុល្លារដែលត្រូវសងវិញ។ យ៉ាងណាក្រុមហ៊ុនបានប្រកាសថាអស់សាច់ប្រាក់ ហើយប្រហែលជាត្រូវលក់ទ្រព្យសម្បត្តិ៕ 

Tag:
 អចលនទ្រព្យ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com