អន្តរជាតិ
អ៊ីស្រាអែល ប្ដេជ្ញាកម្ទេចហាម៉ាសទាំងស្រុង
12, Oct 2023 , 11:09 am        
រូបភាព
យោធាអ៊ីស្រាអែល បានបន្តវាយលុកគោលដៅរបស់ក្រុមហាម៉ាសនៅតំបន់ជ្រោយហ្គាហ្សាសម្រាប់ថ្ងៃទី៥ ជាការសងសឹកការវាយប្រហាររបស់សកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់បានកើនឡើងដល់រាប់ពាន់នាក់ទៅហើយ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ  បានប្តេជ្ញាថានឹងបំផ្លាញក្រុមហាម៉ាសទាំងស្រុង។
 
«សមាជិក​ក្រុម​ហាម៉ាស​ទាំងអស់​គឺជា​មនុស្ស​ស្លាប់។» នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ និយាយបែបនេះ ​ដោយ​ប្រដូច​ក្រុមហាម៉ាស​ទៅនឹង​ក្រុម​រដ្ឋ​ឥស្លាម ហើយ​បាន​សន្យា​ថា​៖ «​យើង​នឹង​កម្ទេច​ពួកគេ ហើយ​បំផ្លាញ​ពួកគេ​ដូចពិភពលោក​បាន​បំផ្លាញ​ក្រុម​រដ្ឋឥស្លាម»។
 
លោក ណេតាន់យ៉ាហ៊ូ ក៏បានដោះស្រាយការខ្វែងគំនិតខាងនយោបាយជាបណ្ដោះអាសន្ន និងបង្កើតរដ្ឋាភិបាលគ្រាអាសន្នជាមួយអតីតរដ្ឋមន្ត្រីការពារជាតិ Benny Gantz ដែលជាគូប្រជែងនយោបាយ។ នេះជាការបង្ហាញការរួបរួមគ្នារវាងអ្នកនយោបាយអ៊ីស្រាអែលប្រឈមមុខការវាយប្រហារដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ៧៥ឆ្នាំរបស់អ៊ីស្រាអែល។ មនុស្សប្រមាណ១២០០នាក់នាក់ហើយត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់ពួកសកម្មប្រយុទ្ធហាម៉ាស ដែលភាគច្រើនជាជនស៊ីវិល។
 
នៅតំបន់ហ្គាហ្សាវិញ ក្រុមមន្ត្រីបានរាយការណ៍ថា មនុស្សជាង១០០០នាក់ ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការតាមអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែល។ ផ្សែងខ្មៅហុយឡើងពេញមេឃ ហើយអាគារជាច្រើនក្នុងទីក្រុងទាំងមូលត្រូវបានបំផ្លាញ។
 
ជាមួយគ្នានេះ អង្គការសហប្រជាជាតិបាននិយាយថា បុគ្គលិករបស់ខ្លួន១១នាក់បានស្លាប់នៅហ្គាហ្សាចាប់តាំងពីថ្ងៃទី៧ ខែតុលា ខណៈដែលអង្គការកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិបាននិយាយថា ខ្លួនបានបាត់បង់សមាជិក៥នាក់ដែរ។
 
ក្រោយការវាយប្រហារដ៏ភ្ញាក់ផ្អើលពីសំណាក់ហាម៉ាសដែលគ្រប់គ្រងជ្រោយហ្គាហ្សា អ៊ីស្រាអែលបានប្រមូលផ្តុំកងកម្លាំង រថក្រោះ និងរថពាសដែកធុនធ្ងន់ផ្សេងទៀតនៅជុំវិញតំបន់នេះក្នុងប្រតិបត្តិការសងសឹករបស់ខ្លួនវិញ។ ចំណែកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក៏បានសន្យាថាបញ្ជូនអាវុធ និងសម្ភារៈយោធាបន្ថែមទៀតទៅកាន់សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន៕
 

Tag:
 អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com