សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អ៊ីរ៉ង់​ត្រៀម​ខ្លួនជា​ច្រក​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​របស់​រុស្ស៊ី
13, Oct 2023 , 11:20 am        
រូបភាព
រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
មន្ត្រីអ៊ីរ៉ង់បានអះអាងថា អ៊ីរ៉ង់អាចប្រើប្រាស់ទឹកដីរបស់ខ្លួនជាច្រករបៀងសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីទៅកាន់ប្រទេសទីបី។ រុស្ស៊ីចាត់ទុកអ៊ីរ៉ង់ថាជាដៃគូដែលអាចទុកចិត្តបាន និងយូរអង្វែង។
 
នៅថ្ងៃទី១២ ខែតុលា អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអ៊ីរ៉ង់លោក Seyed Ali Rouhani បានប្រកាសថា ទីក្រុងតេហេរ៉ង់បានស្នើសុំឱ្យទីក្រុងម៉ូស្គូប្រើប្រាស់ទឹកដីនៃប្រទេសមជ្ឈិមបូព៌ាមួយនេះជាច្រករបៀងសុវត្ថិភាពសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីទៅកាន់ប្រទេសទីបី។​
 
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Sputnik លោក Rouhani បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនត្រឹមតែអាចនាំចូលគ្រាប់ធញ្ញជាតិពីរុស្ស៊ីដើម្បីបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏អាចប្រើប្រាស់ទឹកដីរបស់ខ្លួននាំចេញទៅប្រទេសទីបី។ ភាគីរុស្ស៊ីអាចទុកចិត្តអ៊ីរ៉ង់ជាដៃគូដែលអាចទុកចិត្តបាន និងយូរអង្វែង។
 
មុននេះ ដើម្បីត្រួសត្រាយផ្លូវសម្រាប់កប៉ាល់ដឹកទំនិញដែលជាប់គាំងនៅកំពង់ផែក្នុងសមុទ្រខ្មៅ ក្រោយពីរុស្ស៊ីបានបញ្ឈប់ការចូលរួមក្នុងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅជាបណ្តោះអាសន្ន។ អ៊ុយក្រែនបានប្រកាសបង្កើតច្រករបៀងដឹកជញ្ជូនមនុស្សធម៌បណ្តោះអាសន្នតាមបណ្ដោយឆ្នេរសមុទ្រខ្មៅភាគខាងលិចក្បែររូម៉ានី និងប៊ុលហ្ការី។
 
កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគីកាលពីឆ្នាំមុនអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិ និងអាហារផ្សេងទៀតប្រកបដោយសុវត្ថិភាពពីកំពង់ផែអ៊ុយក្រែនចំនួនពីរនៅលើសមុទ្រខ្មៅ។
 
យ៉ាងណាមិញ រុស្ស៊ីបានផ្អាកការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងចាប់ពីខែកក្កដា ក្រោមហេតុផលថា ការផ្គត់ផ្គង់អាហារ និងជីរបស់ទីក្រុងម៉ូស្គូនៅក្នុងកិច្ចព្រមព្រៀងមិនត្រូវបានអនុវត្ត។ ទីក្រុងមូស្គូបានប្រកាសពីការត្រៀមខ្លួនរបស់ខ្លួនដើម្បីត្រលប់ទៅអនុវត្តកិច្ចព្រមព្រៀងភ្លាមៗនៅពេលដែលភាគីដែលនៅសេសសល់បានអនុវត្តយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះរុស្ស៊ី។
 
រុស្ស៊ី និងអ៊ុយក្រែន គឺជាអ្នកនាំចេញគ្រាប់ធញ្ញជាតិធំៗពីរនៅលើពិភពលោក។ រុស្សីជាប្រទេសនាំចេញជីធំជាងគេលើពិភពលោកផងដែរ។ ប៉ុន្តែជម្លោះរវាងប្រទេសទាំងពីរដែលបានផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំមុន បានរារាំងសមត្ថភាពរបស់ប្រទេសនីមួយៗក្នុងការដឹកជញ្ជូនអាហារ និងជីទៅកាន់ទីផ្សារពិភពលោក៕
 

Tag:
 អ៊ីរ៉ង់
  ធញ្ញជាតិ
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com