អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជម្លោះហាម៉ាស-អ៊ីស្រាអែល ៖ ចិនថ្កោលទោសសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល
13, Oct 2023 , 2:30 pm        
រូបភាព
រូបភាព ៖ AP
រូបភាព ៖ AP
ចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបង្កើនភាពតានតឹង និងអំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ព្រមទាំងថ្កោលទោសសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងអំពាវនាវឱ្យមានបទឈប់បាញ់។
 
នៅ​ថ្ងៃ​ទី១២ ខែ​តុលា ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ​ថា ទីក្រុង​ប៉េកាំង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពីជម្លោះ​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាសដែល​កំពុង​កើន​ឡើង។ 
 
នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយមន្ត្រីក្រសួងការបរទេសអ៊ីស្រាអែលលោក Rafael Harpaz បេសកជនពិសេសចិនប្រចាំតំបន់មជ្ឈិមបូព៌ាលោក Zhai Jun  បានលើកឡើងថា ចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបង្កើនភាពតានតឹង និងអំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលកំពុងតែឡើងកម្តៅ។ លោកមានការស្ដាយ​ចំពោះ​ជន​ស៊ីវិល​ដែល​រង​របួស​ដោយសារ​ជម្លោះ។
 
លោក Zhai Jun បានសង្កត់ធ្ងន់ថា ៖« ទីក្រុងប៉េកាំងថ្កោលទោសចំពោះសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល អំពាវនាវឱ្យមានបទឈប់បាញ់និងបញ្ចប់អំពើហិង្សាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក៏ដូចជាការបន្តការចរចាសន្តិភាព និងបង្កើតការជឿទុកចិត្តក្នុងចំណោមប្រជាជននៃភាគីទាំងពីរក្នុងការខិតខំប្រឹងប្រែងកសាងសន្តិភាព»។
 
ចិនសង្ឃឹមថា អ៊ីស្រាអែលនិងប៉ាឡេស្ទីនអាចរួមរស់ជាមួយគ្នាដោយសន្តិវិធី និងមានឆន្ទៈក្នុងការសម្របសម្រួលជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញកិច្ចចរចាសន្តិភាព និងបង្កើតលក្ខខណ្ឌដើម្បីទទួលបានសន្តិភាព។ នេះបើតាមកាលើកឡើងរបស់លោក Zhai Jun ។ 
 
មកទល់ពេលនេះ យោធាអ៊ីស្រាអែល បានបន្តវាយលុកគោលដៅរបស់ក្រុមហាម៉ាសនៅតំបន់ជ្រោយហ្គាហ្សាសម្រាប់ថ្ងៃទី៧ ជាការសងសឹកការវាយប្រហាររបស់សកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់បានកើនឡើងដល់រាប់ពាន់នាក់ទៅហើយ៕ 

Tag:
 ចិន
  ហាម៉ាស
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com