អន្តរជាតិ
អ្វីទៅជាអង្គការអន្តររដ្ឋាភិបាល? បង្កើតឡើងដើម្បីអ្វី?
16, Oct 2023 , 8:44 am        
រូបភាព
នាពេលបច្ចុប្បន្ននេះ ការកើនឡើងនៃសកលភាវូបនីយកម្ម និងការពឹងពាក់គ្នាទៅវិញទៅមករវារដ្ឋនឹងរដ្ឋ បានធ្វើឱ្យអង្គការអន្តររដ្ឋាភិបាលដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ធនយោបាយអន្តរជាតិ និងអភិបាលកិច្ចសកល។ អ្វីទៅជាអង្គការអន្តររដ្ឋាភិបាល? បង្កើតឡើងដើម្បីអ្វី?
 
អង្គការអន្តររដ្ឋាភិបាល ឬគេច្រើនហៅកាត់ថា IGO ជាក្រុមសមាជិកនៃរដ្ឋអធិបតេយ្យភាពដែលធ្វើការរួមគ្នាលើបញ្ហាផលប្រយោជន៍រួម។ គោលដៅរួម ឬបញ្ហាសកលដែលអង្គការទាំងនោះចង់ដោះស្រាយអាចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិភាព សន្តិសុខ និងការការពារបរិស្ថាន។
 
ជាទូទៅ IGO បង្កើតឡើងដោយសន្ធិសញ្ញារវាងប្រទេសពីរ ឬច្រើនដើម្បីបង្ហាញពីភាពស្មោះត្រង់រវាងគ្នាទៅវិញទៅមកក្នុងការធ្វើការលើការងារដែលជាផលប្រយោជន៍រួម។ ប៉ុន្ដែទោះយ៉ាងណាក្ដី ក្នុងករណីដែលគ្មានសន្ធិសញ្ញា IGO មិនមាននៅក្នុងន័យច្បាប់នោះទេ។ 
 
រវាងប្រភេទទាំងពីរនៃIGO គេកត់សម្គាល់ថា IGO ដែលត្រូវបានបង្កើតឡើងដោយសន្ធិសញ្ញាមានអត្ថប្រយោជន៍ច្រើនជាង IGO ដែលគ្មានសន្ធិសញ្ញាពីព្រោះតែពួកគេស្ថិតនៅក្រោមច្បាប់អន្តរជាតិ និងមានសមត្ថភាពនៅក្នុងកិច្ចព្រមព្រៀងដែលអាចអនុវត្តបានទៅលើរដ្ឋជាសមាជិក ឬជាមួយរដ្ឋ។
 
សព្វថ្ងៃនេះ IGO ជាច្រើន ត្រូវបានបង្កើតដោយគ្របបណ្ដប់លើបញ្ហាខុសៗគ្នា ហើយក៏មានការពាក់ព័ន្ធនឹងរដ្ឋាភិបាលមកពីគ្រប់តំបន់នៃពិភពលោកផងដែរ។ អង្គការសហប្រជាជាតិ (the United Nations) សហភាពប្រៃសណីយ៍សកល (the Universal Postal Union) អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (the North Atlantic Treaty Organization) សហភាពអឺរ៉ុប (the European Union) អង្គការនៃប្រទេសនាំចេញប្រេង (Organization of Petroleum Exporting Countries) និងអង្គការពាណិជ្ជកម្មពិភពលោក (the World Trade Organization) ជាដើម សុទ្ធតែជា IGO សំខាន់ៗ។
 
គួរកត់សម្គាល់ថា អង្គការក្រៅរដ្ឋាភិបាល (NGO) និងអង្គការអន្តររដ្ឋាភិបាល (IGO) មានលក្ខណៈខុសគ្នា។ ខណៈពេលដែល IGO គឺជាអង្គការដែលបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលជាច្រើនដើម្បីបន្តគោលដៅរួម និងដោះស្រាយបញ្ហាសកល។ NGO សំដៅលើ អង្គការឯកជន ឬអង្គការដែលមិនរកប្រាក់ចំណេញ ដែលមានគោលបំណងក្នុងការធ្វើប្រតិបត្តិការលក្ខណៈឯករាជ្យពីការគ្រប់គ្រងរបស់រដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាជាក់លាក់ ឬតម្រូវការនៅក្នុងសង្គមណាមួយ។
 
ជាការពិត ចាប់តាំងពីការបង្កើតឡើងមក IGO បានក្លាយជាសកម្មភាពសំខាន់មួយនៅក្នុងសហគមន៍អន្តរជាតិ៕ 

Tag:
 IGO
© រក្សាសិទ្ធិដោយ thmeythmey.com