អន្តរជាតិ
តើថៃប្រើយុទ្ធសាស្រ្តបែបណា ដើម្បីទាក់ទាញភ្ញៀវទេសចរមកប្រទេសខ្លួន?
16, Oct 2023 , 7:44 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ថៃជាប្រទេសមួយ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយវិស័យមួយនេះបានដើរតួនាទីដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចថៃទាំងកំណើនសេដ្ឋកិច្ច និងចំណូលជាតិ។ តើប្រទេសនេះ ធ្វើអ្វីខ្លះក្នុងការទាក់ទាញទេសចរ?
 
ជាការពិត វិស័យទេសចរណ៍ បានចូលរួមចំណែកយ៉ាងខ្លាំងនៅផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ ប៉ុន្តែវាត្រូវបានបង្អាក់ដោយជំងឺកូវីដ-១៩ ដែលផ្ទុះឡើងនៅចុងឆ្នាំ២០១៩។ យ៉ាងណាមិញ ពេលនេះ វិស័យទេសចរថៃ ចាប់ផ្តើមងើបឡើងវិញហើយ ក្រោយរដ្ឋាភិបាលថៃ បានដាក់ចេញគោលនយោបាយមួយចំនួន ខណៈលក្ខខណ្ឌរឹតត្បិតប្រទេស ក៏ត្រូវដកចេញដែរ។
 
តាមការផ្តល់ចំណាត់ថ្នាក់នៅក្នុងឆ្នាំ២០១៧ ថៃ បានជាប់ចំណាត់ថ្នាក់នៅលំដាប់ទី៩ ដែលជាប្រទេសទាក់ទាញភ្ញៀវទេសចរដ៏ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយទទួលបានភ្ញៀវទេសចរប្រមាណ ៣៥លាននាក់។ ការវាយតម្លៃនេះ ធ្វើឡើងដោយ អង្គការទេសចរណ៍ពិភពលោក (UNWTO) របស់អង្គការសហប្រជាជាតិ។ 
 
ស្របគ្នានេះ ត្រឹមរយៈពេល ៩ខែប៉ុណ្ណោះ ក្នុងឆ្នាំ២០២៣ ថៃបានទទួលអ្នកដំណើរច្រើនជាង ១៨លាននាក់ និងរកចំណូលបានជាង ២០ពាន់លានដុល្លារ។ ថៃ បានដាក់គោលដៅទទួលអ្នកដំណើររហូតដល់ ៣០លាននាក់ នៅក្នុងឆ្នាំ២០២៣ រួមទាំងចំណូល ៤០ពាន់លានដុល្លារ។ 
 
តើហេតុអ្វីបានជាថៃ អាចរកភ្ញៀវទេសចរបានច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍? តើរដ្ឋាភិបាលប្រទេសមួយនេះ បានប្រើប្រាស់យុទ្ធសាស្រ្តអ្វី ដើម្បីទាក់ទាញភ្ញៀវទេសចរ? 
 
១. គោលនយោបាយទាក់ទាញភ្ញៀវទេសចរ
 
គោលនយោបាយទាក់ទាញភ្ញៀវទេសចររបស់ថៃ ត្រូវបានរៀបចំឡើងយ៉ាងល្អ មានគម្រោងច្បាស់លាស់ និងត្រូវបានប្រតិបត្តិយ៉ាងប្រសើរ។ ដើម្បីទាក់ទាញភ្ញៀវទេសចរ ថៃ បានដាក់បញ្ចូលវិស័យទេសចរទៅក្នុងរបៀបវារៈអភិវឌ្ឍជាតិ នៅក្នុងឆ្នាំ២០០៩ ហើយផែនការអភិវឌ្ឍវិស័យទេសចរណ៍ជាតិឆ្នាំ២០១២-២០១៦ ក៏ត្រូវបានអភិវឌ្ឍផងដែរ។ ក្រោមគោលនយោបាយបែបនេះ ថៃបានបង្កើនកិច្ចខិតខំ ក្នុងការឆ្នៃតំបន់ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធអគារ ការពង្រឹងធនធានមនុស្ស រួមទាំងការដាក់ចេញបទបញ្ញត្តិ និងវិធានផ្សេងៗជាដើម។ 
 
បន្ថែមពីនេះ ថៃ បានលើកតម្កើងវិស័យទេសចរណ៍របស់ខ្លួនយ៉ាងខ្លាំងនៅលើអន្តរជាតិ។ ជាការពិត ថៃបានលើកតម្កើងតាមរយៈការទទួលកិច្ចប្រជុំ ឬសន្និសីទអន្តរជាតិ ដោយរួមទាំងកែលម្អការទទួលភ្ញៀវ និងសន្និសីទផ្សេងៗ។ លើសពីនេះ ថៃក៏បានកែលម្អសុវត្ថិភាព និងទាំងស្តង់ដារផាកសុខភាពផង។ 
 
២. គោលនយោបាយលើកលែងទិដ្ឋាការ
 
ដើម្បីទាក់ទាញភ្ញៀវទេសចរមកប្រទេសខ្លួន ថៃបានដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់បណ្តាប្រទេសជាច្រើន ដោយក្នុងនោះរួមមានអាម៉េរិក និងសហភាពអឺរ៉ុបផង។ អ្នកដំណើរប្រទេសទាំងនោះ អាចស្នាក់នៅថៃចាប់ពីចន្លោះ ១៤ថ្ងៃ ដល់៩០ថ្ងៃ។ 
 
ថ្មីៗនេះ ថៃ បានដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការចំពោះភ្ញៀវទេសចរមកពីចិន និងកាហ្សាក់ស្ថានថែមទៀត ស្របពេលចិនមានថ្ងៃឈប់សម្រាកក្នុងខែតុលា។ គោលនយោបាយនេះ នឹងអនុវត្តសាកល្បងរហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤។ 
 
ការអនុវត្តគោលនយោបាយបែបនេះ នឹងជួយឱ្យភ្ញៀវទេសចរអាចស្នាក់នៅក្នុងប្រទេសបានកាន់តែយូរ ហើយចំណាយថវិកាកាន់តែច្រើន។ ការចំណាយរបស់ទេសចរ នឹងក្លាយជាចំណូលរបស់ជាតិដ៏សំខាន់មួយ។ 
 
៣. ការអនុវត្តយុទ្ធសាស្រ្តទេសចរណ៍វេជ្ជសាស្ត្រ
 
ជាការពិត ថៃជាប្រទេសមួយ ដែលមានប្រព័ន្ធវេជ្ជសាស្រ្តដ៏ខ្លាំងមួយនៅក្នុងតំបន់។ ជុំវិញបញ្ហានេះ ភ្ញៀវទេសចរមួយចំនួន បានស្វះស្វែងរកការព្យាបាលនៅថៃ ដោយសារតែវេជ្ជបណ្ឌិតមានជំនាញ និងពូកែ ខណៈសម្ភារវិជ្ជសាស្រ្តក៏ជឿនលឿន និងជំនាន់ចុងក្រោយផងដែរ។ បន្ថែមពីនេះ ក្រុមគូ្រពេទ្យ ក៏រាក់ទាក់ និងយកចិត្តទុកដាក់សម្រាប់អ្នកជំងឺផង។ 
 
តាមការវាយតម្លៃរបស់អ្នកជំនាញ ទេសចរណ៍វេជ្ជសាស្ត្រ អាចនឹងមានកម្រិតលើពីឆ្នាំ២០១៩ ទៅទៀត ដោយអាចមានទំហំប្រមាណ៥៦,៤លានដុល្លារ (២ពាន់លានបាត)។
 
ជុំវិញទេសចរណ៍វេជ្ជសាស្ត្រនេះ ភ្ញៀវទេសចរ បានស្វះស្វែងរកការព្យាបាលនៅថៃដូចជា ការថែរក្សាសម្រស់ ការពិនិត្យសុខភាព ការព្យាបាលជំងឺផ្សេងៗ រួមទាំងការវះកាត់ជាដើម។ 
 
៤. ការធ្វើឱ្យមានភាពចម្រុះនៅក្នុងវិស័យទេសចរ
 
ក្រៅពីគោលនយោបាយលើកលែងទិដ្ឋាការ ក៏ដូចជាគោលនយោបាយផ្សេងៗ ថៃធ្វើឱ្យវិស័យទេសចរខ្លួនមានភាពចម្រុះ  ដោយថៃមានទាំងប្រាសាទ សមុទ្រ ក្លឹប បារ កន្លែងកម្សាន្ត ការទិញទំនិញ ការបើកហាងទំនើបៗ ក៏ដូចជាផ្សាររាត្រីជាដើម។ 
 
ដោយសារតែធ្វើឱ្យវិស័យទេសចរមានភាពសម្បូរបែបនេះហើយ ទេសចរជាច្រើន ចង់ទៅកម្សាន្តនៅថៃ ដើម្បីសាកល្បងពីបទពិសោធន៍ជាច្រើន ក៏ដូចជាសាកល្បងជីវិតបែបថ្មី។
 
បន្ថែមពីនេះ ថៃ ក៏បានរៀបចំសណ្តាប់ធ្នាប់ ការការពារសន្តិសុខ និងស្ថិរភាពសាធារណៈសម្រាប់ភ្ញៀវទេសចរផង ដែលវាអាចចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរសម្រាប់ប្រទេសខ្លួនផងដែរ៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com