អន្តរជាតិ
សេតវិមាន៖ កូរ៉េខាងជើងបានបញ្ជូនអាវុធទៅឱ្យរុស្ស៊ីសម្រាប់ប្រើប្រាស់នៅអ៊ុយក្រែន 14, Oct 2023 , 4:39 pm
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (ឆ្វេង) និងប្រធានាធីបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ស្តាំ)។ រូបភាព AFP
× សេតវិមាននាថ្ងៃទី១៣ ខែតុលាបានរាយការណ៍ថា កូរ៉េខាងជើងបានបញ្ជូនឧបករណ៍យោធា និងគ្រាប់បែកជាង១ពាន់កុងតឺន័រទៅឱ្យរុស្ស៊ីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីប្រើ ប្រាស់ក្នុងការវាយប្រហារនៅអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍របស់សេតវិមានបានធ្វើឡើងមួយខែបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនបានធ្វើដំណើរទៅកាន់ភាគខាងកើតរុស្ស៊ី និងបានជួបជាមួយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីនដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តរបស់ទីក្រុងកៀវជុំវិញ លទ្ធភាពនៃកិច្ចព្រមព្រៀងអាវុធដ៏មានសក្តានុពលមួយ។
«យើងថ្កោលទោសកូរ៉េខាងជើងចំពោះការផ្តល់ឱ្យរុស្ស៊ីនូវឧបករណ៍យោធានេះដែលនឹងត្រូវ បានប្រើដើម្បីវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន សម្លាប់ជនស៊ីវិលអ៊ុយក្រែន និងបន្ត សង្គ្រាមខុសច្បាប់របស់រុស្ស៊ី»។ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានប្រាប់អ្នកសារព័ត៌មានបែបនេះរួចសង្កត់ធ្ងន់ថា អាម៉េរិកនឹងបន្តតាមដានរាល់ការដឹកជញ្ជូន សព្វាវុធរបស់កូរ៉េខាងជើងទៅកាន់រុស្ស៊ី។
ជាថ្នូរនឹងការគាំទ្ររបស់ខ្លួន លោក Kirby អះអាងថា ទីក្រុងព្យុងយ៉ាងកំពុងស្វែងរកជំនួយ ផ្នែកយោធាពីរុស្ស៊ី រួមទាំងយន្តហោះចម្បាំង មីស៊ីលពីដីទៅអាកាស រថពាសដែក ឧបករណ៍ផលិតមីស៊ីលផ្លោង ឬសម្ភារៈផ្សេងៗ និងបច្ចេកវិទ្យាទំនើបផ្សេងទៀត។ លោកបន្តថា ការពង្រីកភាពជាដៃគូយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី រួមទាំងការផ្ទេរបច្ចេក វិទ្យាណាមួយពីរុស្ស៊ីទៅកូរ៉េខាងជើងនឹងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ និងការមិនរីក សាយភាយជាសកលនៃអាវុធនុយក្លេអ៊ែរ។
យោងតាមក្រាហ្វិចដែលផ្តល់ដោយសេតវិមាន ចន្លោះពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា កុងតឺន័រជាច្រើនត្រូវបានដឹកជញ្ជូនតាមសមុទ្រពីទីក្រុង Najin កូរ៉េខាងជើងទៅកាន់ទីក្រុង Dunay ប្រទេសរុស្ស៊ី។ សព្វាវុធទាំងអស់នេះបន្ទាប់មកត្រូវបានបញ្ជូនតាមរថភ្លើងទៅកាន់ ឃ្លាំងរំសេវមួយនៅជិតក្រុង Tikhoretsk ភាគនិរតីរុស្ស៊ីដែលមានចម្ងាយប្រហែល ២៩០ គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។
គួរបញ្ជាក់ថា កូរ៉េខាងជើង ដែលអាម៉េរិកធ្លាប់បានចោទប្រកាន់ថាបានផ្គត់ផ្គង់គ្រាប់ផ្លោង ដល់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner គឺជាអ្នកផលិតអាវុធមួយ ហើយបានផ្គត់ផ្គង់សម្ភារ សង្គ្រាមជាច្រើនសម្រាប់រុស្ស៊ីតាំងពីដើមមក។ រុស្ស៊ីបានបង្កើនការផលិតគ្រាប់ផ្លោងក្នុងឆ្នាំនេះ ដល់ការព្យាករចំនួន ២,៥ លានគ្រាប់ ប៉ុន្តែក្រុមអ្នកវិភាគបានណែនាំថាអាចខ្វះតម្រូវការរបស់ ខ្លួននៅលើសមរភូមិ។
រុស្ស៊ី និងកូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្រ ស្ថិតក្រោមការដាក់ទណ្ឌកម្មជា សកលពោលគឺទីក្រុងមូស្កូសម្រាប់ការលុកលុយអ៊ុយក្រែន និងទីក្រុងព្យុងយ៉ាងសម្រាប់ ការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com