អន្តរជាតិ
លោកបៃឌិនថា ការកម្ទេសក្រុមហាម៉ាសជារឿងសំខាន់ តែការគ្រប់គ្រងកាហ្សារបស់អ៊ីស្រាអែលជាកំហុស 16, Oct 2023 , 4:29 pm
រូបភាព AFP
× ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានលើកឡើងថា ក្រុមសកម្មប្រយុទ្ធហាម៉ាស ចាំបាច់ត្រូវតែកម្ទេចចោល ប៉ុន្តែការគ្រប់គ្រងឡើងវិញលើតំបន់កាហ្សាពីសំណាក់អ៊ីស្រាអែល ជាកំហុសដ៏ធំ។ ត្រង់ចំណុចនេះ មេដឹកនាំអាម៉េរិក បានគាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីនឡើង។
ក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធី 60 Minutes របស់សារព័ត៌មាន CBS ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានលើកឡើងថា ក្រុមហាម៉ាស ត្រូវតែលុបបំបាត់ចោល ប៉ុន្តែវាក៏ចាំបាច់ត្រូវមានមាគ៌ាសម្រាប់រដ្ឋប៉ាឡេស្ទីនផង។
«ពួកគេ(អ៊ីស្រាអែល) ត្រូវតែតាមប្រមាញ់ហាម៉ាស»។ លោក បៃឌិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តចាត់ទុកក្រុមហាម៉ាស ជាក្រុមដែលកំសាក និងលាក់ខ្លួននៅពីក្រោយប្រជាជនស៊ីវិល។ មិនតែប៉ុណ្ណោះ មេដឹកនាំអាម៉េរិករូបនេះ បានបន្ថែមថា ការគ្រប់គ្រងតំបន់កាហ្សាឡើងវិញពីសំណាក់អ៊ីស្រាអែល នឹងជាកំហុសដ៏ធំ។
បើតាមលោកបៃឌិន វាចាំបាច់ត្រូវមានអាជ្ញាធរប៉ាឡេស្ទីន ហើយវាចាំបាច់ត្រូវមានរដ្ឋប៉ាឡេស្ទីន។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតី ជឿថាអ៊ីស្រាអែល មិនអាចឱ្យមានរដ្ឋពីរលើដែនដីប៉ាឡេស្ទីនឡើយ ក្រោយក្រុមហាម៉ាសវាយប្រហារលើខ្លួនចាប់តាំងពីថ្ងៃទី៧ ខែតុលាមក។
មិនតែប៉ុណ្ណោះ លោកបៃឌិន បានលើកឡើងផងដែរថា អាម៉េរិកកំពុងចរចាជាមួយអេហ្ស៉ីប ដើម្បីបើកច្រកមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់កាហ្សាផង។ អេហ្ស៊ីបជាប្រទេសមួយ ដែលកាន់ច្រកដ៏សំខាន់មួយទៅកាន់តំបន់កាហ្សា និងមិនគ្រប់គ្រងដោយអ៊ីស្រាអែល។
គិតត្រឹមថ្ងៃទី១៦ ខែតុលា សង្រ្គាមបានឈានចូលដល់ថ្ងៃទី១០ ហើយ ដោយប្រជាជនលើសពី៣ពាន់នាក់ បានស្លាប់បាត់បង់ជីវិត ស្របពេលមនុស្សរាប់ពាន់នាក់ផ្សេងទៀតរងរបួស៕
© រក្សាសិទ្ធិដោយ thmeythmey.com