ប្រធានាធិបតីចិន លោកស៊ី ជិនភីង នៅថ្ងៃទី១៨ ខែតុលា បានហៅសមភាគីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ជាមិត្តចាស់ក្នុងជំនួបទ្វេភាគីក្នុងក្រុងប៉េកាំង។ លោកស៊ី បានអំពាវនាវឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីការពារយុត្តធម៌ និងភាពត្រឹមត្រូវអន្តរជាតិផង។
ក្នុងអំឡុងពេលចិនកំពុងរៀបចំវេទិកាផ្លូវ និងខ្សែក្រវាត់លើកទីបី និងអបអរខួប១០ឆ្នាំនៃការបង្កើតគំនិតផ្តួចផ្តើមផ្លូវសូត្រសម័យទំនើប លោកស៊ី ជិនភីង ប្រធានាធិបតីចិន បានជួបជាមួយសមភាគីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ដែលបានបំពេញទស្សនកិច្ចនៅក្រៅប្រទេសជាលើកទី២ ចាប់តាំងពីតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ចេញសាលដីកាចាប់ខ្លួន។
«ប្រធានាធិបតីពូទីនជាទីរាប់អាន មិត្តចាស់របស់ខ្ញុំ យើងសូមស្វាគមន៍ការចូលរួមរបស់អ្នកនៅក្នុងវេទិកាផ្លូវ និងខ្សែក្រវាត់លើកទីបីសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ»។ ប្រធានាធិបតីចិន បានបញ្ជាក់បែបនេះ នៅក្នុងជំនួបទ្វេភាគីនៅថ្ងៃទី១៨ ខែតុលា។ លោកស៊ី ក៏បានកោតសរសើរពីទំនាក់ទំនងទ្វេភាគីផង។
បន្ថែមពីនេះ មេដឹកនាំចិន បានអំពាវនាវឱ្យមានកិច្ចខិតខំរួមគ្នារវាងចិន និងរុស្ស៊ី ដើម្បីការពារភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។ លើសពីនេះ លោកស៊ី បានកត់សម្គាល់ថា លោកបានជួបជាមួយលោក ពូទីន ៤២លើកមកហើយក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ ស្របពេលប្រទេសជិតខាងទាំងពីរ បានអភិវឌ្ឍទំនាក់ទំនងល្អ និងពង្រឹងមិត្តភាព។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។
បន្ថែមពីនេះ មេដឹកនាំចិន បានលើកឡើងថា ពាណិជ្ជកម្មទ្វេភាគី បានឈានដល់ចំណុចមួយដ៏ខ្ពស់នៅក្នុងប្រវត្តិសាស្រ្ត ហើយភាគីទាំងពីរ បានព្យាយាមធ្វើឱ្យទំហំពាណិជ្ជកម្មឈានដល់ទំហំ២០០ពាន់លានដុល្លារ។ តាមទិន្នន័យពន្ធគយរបស់ចិន ពាណិជ្ជកម្មទ្វេភាគី បានឈានដល់ទំហំ១៩០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២ ដោយចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ី។
ចំណែកលោក ពូទីន វិញ បានអះអាងថា គំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ ត្រូវបានទទួលស្គាល់ថា ជាទំនិញសាធារណៈអន្តរជាតិ (Public Good) ហើយវានឹងមានបណ្តាប្រទេសជាច្រើនទៀតចូលរួម។
កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង បានរងការរិះគន់ពីសំណាក់បណ្តាប្រទេសលោកខាងលិច ដែលមិនបានរិះគន់ក្រុងមូស្គូ ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ចិនថែមទាំងបង្កើនទិញប្រេងឆៅពីរុស្ស៊ីថែមទៀត។
លោក ពូទីន បានបំពេញទស្សនកិច្ចនៅចិន ក្នុងនាមជាភ្ញៀវពិសេស ដើម្បីចូលរួមក្នុងវេទិកាផ្លូវ និងខ្សែក្រវាត់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា។ មេដឹកនាំ និងមន្រ្តីមកពីបណ្តាប្រទេសប្រមាណ១៤០ បានចូលរួមក្នុងវេទិកានៅក្នុងក្រុងប៉េកាំងនេះ។
ក្នុងសុន្ទរកថានៅព្រឹកថ្ងៃទី១៨ ខែតុលា លោកពូទីន បានលើកឡើងថា រុស្ស៊ី និងចិន គឺមានកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងគោលបំណងសម្រេចបានចីរភាពសកល សុខុមាលភាព និងដំណើរការសេដ្ឋកិច្ចក្នុងរយៈពេលយូរអង្វែង៕