ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី១៨ ខែតុលា បានលើកឡើងថា ជំនួយមនុស្សធម៌ទៅកាន់តំបន់កាហ្សា អាចនឹងចាប់ផ្តើមត្រឹមថ្ងៃទី២០ ខែតុលា ដោយនាំចូលតាមច្រកព្រំដែន Rafah របស់អេហ្ស៊ីប។ បន្ថែមពីនេះ លោក បៃឌិន បានប្រកាសផ្តល់ជំនួយ ១០០លានដុល្លារដល់មូលនិធិសម្រាប់តំបន់កាហ្សា និងតំបន់ត្រើយខាងលិច (West Bank) ផង។
លោក ចូ បៃឌិន បានបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលដែលស្ថិតក្នុងពេលមានសង្រ្គាម នៅថ្ងៃទី១៨ ខែតុលា។ ដំណើរទស្សនកិច្ចរបស់លោក បៃឌិន ជាការបង្ហាញពីសាមគ្គីភាពរបស់អាម៉េរិកចំពោះសម្ព័ន្ធមិត្តអ៊ីស្រាអែល។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីអាម៉េរិក បានប្រកាសផ្តល់ជំនួយទៅប្រជាជនប៉ាឡេស្ទីន ដែលកំពុងតែខ្វះខាតយ៉ាងខ្លាំង ក្នុងនោះមានដូចជាទឹកស្អាត ស្បៀង ថ្នាំពេទ្យ និងសម្ភារផ្សេងៗ ក្រោយពីមានការភៀសខ្លួនទ្រង់ទ្រាយធំ។
បើតាមលោកបៃឌិន ជំនួយមនុស្សធម៌ដែលចូលទៅក្នុងតំបន់កាហ្សាតាមច្រកព្រំដែន Rafah អាចចាប់ផ្តើមយ៉ាងឆាប់បំផុតត្រឹមថ្ងៃទី២០ ខែតុលា។ ច្រកព្រំដែន Rafah ជាច្រកតែមួយគត់ ដែលគ្រប់គ្រងដោយអេហ្ស៊ីប ខណៈពេលអ៊ីស្រាអែល មិនអនុញ្ញាតឱ្យមានការនាំចូលជំនួយមនុស្សធម៌តាមច្រកព្រំដែន ដែលជាប់នឹងដែនដីរបស់ខ្លួនឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Times of Israel។
ការផ្ដល់ជំនួយមនុស្សធម៌នេះ ធ្វើឡើងក្រោយពីមានការចរចាលើកិច្ចព្រមព្រៀង រវាងប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sissi និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ។
ជំនួយមនុស្សធម៌ដំបូងចំនួន ២០រថយន្តធំៗ នឹងត្រូវដឹកតាមច្រកអេហ្ស៊ីប ក្រោយការឯកភាពពីប្រធានាធិបតីប្រទេសអេហ្ស៊ីប។ យ៉ាងណាមិញ អេហ្ស៊ីប ក៏ត្រូវជួសជុលផ្លូវទៅកាន់តំបន់កាហ្សាផងដោយសារបានរងការខូចខាត ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល នៅពេលកន្លងមក។
ស្របគ្នានេះ ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានប្រកាសថា អ៊ីស្រាអែលនឹងអនុញ្ញាតឱ្យអាហារ ទឹក ថ្នាំពេទ្យចូលទៅដល់តំបន់ភាគខាងត្បូងកាហ្សាពីអេហ្ស៊ីប ប៉ុន្តែខ្លួននឹងជ្រៀតជ្រែកលើកិច្ចការនេះ ប្រសិនបើជំនួយទាំងនោះធ្លាក់ដល់ដៃក្រុមហាម៉ាស។ កន្លងមក អ៊ីស្រាអែល បានបញ្ជាក់ច្បាស់ៗរួចហើយថា អ៊ីស្រាអែល នឹងបើកច្រកមនុស្សធម៌ទៅកាន់តំបន់កាហ្សាឡើងវិញ ប្រសិនបើក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងទាំងអស់។
មិនខុសពីអ៊ីស្រាអែលឡើយ ប្រធានាធិបតីអាម៉េរិក ក៏បានព្រមានពីការបញ្ចប់ជំនួយទៅតំបន់កាហ្សាដែរ ប្រសិនបើក្រុមហាម៉ាសរឹបអូសយកជំនួយទាំងនោះ ឬហាមឃាត់មិនឱ្យមានជំនួយចូលទៅក្នុងតំបន់កាហ្សា។
ក្នុងដំណើរទស្សនកិច្ចនៅអ៊ីស្រាអែលរយៈពេលប្រមាណ៦ម៉ោង ក្នុងថ្ងៃទី១៨ ខែតុលា លោកបៃឌិន បានប្រកាសផ្តល់ជំនួយ១០០លានដុល្លារដល់មូលនិធិសម្រាប់តំបន់កាហ្សា និងតំបន់ត្រើយខាងលិច (West Bank)។ លើសពីនេះ មេដឹកនាំអាម៉េរិករូបនេះ បានសន្យាថា លោកគ្រោងស្នើទៅកាន់សភាអាម៉េរិកនៅក្នុងសប្តាហ៍នេះ សម្រាប់កញ្ចប់ថវិកាគាំទ្រដែលមិនធ្លាប់មានពីមុខសម្រាប់អ៊ីស្រាអែល ក្នុងការការពារខ្លួនប្រឆាំងនឹងហាម៉ាស។
តាមការបញ្ជាក់របស់ប្រមុខអឌ្ឍចន្ទក្រហមសម្រាប់តំបន់ Sinai ភាគខាងជើង ជំនួយច្រើនជាង ២០រថយន្តដែមានទម្ងន់៣ពាន់តោន កំពុងមានវត្តមាននៅក្បែរព្រំដែន Rafah ។
ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញូ ហ្គូតេរ៉េស នៅថ្ងៃទី១៨ ខែតុលា បានអំពាវនាវឱ្យមានបទឈប់បាញ់យ៉ាងឆាប់រហ័ស ដើម្បីអាចឈានទៅដល់ការដោះលែងចំណាប់ខ្មាំង និងជំនួយមនុស្សធម៌ទៅក្នុងតំបន់កាហ្សា។ គិតត្រឹមថ្ងៃទី១៩ ខែតុលា សង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស បានឈានដល់ថ្ងៃទី១២ ហើយ ខណៈប្រជាជនលើសពី៤ពាន់នាក់ បានស្លាប់បាត់បង់ជីវិត។
ដោយឡែកនៅលើឆាកអន្តរជាតិឯណោះវិញ អាម៉េរិក បានប្រើសិទ្ធិវ៉េតូលើការចេញសេចក្តីសម្រេចដោយក្រុមប្រឹក្សាសន្តិសុខ ដែលអំពាវនាវឱ្យមានការផ្តល់ជំនួយមនុស្សធម៌ទៅប្រជាជនប៉ាឡេស្ទីនក្នុងតំបន់កាហ្សា និងរិះគន់រាល់អំពើហិង្សា ដែលប្រឆាំងនឹងប្រជាជនស៊ីវិលក្នុងតំបន់កាហ្សារួមទាំងអ៊ីស្រាអែល។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី១៨ ខែតុលា លោកស្រី Linda Thomas-Greenfield អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា អាម៉េរិក មានការសោកស្តាយណាស់ដែលសេចក្តីព្រាងសេចក្តីសម្រេច មិនបានបញ្ជាក់ពីសិទ្ធិការពាររបស់អ៊ីស្រាអែល។ ត្រង់ចំណុចនេះ លោកស្រី Thomas-Greenfield បានយល់ឃើញថា ដូចបណ្តាប្រទេសផ្សេងទៀត អ៊ីស្រាអែលមានសិទ្ធិក្នុងការការពារខ្លួន ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ក្នុងការបោះឆ្នោតលើសេចក្តីព្រាងនោះ ប្រទេសចំនួន១២ បានបោះឆ្នោតគាំទ្រ ខណៈរុស្ស៊ី និងអង់គ្លេសរើសយកអនុបវាទ។ សេចក្តីព្រាងសេចក្តីសម្រេចនេះ ត្រូវបានស្នើដោយប្រេស៊ីល។ ប្រេស៊ីលដែលជាប្រធានផ្លាស់វេនប្រចាំខែតុលានៅក្រុមប្រឹក្សាសន្តិសុខ បារាំង ចិន អេមីរ៉ាតអារ៉ាប់រួម និងសមាជិកផ្សេងទៀត បានបង្ហាញការខកចិត្ត និងសោកស្តាយចំពោះការបោះឆ្នោតរបស់អាម៉េរិក៕