កីឡាអន្តរជាតិ
អន្តរជាតិ
អារ៉ាប៊ីសាអូឌីតចង់រៀប World Cup នារីឆ្នាំ ២០៣៥ ថែមទៀត បន្ទាប់ពី​ World Cup បុរសឆ្នាំ ២០៣៤
22, Oct 2023 , 9:59 am        
រូបភាព
ប្រទេសអារ៉ាប៊ីសាអូឌីត បង្ហាញបំណងចង់ធ្វើម្ចាស់ផ្ទះ FIFA World Cup នារី ឆ្នាំ២០៣៥។ នេះបើតាមសម្តីរបស់ប្រធានបច្ចេកទេសរបស់ក្រុមបាល់ទាត់នារីអារ៉ាប៊ីសាអូឌីត ក្រោយប្រទេសនេះដាក់ដេញថ្លៃរៀប World Cup បុរស ឆ្នាំ២០៣៤។


ប្រទេសស្ថិតនៅក្នុងតំបន់មជ្ឈិបបូព៌ា កាលពីប៉ុន្មានសប្តាហ៍មុនពួកគេបានឈានដល់ជំហ៊ានទីពីរហើយសម្រាប់ការផ្តល់ចំណាប់អារម្មណ៍ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ឆ្នាំ ២០៣៤ ផ្នែកបុរស។
 
«ខ្ញុំជឿជាក់ថាវានឹងក្លាយជារឿងដ៏ភ្លឺស្វាងមួយសម្រាប់អនាគតបាល់ទាត់ស្ត្រី និងនារីនៅក្នុងការប្រកួតនៃប្រទេសអារ៉ាប៊ីសាអូឌីត។»។ លោកស្រី Monika Staab ប្រធានបច្ចេកទេសក្រុមនារីអារ៉ាប៊ីសាអូឌីត បាននិយាយនៅក្នុងសន្និសីទកាសែតក្នុងទីក្រុង Twickenham។
  


អ្នកស្រី Staab ក៏បានអះអាងបន្ថែមដូច្នេះថា ៖ «ខ្ញុំបានប្រាប់ទៅកាន់អ្នកគ្រប់គ្រងកីឡា ដោយយើងត្រូវការពេលវេលាដើម្បីទៅកាន់ការប្រកួត World Cup ខ្ញុំដឹងថាយើងចង់ក្លាយជាម្ចាស់ផ្ទះ World Cup ហេតុអ្វីយើងមិនធ្វើជាម្ចាស់ផ្ទះការប្រកួត Women’s World Cup ក្នុងឆ្នាំ ២០៣៥ តែម្តងទៅ? មកដល់ពេលនេះយើងកំពុងរៀបចំក្រុម ហើយត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតប្រជែងនៅកម្រិតខ្ពស់។»។ 
 
ប្រទេសអារ៉ាប៊ីសាអូឌីតគឺជាប្រទេសមួយដូចទៅនឹងប្រទេសកាតា ដែលធ្លាប់បានរៀបចំធ្វើជាម្ចាស់ផ្ទះ World Cup 2022 ដោយត្រូវបានគេចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្ស ហើយព្រមទាំងការប្រឆាំងនឹងការស្រលាញ់ភេទដូចគ្នា។ យ៉ាងណានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក៏នៅតែត្រូវបានស្ថាប័នសិទ្ធិមនុស្សខាងក្រៅប្រទេសបង្ហាញក្តីបារម្ភអំពីបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសស្ថិតក្នុងមជ្ឈិមបូព៌ាមួយនេះដូចគ្នា។
 
មកដល់បច្ចុប្បន្នប្រទេសអារ៉ាប៊ីសាអូឌីត កំពុងតែដំណើរការចេញថ្លៃធ្វើម្ចាស់ផ្ទះពានរង្វាន់ AFC Women’s Asian Cup 2026 ដោយមានប្រទេសអូស្ត្រាលីក៏បានដេញថ្លៃសម្រាប់ការប្រកួតមួយនេះផងដែរ។ ក្រុមបាល់ទាត់នារីអារ៉ាប៊ីសាអូឌីត ទើបតែបង្កើតឡើងនៅឆ្នាំ ២០២២ ហើយពួកគេមិនទាន់បានចូលលេងប្រកួតប្រជែងក្នុងការប្រកួតអន្តរជាតិណាមួយឡើយ។
បំណងចង់ដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍ Women’s World Cup 2035 ពីសំណាក់អារ៉ាប៊ីសអូឌីត​ នោះប្រទេសនេះនឹងអាចប្រជែងជាមួយនឹងប្រទេសអង់គ្លេសម្រាប់ការប្រជែងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ស្ត្រី៕

Tag:
 World Cup
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com