កីឡាអន្តរជាតិ
អន្តរជាតិ
Messi បញ្ចប់រដូវកាល MLS ជាមួយ Miami ដោយចាញ់ Charlotte
23, Oct 2023 , 2:10 pm        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi បានវិលត្រឡប់មកកាន់ជម្រើស ១១នាក់ដំបូងរបស់ក្រុម Inter Miami ប៉ុន្តែមិនអាចនាំយកជ័យជម្នះសម្រាប់ក្រុម ដោយចាញ់ Charlotte FC ១-០ ក្នុងការប្រកួតចុងក្រោយនៃលីគកីឡាបាល់ទាត់អាម៉េរិក (Major League Soccer) រដូវកាល ២០២៣។ Inter Miami ខកខានប្រកួតវគ្គ playoff ក្រោយបញ្ចប់ចំណាត់ថ្នាក់ទី១៤។


ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់នៅក្នុងកីឡដ្ឋាន Bank of America ប្រមាណ ៦៦,១០១នាក់ ក្រុម Inter Miami ចាញ់ក្រុម Charlotte លទ្ធផល ១-០ បើទោះ​​ប្រធានក្រុម Messi បានលេងពេញ៩០នាទីក្តី។ ក្រុម Miami បានបរាជ័យ ក្នុងការឡើងទៅប្រជែងនៅក្នុងវគ្គ Playoffs ស្របពេល Charlotte ឡើងទៅកាន់វគ្គ Playoffs នៃលីគ MLS ហើយក៏លើកដំបូងសម្រាប់ពួកគេ។
 
ក្រុម Charlotte បានបញ្ចប់ចំណាត់ថ្នាក់លេខ ៩ នៃក្របខណ្ឌ MLS ភាគខាងកើត ដើម្បីទៅប្រជែងនៅវគ្គដណ្តើមកៅអីវគ្គ Playoffs ហើយពួកគេនឹងត្រូវជួបក្រុម New York Red Bulls។
  


ក្រុម Miami នៅតែបញ្ចប់ចំណាត់ថ្នាក់ត្រឹម លេខ១៤ នៃក្របខណ្ឌ MLS ភាគខាងកើតដដែល ដោយមាន ៣៤ពិន្ទុ ពីការប្រកួតចំនួន ៣៤ប្រកួត បើទោះបីជាមានវត្តមានរបស់ Messi, Jordi Alba និង Sergio Busquets តាំងពីខែមិថុនា មកក៏ដោយក្តី។ មុនពេលកីឡាករទាំង៣ បានមកដល់ក្រុមក៏ស្ថិតនៅចំណាត់ថ្នាក់លេខ ១៥ ដែលមិនមានគម្លាតគ្នាខ្លាំង។
 
គ្រូបង្វឹករបស់ក្រុម Inter Miami លោក Gerardo Martino បាននិយាយថា ក្រុមរបស់លោកបានបញ្ចប់រដូវកាល ដោយស្ពាយនូវសម្ពាធដ៏ធ្ងន់ នៃកាលវិភាគប្រកួត។
 
«យើងមានការប្រកួតពានរង្វាន់ចំនួន ៣ ហើយយើងបានឈ្នះ ១រួចមក ក្រុមរបស់យើងមានភាពហត់នឿយខ្លាំង. វាមិនមែនជាលេសនោះទេ ប៉ុន្តែគឺជារឿងដែលពិត។»។ លោក Martino បាននិយាយក្នុងសន្និសីទកាសែតបែបនេះ។
 
Messi វិលត្រឡប់មកបង្ហាញខ្លួនសម្រាប់ក្រុម Inter Miami បន្ទាប់ពីរូបគេ បានបង្ហាញខ្លួនសម្រាប់ក្រុមអាហ្សង់ទីន នៃការប្រកួតប្រជែងពានរង្វាន់ជម្រុះ World Cup 2026 តំបន់ទ្វីបអាមេរិកខាងត្បូង (CONMEBOL) ដោយគេបានបង្ហាញខ្លួនឡើងវិញក្នុងជំនួបឈ្នះ ២-០ លើក្រុមប៉េរូ។ Messi ស៊ុត ២គ្រាប់ក្នុងការប្រកួតនោះ។
 
ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ ម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ នឹងត្រូវបានគេរំពឹងថា នឹងវិលប្រកួតឱ្យក្រុម Miami ឡើងវិញនៅថ្ងៃទី៥ ខែវិច្ឆិកា និងថ្ងៃទី៨ ខែវិច្ឆិកា នៅពេលដែលក្រុម Miami ត្រូវមានការប្រកួតមិត្តភាព នៅក្នុងប្រទេសចិន។ ចំណែកសម្រាប់ក្រុមអាហ្សង់ទីន នឹងត្រូវបន្តប្រកួត World Cup ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែវិច្ឆិកា។
 
នៅក្នុងក្រុម Miami ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន រកបានគ្រាប់បាល់ចំនួន ១១គ្រាប់ ពីការបង្ហាញខ្លួនចំនួន១៤លើក។ ក្នុងចំណោម ១៤ប្រកួតដែលរូបគេមានវត្តមាន​ ក្រុមបានឈ្នះការប្រកួតចំនួន ៨លើក ស្មើ២ និងចាញ់ ៤លើក។ ចំណែកការប្រកួត ៧លើក ដោយគ្មានវត្តមានរបស់ Messi ពួកគេធ្វើបានត្រឹមតែលទ្ធផលឈ្នះ ១ ស្មើ៣ និងចាញ់ ៣៕
 

Tag:
 Lionel Messi
  Major League Soccer
© រក្សាសិទ្ធិដោយ thmeythmey.com