កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ បងប្អូនភ្លោះ Hojlund នឹងប៉ះគ្នាក្នុងជំនួបរវាងក្រុម Man Utd ទល់នឹង Copenhagen
23, Oct 2023 , 4:31 pm        
រូបភាព
កីឡាករ Rasmus Hojlund នឹងត្រូវប៉ះគ្នាជាមួយនឹងបងប្អូនភ្លោះរបស់គេ កីឡាករ Oscar Hojlund នៅក្នុងការប្រកួតរវាងក្រុម Manchester United ទល់នឹងក្រុម Copenhagen ក្នុងវគ្គសន្សំពិន្ទុ UEFA Champions League ពូល A នារាត្រីថ្ងៃទី២៤ ខែតុលា​​ វេលាម៉ោង ២យប់ រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។
ក្រុមបិសាចក្រហមត្រូវការជ័យជម្នះខ្លាំងបំផុតដើម្បីអាចរក្សាក្តីសង្ឃឹមបន្តដំណើរទៅវគ្គខ្វែង UCL នៅជំនួបលើកទី៣នេះ ក្រោយចាញ់ទាំង ២ប្រកួតដំបូង។ ក្រុមដែលមានលោក Erik ten Hag ដឹកនាំត្រូវការបរិយាកាសនៃជ័យជម្នះឡើងវិញ ក្រោយពីបានដឹកនាំក្រុមធ្វើមិនបានល្អនារយៈពេលចុងក្រោយ ទាំងនៅក្នុងពានរង្វាន់ Premier Leaue ក៏ដូចជា Champions League។
 
យ៉ាងណាវត្តមាន Hojlund បានផ្តល់ក្តីសង្ឃឹមយ៉ាងច្រើនសម្រាប់ក្រុម Man United នៅតំបន់ប្រយុទ្ធ បើទោះជារូបគេមិនទាន់អាចនាំជ័យជម្នះល្អគាប់ប្រសើរខ្លាំងដល់ក្រុមក្តី តែគេក៏បានបង្ហាញពីទម្រង់លេងដ៏ពិសេសមួយសម្រាប់ក្រុមនៅក្នុងការប្រកួតទល់ក្រុម Bayern Munich និងក្រុម Galatasaray។ Hojlund ក៏រកបានគ្រាប់បាល់ ៣គ្រាប់នៅ Champions League។
 
Hojlund ផ្លាស់មកកាន់ក្រុម Man United ក្នុងតម្លៃនៃការផ្ទេរ ៧៨លានដុល្លារ ដោយផ្លាស់ពីក្រុម Atalanta កាលពីខែសីហា ហើយក៏ទទួលស្គាល់ និងសាទរពីសំណាក់អ្នកគាំទ្រនៅទឹកដី Old Trafford យ៉ាងខ្លាំង។ Hojlund បានចាកចេញពីក្រុម Copenhagen ដោយផ្ទេរទៅក្លិប Sturm Graz ក្នុងតម្លៃ ២លានដុល្លារ កាលពីដើមឆ្នាំ ២០២២ មុនពេលផ្ទេរទៅ Atalanta ដើមរដូវកាល ២០២២-២៣។
 
​ខ្សែប្រយុទ្ធ Rasmus Hojlund តាមពិតជាមានបងប្អូនចំនួន ៣នាក់ ដោយ ២នាក់សុទ្ធសឹងតែកំពុងប្រកបអាជីពនៅក្នុងក្លិប Copenhagen។ Rasmus Hojlund ជាបងប្រុសធំ ហើយ Emil និង Oscar គឺជាបងប្អូនភ្លោះដែលមានវ័យ ១៨ឆ្នាំ ហើយដែលពួកគេក៏ចង់ដើរតាមជំហ៊ានរបស់បងប្រុសពួកគេនៅក្លិប Man United។ Emil Hojlund ជាកីឡាករស្ថិតនៅក្នុងក្រុមអាយុក្រោម​ ១៩ឆ្នាំ របស់ក្រុម Copenhagen។
 
ខ្សែបម្រើ Oscar Hojlund ដែលជាប្អូនប្រុសរបស់ Rasmus Hojlund ត្រូវបានគេរំពឹងថានឹងមានឈ្មោះនៅក្នុងក្រុម Copenhagen សម្រាប់ការប្រកួតនៅទឹកដី Old Trafford។ ​Oscar Hojlund ធ្លាប់បានបង្ហាញខ្លួនលេងឱ្យក្រុម Copenhagen តទល់នឹងក្រុម Galatasaray របស់តួកគី៕
 

Tag:
 UEFA Champions League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com