កីឡាអន្តរជាតិ
អន្តរជាតិ
ឈ្នះ Fulham តែគ្រូ Spurs មិនពេញចិត្ត​ទម្រង់លេងរបស់កូនក្រុម
24, Oct 2023 , 2:22 pm        
រូបភាព
ក្រុម Tottenham Hotspur យកឈ្នះលើក្រុម Fulham ដោយលទ្ធផល ២-០ នៃជំនួបក្របខណ្ឌ Premier League នាថ្ងៃទី២៣ ខែតុលា ដើម្បីឡើងឈរកំពូលតារាង។ កីឡាករ Heung-Min Son និង James Maddison ស៊ុតម្នាក់ ១គ្រាប់ជួយនាំជ័យជម្នះសម្រាប់ Spurs ប៉ុន្តែអ្នកចាត់ការទូទៅលោក Ange Postecoglou មិនសប្បាយចិត្តចំពោះទម្រង់លេងរបស់កូនក្រុម។


ប្រធានក្រុម Heung-Min Son ស៊ុតគ្រាប់បាល់បញ្ចូលទីមួយគ្រាប់នាទី៣៦ រួមចំណែកក្នុងជ័យជម្នះរបស់ Spurs និងជាគ្រាប់បាល់ទី៧ របស់គេផងដែរនៅក្នុងលីគរដូវកាលនេះ ហើយខ្សែការពារ James Maddison ស៊ុតបាល់ ១គ្រាប់លើកដំបូងនៅនាទី៥៤ សម្រាប់ក្រុម Spurs នៅក្នុងទឹកដី។ ​Spurs ឆ្លងកាត់កាត់ការប្រកួត ៩លើក​ ឈ្នះ ៧លើក និងស្មើ ២លើក។
 
កំពុងក្លាយជាក្រុមដែលមិនទាន់រងបរាជ័យនៅក្នុងក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់លោក Ange Postecoglou ជាគ្រូបង្វឹកថ្មី ដោយរកបាន ២៣ពិន្ទុ ពីការប្រកួតទាំង ៩លើកកន្លងមក។ Spurs ឈរកំពូលតារាងលើក្រុមការពារជើងឯក Manchester City ដែលឈរលេខ ២ ចំនួន ២ពិន្ទុ ស្មើទៅនឹងក្រុម Arsenal។
 
បើទោះជាកូនក្រុមបានយកឈ្នះការប្រកួតក៏ដោយក្តី លោក Postecoglou នៅតែមិនសប្បាយចិត្តចំពោះទម្រង់លេងរបស់ក្រុមទាំងមូលក្នុងការប្រកួត។
 
«វាគឺជាលទ្ធផលដ៏ល្អ ក្រុម Fulham ជាក្រុមដែលខ្លាំង និងពិបាកក្នុងការយកឈ្នះ ប៉ុន្តែយើងអាចយកឈ្នះនៅក្នុងវគ្គទីមួយ។ ខ្ញុំគិតថាជាមួយឱកាសយើងអាចនឹងមានគ្រាប់បាល់លើសពី ២គ្រាប់ ហើយយើងក៏រកបានលើស ៣គ្រាប់ តែនៅវគ្គទី២ យើងប្រែធ្វើមិនបានល្អ យើងលេងមិនដល់កម្រិតដែលបានគ្រោងទុកតាមដែលអាចធ្វើទៅបាន។»។ លោក Postecoglou បាននិយាយប្រាប់ទូរទស្សន៍ Sky Sports បែបនេះ។
 
ជ័យជម្នះក្នុងក្របខណ្ឌ Premier League បានជួយឱ្យអ្នកគាំទ្រ Spurs បំភ្លេចចោលនូវបរាជ័យនៅក្នុងពានរង្វាន់ League Cup ហើយធ្លាក់ចេញពីការប្រកួតដោយចាញ់ការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ កាលពីខែមុនរួចមក ដោយចាញ់ក្រុម Fulham។
 
គ្រូបង្វឹកសញ្ជាតិអូស្រ្តាលី Postecoglou បានមកដឹកនាំ Spurs ហើយបានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ក្រុមស្ថិតក្នុងក្របខណ្ឌ Premier League ពេលនេះ។ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអូស្ត្រាលី និង Celtic កំពុងក្លាយជាគ្រូបង្វឹកថ្មីមួយដែលគេចាប់អារម្មណ៍ខ្លាំងនៅក្នុង Premier League ថែមទៀត៕
 

Tag:
 Tottenham Hotspur
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com