កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Man Utd ត្រូវការឈ្នះលើកដំបូងទល់ Copenhagen ដើម្បីជាទុនទៅវគ្គខ្វែង
24, Oct 2023 , 5:19 pm        
រូបភាព
ការប្រកួតពានរង្វាន់ក្លិបកំពូលតំបន់អឺរ៉ុប UEFA Champions League បានឈានដល់ជុំទីបី ជើងទីមួយនៃវគ្គចែកពូលហើយ នារាត្រីថ្ងៃទី២៤ ខែតុលា។ ជំនួបពូល A ក្រុម Bayern Munich សម្លឹងរកមើលការបន្តជ័យជម្នះក្នុងពូលរបស់ខ្លួន ដោយត្រូវទៅប៉ះជាមួយនឹងក្រុម Galatasaray របស់តួកគី វេលាម៉ោង ១១:៤៥ យប់ មុនពេលជំនួបរវាងក្រុម Manchester United ដែលស្រែកឃ្លានការឈ្នះខ្លាំងក្នុងការបន្តក្តីសង្ឃឹមប្រជែងទៅវគ្គបន្ទាប់ ដោយស្វាគមន៍ Copenhagen វេលាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។


Bayern Munich ជាក្រុមដែលស្ថិតនៅចំណាត់ថ្នាក់កំពូលតារាងពូល A ក្រោយពួកគេឆ្លងកាត់ការប្រកួត ២លើកកន្លងមកឈ្នះទាំងអស់ ហើយជំនួបរាត្រីនេះដោយទៅប៉ះក្រុមចំណាត់ថ្នាក់លេខ ២ ក្នុងពូលជាមួយគ្នា Galatasaray ដែលចាំបើកទ្វារកីឡដ្ឋាន Rem Global។ Bayern Munich មាន៦ពិន្ទុពេញ ឯ Galatasaray មាន៤ពិន្ទុនៅលេខ២បណ្តោះអាសន្ន។
 
ក្រឡែកទៅកាន់ការប្រកួតមួយគូទៀតនៃពូល A ក្រុម Manchester United នឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុមភ្ញៀវមកពីដាណឺម៉ាក Copenhagen នៅវេលាម៉ោង ២យប់ ដែលជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមបិសាចក្រហម។ 
 


ឆ្លងកាត់ ២ប្រកួតកន្លងមកដោយបិសាចក្រហមប៉ះក្រុម Bayern និង Galatasaray សុទ្ធសឹងតែរងបរាជ័យដូចគ្នា ខណៈក្រុមស្ថិតក្នុងប្រទេសអង់គ្លេសមួយនេះនៅតំបន់បាតតារាង។ ចំណែក Copenhagen ស្ថិតនៅលេខ ៣ មាន ១ពិន្ទុក្នុងដៃក៏ជាក្រុមមួយដែលពិបាកក្នុងការយកឈ្នះផងដែរ។ ការប្រកួតរវាងក្រុម Manchester United ទល់នឹងក្រុម Copenhagen ក៏នឹងក្លាយជាជំនួបដែលបងប្អូនភ្លោះរបស់ខ្សែប្រយុទ្ធ Rasmus Hojlund គឺកីឡាករ ​Oscar Hojlund ត្រូវប៉ះគ្នាជាមួយនឹងក្រុមបងប្រុសរបស់គេផងដែរ។ 
 
ក្រឡែកទៅកាន់ជំនួបពូល D ក្រុម Inter Milan ជាក្រុមរងឯកនឹងត្រូវទទួលក្រុម FC Salzburg វេលាម៉ោង ១១:៤៥យប់ ក្នុងកីឡដ្ឋាន San Siro ខណៈក្រុមយក្សអ៊ីតាលីមួយនេះកំពុងប្រជែងដណ្តើមកៅអីវគ្គបន្ទាប់យ៉ាងស្ថិតស្ថាញ។ រីឯក្រុម Real Sociedad ជាក្រុមកំពូលតារាងពូល D នេះនឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Estadio da Luz ដើម្បីតទល់នឹងម្ចាស់ផ្ទះ Benfica ដែលស្រែកឃ្លានការឈ្នះខ្លាំង​ ស្ថិតនៅតំបន់បាតតារាង។
  


សម្រាប់ជំនួបពូល B វិញក្រុម RC Lens របស់លីគកំពូលបារាំង ហើយជាក្រុមកំពូលតារាង នឹងត្រូវស្វាគមន៍ក្រុមខ្លាំងរបស់ហូឡង់ PSV Eindhoven នាកីឡដ្ឋាន Stade Bollaert-Delelis ស្របពេលដែលក្រុមចំណាត់ថ្នាក់លេខ ២ ក្នុងពូល Arsenal ត្រូវតទល់ជាមួយនឹងក្រុម Sevilla ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ៣ វេលាម៉ោង ២យប់ដូចៗគ្នា។
 
ពូល C ការប្រកួតធ្វើឡើងនៅម៉ោង ២យប់ទន្ទឹមគ្នា ក្រុមជើងខ្លាំង Real Madrid ស្ថិតនៅកំពូលតារាងដែលកំពុងមាន ៦ពិន្ទុ ព្រមទាំងសម្លឹងមើលជ័យជម្នះបន្ត ក៏នឹងត្រូវធ្វើដំណើរទៅប៉ះក្រុម SC Braga ដែលជាម្ចាស់ផ្ទះនៅក្នុងកីឡដ្ឋាន Estadio Municapal de Braga ខណៈដែល Union Berlin កំពុងតែត្រដាបត្រដួសនៅតំបន់បាតតារាងនឹងបើកទ្វារកីឡដ្ឋាន ​Olympastadion ត្រូវទទួលក្រុម SSC Napoli ជើងខ្លាំងមួយមកពីអ៊ីតាលី៕

Tag:
 UEFA Champions League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com