កីឡាអន្តរជាតិ
អន្តរជាតិ
បានកៅអី UCL ជួយ AC Milan រកប្រាក់ចំណេញលើកដំបូង ក្រោយខកខាន ១៧ឆ្នាំ
24, Oct 2023 , 6:19 pm        
រូបភាព
ក្រុម AC Milan បានវិលត្រឡប់រកបានប្រាក់ចំណេញលើកដំបូងក្នុងរយៈពេល ១៧ឆ្នាំ នៅក្នុងរដូវកាល ២០២២-២៣ នៅពេលដែលក្រុមពួកគេបានឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិបស្ថិតនៅក្នុងក្របខណ្ឌ Serie A នាថ្ងៃទី២៣ ខែតុលា។


ក្លិប AC Milan បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់ម្ចាស់ដែលជាក្រុមហ៊ុនវិនិយោគអាមេរិក RedBird Capital។ ក្លិបអ៊ីតាលីមួយនេះ ត្រូវបានគេរាយការណ៍ពីប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៤០៤លានអឺរ៉ូ (៤២៩លានដុល្លារ) ដែលចំនួននេះកើនឡើង ៣៦ភាគរយ ដោយភាគច្រើនរកបានពីការលក់ផ្នែកពាណិជ្ជកម្ម និងការឧបត្ថម្ភ។ ប្រាក់ចំណូលបន្ថែមកើតចេញពីការលក់សិទ្ធិទូរទស្សន៍ និងការលក់សំបុត្រកើនឡើងតម្លៃអំឡុងថ្ងៃការប្រកួត។
 
រឿងទាំងនេះបានអនុញ្ញាតឱ្យក្លិបទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៦,១លានអឺរ៉ូ នៅក្នុងឆ្នាំ ២០២៣ រហូតដល់បញ្ចប់រដូវកាលនៅក្នុងខែមិថុនា ឆ្នាំ ២០២៤។ គិតចាប់តាំងពីឆ្នាំ ២០០៦ មកទើបតែឆ្នាំ២០២៣នេះទេ ដែល  AC Milan មានប្រធានក្លិបលោក Paolo Scaroni ទទួលបានប្រាក់ចំណេញ។
 
«វាជារឿងដ៏សំខាន់ ការរួមបញ្ចូលគ្នាទាំងការលេងរបស់កីឡាករក្នុងការប្រកួត និងបុគ្គលិកបានជួយក្លិបរកបានប្រាក់ចំណេញឡើងវិញ​។»។ នេះបើតាមសម្តីរបស់លោក Scaroni។
 
អំឡុងការប្រកួត UCL រដូវកាល ២០២២-២៣ AC Milan ធ្លាក់ចេញពីការប្រកួតដោយចាញ់ក្រោមថ្វីជើងក្រុម Inter Milan នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីខែឧសភា។
 
ចំណែកក្រុមហ៊ុនវិនិយោគ  RedBird Capital បានចូលកាន់កាប់ក្លិប AC Milan ក្នុងឆ្នាំ ២០២២ ដោយក្នុងតម្លៃ ១,២ពាន់លានអឺរ៉ូ (១,៥ពាន់លានដុល្លារ) ហើយក្រុមហ៊ុននេះក៏បានចាយប្រាក់ប្រមាណ ៤៥លានដុល្លារក្នុងការជួយដល់គម្រោងនៃការកសាងកីឡដ្ឋានថ្មី។
 
បច្ចុប្បន្នទាំងក្លិប AC Milan និង Inter ប្រើប្រាស់កីឡដ្ឋាន San Siro រួមគ្នា ប៉ុន្តែក្លិបទាំងពីរកំពុងសម្លឹងមើលការកសាងកីឡដ្ឋានរៀងៗខ្លួន ដោយចាកចេញពីកីឡដ្ឋានដែលបានកសាងតាំងពីឆ្នាំ ១៩២៦ មួយនេះ។ 
 
កាលពីពេលថ្មីនេះទៀតសោត លីគបាល់ទាត់អ៊ីតាលី ក៏បានចុះកិច្ចព្រមព្រៀងក្នុងតម្លៃ ៤,៥ពាន់លានអឺរ៉ូ (៥ពាន់លានដុល្លារ) សម្រាប់ផ្តល់សិទ្ធិទូរទស្សន៍ផ្តាច់មុខទៅឱ្យក្រុមហ៊ុនផ្សព្វផ្សាយកីឡាដ៏ល្បី DAZN និង Sky Sports សម្រាប់ការប្រកួតទាំងអស់ក្នុងប្រទេសអ៊ីតាលីសម្រាប់រដូវកាលក្រោយ ២០២៤-២៥។ សិទ្ធិទូរទស្សន៍នេះនឹងចូលរួមចំណែកផ្តល់ប្រាក់ចំណូលដល់ក្លិបច្រើនបន្ថែមទៀត៕

Tag:
 AC Milan
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com