កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag សរសើរការប្រឹងប្រែង Maguire និង Onana
25, Oct 2023 , 3:59 pm        
រូបភាព
លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United សរសើរការខំប្រឹង និងទម្រង់លេងល្អរបស់ខ្សែការពារ Harry Maguire និងអ្នកចាំទី Andre Onana ដែលជួយនាំយកជ័យជម្នះដំបូងលើក្រុម Copenhagen លទ្ធផល ១-០ នៅវគ្គចែកពូលពានរង្វាន់ UEFA Champions League ក្នុងពូល A នារាត្រីថ្ងៃទី២៤ ខែតុលា។ Maguire និង Onana គឺជាកីឡាករដែលរងការរិះគន់ខ្លាំងបំផុតពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីពួកគេបង្ហាញទម្រង់លេងមិនបានល្អនាការប្រកួតកន្លងមក។


Maguire ជាកីឡាករខ្សែការពារមួយរូបប្រចាំក្រុមដោយចាប់តាំងពីរដូវកាលមុន រហូតមកដល់ដើមរដូវកាលថ្មីនេះ គេតែងតែត្រូវបានអ្នកគាំទ្ររិះគន់ខ្លាំងអំពីទម្រង់លេងដ៏អាក្រក់របស់គេ ហើយតែងតែរបូតឱកាសដល់ក្រុមក្នុងការយកឈ្នះការប្រកួតនានា។ Maguire បានជួយរកគ្រាប់បាល់ ១គ្រាប់សម្រាប់ក្រុមបិសាចក្រហម​តែតបាល់បញ្ចូលទី ១គ្រាប់នៅនាទី៧២ ខណៈដែលអ្នកចាំទី Onana បានជួយសង្គ្រោះបាល់ពិន័យ ១១ម៉ែត្រនៅចុងម៉ោងហៀបនឹងបញ្ចប់ការប្រកួត ជួយឱ្យក្រុមរកបាន ៣ពិន្ទុលើកដំបូងក្នុងវគ្គចែកពូលពានរង្វាន់ UCL រដូវកាលនេះ។
 
អ្នកចាត់សញ្ជាតិហូឡង់ ថាខ្សែការពារ Maguire ដែលធ្លាប់បានបង្ហាញខ្លួនយ៉ាងល្អនៅការប្រកួតក្របខណ្ឌ Premier League យកឈ្នះលើក្រុម Sheffield United លទ្ធផល ២-១ កំពុងតែមានទម្រង់លេងយ៉ាងសកម្មជាមុន សម្រាប់តួនាទីរបស់គេ។



«គេបានបោះជំហានបានយ៉ាងល្អ ក្នុងនាមជាខ្សែការពារជួរមុខ។ Maguire មានទំនុកចិត្តខ្លាំងក្នុងការវាយលុក រូបគេពិតជាធ្វើបានល្អខ្លាំងក្នុងការប្រកួត ក៏ដូចជាគ្រប់គ្រងការប្រកួតលើដៃគូប្រកួតប្រជែង។ ហើយបន្ទាប់មកអ្នកបានឃើញនូវជំនាញដ៏ល្អរបស់គេក្នុងការតែតបាល់យ៉ាងល្អ ពីការប៉ះបាល់ដ៏ល្អពីសំណាក់ខ្សែបម្រើ Christian Eriksen។»។ លោក Ten Hag សរសើរពីការប្រឹងប្រែងកែទម្រង់លេងប្រសើរឡើងវិញរបស់ខ្សែការពារ Maguire ដែលរកបានគ្រាប់បាល់ក្នុងការប្រកួត។
 
អ្នកចាំទី Onana ក៏ជាកីឡាករមួយរូប រងការរិះគន់ខ្លាំងចាប់តាំងពីបានមកដល់ក្រុម Man United ក្រោយផ្ទេរមកពីក្រុម Inter Milan។ អ្នកចាំទីសញ្ជាតិកាមេរ៉ូន តែងតែរបូតគ្រាប់បាល់ជាបន្តបន្ទាប់ ប៉ុន្តែក្នុងជំនួបទល់ Copenhagen រូបគេបានជួយសង្គ្រោះក្តីសង្ឃឹមរបស់ក្រុម ដោយការសង្គ្រោះបាល់ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រពីសំណាក់កីឡាករ Jordan Larsson។
 
លោក Ten Hag បានលើកឡើងអំពីអ្នកចាំទី Onana ដូច្នេះ ៖ « គេបានបង្ហាញពីបុគ្គលិកលក្ខណៈល្អ ហើយគេដឹងថាពីមុនមិនមែនជាកម្រិតដែលរូបគេមាននោះទេ គេមិនអាចរកឃើញនូវជំនាញពិតប្រាកដរបស់គេ ហើយគេក៏អាចធ្វើបានល្អជាងនេះ។ ខ្ញុំគិតថាការប្រកួតកាលពីថ្ងៃទី២១ ទល់ Sheffield គេក៏ធ្វើបានល្អ ហើយថែមទាំងថ្ងៃនេះដែរ។»៕
 

Tag:
 Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com