កីឡាអន្តរជាតិ
អន្តរជាតិ
តុលាការនឹងប្រកាសសាលក្រមចុងក្រោយទាក់ទងនឹងពាន European Super League ក្នុងខែធ្នូ
25, Oct 2023 , 8:59 pm        
រូបភាព
តុលាការយុត្តិធម៍អឺរ៉ុប (ECJ) នឹងផ្តល់សាលក្រមចុងក្រោយទាក់ទងទៅនឹងការបង្កើតលីគបាល់ទាត់ European Super League (ESL) ដោយផ្តាច់ខ្លួនចេញពីការប្រកួតពានរង្វាន់អឺរ៉ុប នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។


ជុំវិញការប្តឹងផ្តល់ទាក់ទងទៅនឹងគម្រោងការបង្កើតពានរង្វាន់លីគផ្តាច់ខ្លួន ESL ធ្លាប់ត្រូវបានបញ្ជាក់ដោយស្ថាប័ន ESL និងក្រុមអ្នកវិនិយោគគាំទ្រគម្រោងមួយនេះ ដោយបានចោទទៅកាន់ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប ( UEFA) និងស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក ( FIFA ) ថាកំពុងតែបំពានច្បាប់ប្រកួតប្រជែងដោយការគំរាមកំហែងដាក់ទណ្ឌកម្មលើក្លិប និងកីឡាករដែលចូលរួមការប្រកួតក្នុងលីគដែលផ្តាច់ខ្លួនមួយនេះ។
 
យ៉ាងណា បើតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងទៅស្ថាប័ន ECJ អះអាងថាច្បាប់ដែលស្ថាប័ន UEFA និង FIFA បង្កើតឡើងគឺសមស្របគ្នាទៅតាមច្បាប់ការប្រកួតប្រជែងក្នុងសហភាពអឺរ៉ុប។
 
លទ្ធផលនៃអង្គជំនុំធំទាំង ១៥ របស់ ECJ មិនទាន់បញ្ចេញលទ្ធផលនៅឡើយទេ ហើយសេចក្តីសម្រេចនៅខែធ្នូ នឹងក្លាយជាការបកស្រាយដែលជាប់ទាក់ទងទៅនឹងច្បាប់សហភាពអឺរ៉ុបផងដែរ។ បន្ទាប់ពីការប្រកាសរួច​ សំណុំរឿងមួយនេះ នឹងត្រូវបញ្ជូនទៅតុលាការពាណិជ្ជកម្មទីក្រុងម៉ាឌ្រីដ ដែលនឹងអនុវត្តចំពោះអង្គហេតុនៃ សំណុំរឿង ESL។
 
ដំបូងឡើយផែនការសម្រាប់ការបង្កើនលីគ ESL បានបណ្តាលឱ្យមានការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងខ្លាំងនៅទូទាំងពិភពបាល់ទាត់ នៅពេលដែលលីគមួយនេះបានប្រកាសជាសាធារណៈកាលពីខែមេសា ឆ្នាំ ២០២១។
 
ការប្រកាសនោះទៀតសោតក៏បានលេចមុខវត្តមានក្រុមធំៗលើពិភពលោកដោយរួមមានក្រុមចំនួន ៦ មកពីក្របខណ្ឌ Premier League ស្ថិតក្នុងគម្រោង មានដូចជាក្រុម Manchester United, Manchester City, Liverpool, Chelsea, Arsenal និង Tottenham Hotspur ជាដើម។ រងការរិះគន់ខ្លាំងពីសំណាក់អ្នកគាំទ្រ រដ្ឋាភិបាល និង ស្ថាប័នបាល់ទាត់តំបន់ ក៏ដូចជាពិភពលោក ក្រុមទាំងនេះសម្រេចដកខ្លួនចេញពីគម្រោងភ្លាមៗ។
 
ក្រុមមកពីអ៊ីតាលីមាន AC Mlilan, Inter Milan, Juventus ខណៈដែលក្រុមផ្សេងទៀតមាន Paris Saint Germain ដែលជាក្រុមបដិសេធដំបូងគេបង្អស់សម្រាប់ការបង្កើតនេះ។
ទោះជាបែបនេះគម្រោងលីគ ESL ក៏មិនបានដំណើរការបានល្អដែរ ហើយដែលគម្រោងទាំងនេះមានក្រុម Real Madrid និង Barcelona ជាអ្នកបង្កើតគំនិតឡើងមក។
 
​ក្រុមដែលបានសម្រេចដកខ្លួនចេញពីគម្រោងក្រោយគេគឺ Juventus ក្រោយពេលដែលក្រុមចំនួន ១២ ចំណោមក្រុមតាំង ១៥ស្ថិតក្នុងគម្រោង បានប្រកាសដកខ្លួនចេញមិនដល់ពេល ៧២ម៉ោងផងនោះ ជាពិសេសក្រុម Atletico Madrid ដែលស្ថិតក្នុងទឹកដីអេស្ប៉ាញដូចទៅនឹង Real ហើយ Barca ក៏ជាបេក្ខភាពប្រកាសដកខ្លួនមុនជាមួយក្រុមដទៃផ្សេងទៀតផងដែរ៕

Tag:
 European Super League
© រក្សាសិទ្ធិដោយ thmeythmey.com