កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ គ្រូ Arsenal ថា Jesus ជាអ្នកផ្លាស់ប្តូរស្ថានភាពក្រុម ដើម្បីឈ្នះ Sevilla
25, Oct 2023 , 4:31 pm        
រូបភាព
លោក Mikel Arteta អ្នកចាត់ក្រុមកាំភ្លើងធំ Arsenal ផ្តល់ការសរសើរទៅលើកីឡាករ Gabriel Jesus បន្ទាប់ពីរូបគេបានរួមចំណែកស៊ុតគ្រាប់បាល់នាំជ័យជម្នះ លើក្រុម Sevilla ២-១ ក្នុងជំនួបវគ្គចែកពូលពានរង្វាន់ UEFA Champions League នារាត្រីថ្ងៃទី២៤ ខែតុលា។


កីឡាករវ័យ ២៦ឆ្នាំ រកបានគ្រាប់បាល់និងបញ្ជូនបាល់ ១គ្រាប់ឱ្យមិត្តរួមក្រុមសញ្ជាតិប្រេស៊ីលដូចគ្នា Gabriel Martinelli ជួយរុញច្រាន Arsenal ឡើងឈរនៅចំណាត់ថ្នាក់កំពូលតារាងពូល B នៃជើងទីមួយវគ្គចែកពូល។
 
Jesus មកដល់ពេលនេះរូបគេរកបាន ២៣គ្រាប់ ពីការបង្ហាញខ្លួន ៤១លើកក្នុងការប្រកួតប្រជែងពានរង្វាន់អឺរ៉ុប ចាប់តាំងពីរូបគេបានលេងឱ្យក្រុម Manchester City រហូតមកដល់បច្ចុប្បន្នកំពុងលេងឱ្យក្រុម Arsenal។ Jesus ចូលរួម Arsenal កាលពីរដូវកាល ២០២២-២៣ ក្រោយចំណាយពេល ៥រដូវកាល នៅក្រុមរហស្សនាមមេឃខៀវ។
 
នៅពេលត្រូវបានអ្នកកាសែតសួរនាំអំពីការស៊ុតគ្រាប់បាល់នាំជ័យជម្នះក្នុងជំនួប UCL ហើយការបន្តកំណត់ត្រារបស់គេ លោក Arteta អ្នកចាត់ការប្រាប់ពីមូលហេតុដែលក្រុមចុះកិច្ចសន្យាយករូបគេមកចូលរួម។ លោក Arteta នឹង Jesus ធ្លាប់បំពេញការងាររួមគ្នាអំឡុងស្ថិតនៅក្លិប Man City ដោយកាលនោះអ្នកចាត់ការសញ្ជាតិអេស្ប៉ាញមានតួនាទីជាជំនួយការរបស់លោក Pep Guardiola ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩។
 
«ពិតណាស់ រូបគេបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើនកាលពីប៉ុន្មានឆ្នាំមុន និងគេនៅក្មេងខ្លាំងកាលនោះ។ រូបគេមានបទពិសោធន៍ដ៏ធំសម្បើម ក៏ដូចទៅនឹងកីឡាករដទៃ ខណៈពេលដែលក្រុមដទៃមិនមានកីឡាករល្អបំផុត ដូចនេះ ពួកគេចាំបាច់ដើម្បីបង្កើតកីឡាករឱ្យដូចរូបគេសព្វថ្ងៃនេះ ហើយខ្ញុំពិតជាសប្បាយចិត្តដែលគេនៅក្នុងក្រុម។  Jesus មកទីនេះព្រោះតែហេតុផល កែប្រែក្រុមរបស់យើង គេបាននាំមកភាពជឿជាក់ កម្លាំងចិត្តដល់ក្រុម។ […]»។ លោក Arteta បាននិយាយក្រោយចប់ការប្រកួតបែបនេះ។
 
ក្រោយចប់ការប្រកួតក្នុងជំនួប ​Champions League ក្រុមកាំភ្លើងធំនឹងត្រូវធ្វើម្ចាស់ផ្ទះស្វាគមន៍ក្រុម Sheffield United ក្នុងជំនួបក្របខណ្ឌ Premier League នៅថ្ងៃទី២៨ ខែតុលា មុនពេលទៅប្រជែងក្នុងពានរង្វាន់ League Cup នៅថ្ងៃទី១ ខែវិច្ឆិកា ទល់នឹងម្ចាស់ផ្ទះ West Ham United ក្នុងជុំទី៤៕

Tag:
 Arsenal
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com